បេឡារុសកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈបេឡារុស​​មានសក្ដានុពលខាងឧស្សហកម្មធុនធ្ងន់

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា បានលើកឡើងថា បេឡារុស កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈដែលបេឡារុសគឺជាប្រទេសដែលមានជំនាញ​លើវិស័យឧស្សាហកម្មធុនធ្ងន់។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា នេះ​ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង​មហា​ផ្ទៃ កាលពីថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម Vladimir Goshin បានបញ្ជាក់ថា ប្រមាណមួយភាគបី​នៃឧស្សាហកម្មធុនធ្ងន់​របស់បេឡារុស​គឺការផលិតរថយន្តធុនធ្ងន់ ដែលបានគ្របដណ្ដប់ទីផ្សារ​ពិភពលោក ហើយ​នេះគឺជាមូលហេតុមួយដែលជំរុញឱ្យឯកឧត្ដមមកបំពេញទស្សន​កិច្ចនៅកម្ពុជា ដើម្បីបានជួប​ជាមួយស្ថាប័នពាក់ព័ន្ធស្វែងរកឱកាសបង្កើនការវិនិយោគនៅ​ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស​ ខេង បានសាទរចំពោះវត្តមាននៃការស្វែង​រក​ឱកាស​វិនិយោគរបស់បេឡារុសនៅកម្ពុជាពេលនេះ។ សម្ដេចក៏បានទទួលស្គាល់នូវ​ភាព​ល្បី​ល្បាញ​ចំពោះ​ឧស្សាហកម្មធុនធ្ងន់បេឡារុស និងគាំទ្រចំពោះការស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតបេឡារុសបានលើកឡើងដែរថា បច្ចុប្បន្ននេះបេឡារុស មាន​រោចក្រ​ផលិត​​រថយន្តធុនធ្ងន់នៅប្រទេសវៀតណាម ដោយផ្ដោតលើទីផ្សារតំបន់អាស៊ាន ហើយឯកឧត្ដមក៏រំពឹងថា​នឹងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងបណ្ដាប្រទេស​នានាផ្សេង​ទៀត​ក្នុងតំបន់នេះ ដូចជា​ប្រទេសកម្ពុជាផងដែរ៕

ដោយ ចាន់ សុធីវង្ស