រដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថា នឹងពង្រឹងចំណេះដឹងដល់អ្នកកាសែតវ័យក្មេងឱ្យ​កាន់​តែ​ស៊ី​ជ​ម្រៅ​

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័​ត៌​មានបានអះអាងថា ក្រសួងនឹងបើកវគ្គ បណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងចំ​ណេះ​ដឹ​​​ងដល់អ្នកកាសែតវ័យក្មេងឱ្យយល់ ដឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការផ្សា​​​យព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តី​កា​រក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍​ថា ក្រសួងព័ត៌មាន នឹងបើ​កវ​គ្គ​ប​ណ្តុះ​​ប​ណ្តា​​​ល​សេ​ដ្ឋ​កិច្ច សង្គមកិច្ច ច្បាប់ព្រហ្មទណ្ឌ ច្បាប់ពាណិជ្ជកម្ម ច្បាប់​សុ​រិ​យោ​ដី​ និ​ង​ច្បា​ប់​ផ្សេ​ង​ៗ​​ទៀត ឬពាក់ព័​ន្ធកិ​ច្ច​ប្រ​ជុំ​ធំៗមួយចំនួនដូចជា កិច្ចប្រជុំកំពូល​អាស៊ាន ឬកិច្ច​ប្រ​ជុំ​អា​ស៊ឹ​ម​ជា​ដើ​មដល់អ្នកសារព័ត៌មានស្រករក្រោយ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «និយាយរួមចង់​ឱ្យមន្ត្រីក្មេ​ងៗរ​ប​ស់​យើ​ង​គា​ត់​យ​ល់ ថ្ងៃ​ក្រោ​​យពេលគាត់ចេញទៅក្រៅគាត់យល់តែម្តង ​គាត់​សរសេរអត្ថប​ទមួ​យ​ៗ​នៅ​ក្នុង​ស្រុ​​ក​គឺ​គា​​ត់​​ដឹងតែម្តងអានេះវាយ៉ាងម៉េចៗ…តែម្តង»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍បន្តថា «ក្រសួងព័ត៌មាន​ចង់​លើក​អ្ន​​កកា​​សែ​ត​ឱ្យ​មា​ន​​កា​រ​យ​ល់ដឹងខ្ពស់ ព្រោះយើងដឹងហើយកាសែតជាវិជ្ជាជីវៈសេរី យើងអ​ត់មា​ន​កំណត់ថា មានសញ្ញាបត្រកម្រិតណាទើបធ្វើអ្នកកាសែតបានទេ ប៉ុន្តែអ្នកកាសែតយើងភា​គ​ច្រើ​នក្នុងចំណោមមួយម៉ឺននាក់ យើងអាចថាអ្នកមាន​ការយល់ដឹងដោយបានកា​រប​ណ្តុះ​ប​ណ្តា​លតែ​មួយពា​ន់ ពីរពា​ន់នាក់ទេ ហើយអ្នកផ្សេងទៀតគាត់គ្រាន់តែចេះថតចេះសរសេរ ចេះតែ​និ​យា​យ​ទៅ ប៉ុន្តែឱ្យយល់ថា យ៉ាងម៉េចគាត់អត់យល់អស់ទេ អីចឹងបើគាត់ចេះទៀត គា​ត់​កា​ន់តែ​មា​ន​តម្លៃសម្រាប់គាត់ ហើយសារព័ត៌មានទាំងអស់គាត់នឹងចំណេញ»។

បើតាមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្ន​នេះក្នុងចំ​ណោម​អ្ន​ក​កា​សែ​តវ័យក្មេងទាំងអស់មានជិតពាក់កណ្តាលបានធ្វើការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវហើយ​៕

ដោយ គង់ ​សិរីរ័ត្ន  (រូបភាព៖ ខឹម សុវណ្ណារ៉ា)