ឯកឧត្តម ខ្លូត ផន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធ ថ្មីនៃរដ្ឋបាលស្រុកព្រៃឈរ

AKP កំពង់ចាម ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម  ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកព្រៃឈរ និងមានការចូលរួម ពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ អាវុធទាំងបី និងអាជ្ញាធរដែនដីទាំងអស់របស់ស្រុក។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការដាក់ ឱ្យដំណើរការរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃ ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈមការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកប្រជាពលរដ្ឋក្នុងការទទួលខុស ត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តម ខ្លូត ផន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាល ស្រុកព្រៃឈរដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធនានា ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលយើងត្រូវរួមការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងត្រូវជំរុញដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព  គោរពច្បាប់ចរាចរណ៍ និងរួមគ្នាទប់ស្កាត់ បង្រ្កាបបទល្មើសផ្សេងៗ ជាពិសេស បទល្មើសគ្រឿងញៀន៕

ដោយ ឆាយ ម៉ុត