ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ណែនាំដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង រាល់បញ្ហាប្រឈមគប្បីបន្តដោះស្រាយជាជំហានៗដោយសន្តិវិធី

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — គណៈកម្មការទី៧ ព្រឹទ្ធសភា បានណែនាំដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង រាល់បញ្ហា ប្រឈមអាជ្ញាធរខេត្តគប្បីបន្តដោះស្រាយជាជំហានៗដោយសន្តិវិធី ដើម្បីធានាការពារ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គមឱ្យបានល្អ។

ការណែនាំនេះធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ម៉ុម ជឹមហ៊ុយ  បានដឹកនាំគណៈ ប្រតិភូគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៃព្រឹទ្ធសភា នៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែកុម្ភ:  ឆ្នាំ២០២០។

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណ:កម្មការទី៧ ព្រឹទ្ធសភា បានណែនាំដល់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវខិតខំប្រឹង ប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យបានល្អ ហើយរាល់បញ្ហាប្រឈម  គប្បីបន្តដោះស្រាយជាជំហានៗ ដោយសន្តិវិធី និងអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ចរបស់ខ្លួន។ ជា មួយនេះត្រូវលើកកម្ពស់ការបណ្តុះបណ្តាលធនធាន មនុស្ស ដែលជាបញ្ហាអាយុជីវិតជាតិ។ ពាក់ព័ន្ធនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” របស់រាជរដ្ឋាភិបាល ខេត្តក៏ត្រូវជំរុញការអនុវត្តឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំ ទូលាយ និងវឌ្ឍនភាពសង្គម។

ក្នុងដំណើរបំពេញបេសកកម្មលើទឹកដីខេត្តកំពង់ឆ្នាំងនេះដែរ បន្ទាប់ពីស្តាប់របាយ ការណ៍អំពីសន្តិសុខ សន្តាប់ធ្នាប់សាធារណ: បញ្ហាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហា ប្រឈមមួយចំនួនគណៈប្រតិភូគណៈកម្មការទី៧ ព្រឹទ្ធសភា ក៏បានអញ្ជើញជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីឈ្វេងយល់អំពីការបណ្តុះបណ្តាលរបស់សាលា ការលំបាក បញ្ហាប្រឈម  និងសំណូមពរនានារបស់សាលាផងដែរ៕

ដោយ ប៉ាល់ សុង