សម្តេចប្រធានរដ្ឋសភាសង្ឃឹមថា អាណត្តិការទូតថ្មីរបស់ប្រទេសគុយបាប្រចាំកម្ពុជា   ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនឹងត្រូវបានបន្តលើកកម្ពស់

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរមកហើយ គឺនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះគម្រប់៦០ឆ្នាំហើយ។ សម្តេចសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីរបស់លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស   ចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការកម្ពុជា- គុយបា នឹងត្រូវបានបន្តលើកកម្ពស់ថែមទៀត។

នៅក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស  (H.E.Mrs. Liurka Rodriguez Barriose) ឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបាប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា សម្តេចប្រធាន រដ្ឋសភា បានបញ្ជាក់ថា ក្នុងរយៈពេល៦០ឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-គុយបា មិនមែនត្រឹម តែជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរ បានធ្វើកិច្ចការជាច្រើនរួមគ្នា។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំង ពីរបន្តថែរក្សា និងលើកកម្ពស់ រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចប្រធានរដ្ឋសភា បន្តទៀតថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយ និងគាំទ្រ នៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជាទើបបានរំដោះចេញពីរបបប្រល័យពូជ សាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាចមួយ ចំនួននាទសវត្សរ៍៨០ មិត្តគុយបាបានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ រហូតធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីក ចម្រើនដល់បច្ចុប្បន្ននេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តទៀតថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបាននាំមកនូវផល ប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅ វិញទៅមកនៅលើឆាកអន្តរជាតិ។ ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី បានស្វាគមន៍ និងអបអរ សាទរចំពោះលោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដែលត្រូវបាន តែងតាំង ជាឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការទូតរបស់លោកជំទាវ ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យការងារ ការទូតរបស់លោកជំទាវប្រចាំកម្ពុជាទទួលបានជោគជ័យ។

លោកជំទាវ លឿការ៉ូទ្រីហ្គេស បារីយ៉ូស ឯកអគ្គរដ្ឋទូត លើកឡើងថា លោកជំទាវ មានកិត្តិយសណាស់ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង។

លោកជំទាវទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋ សភាបានចំណាយពេលវេលាទទួលជួបសវនាការនាឱកាសនេះ។ លោកជំទាវ ក៏បាន អរគុណរដ្ឋសភា ដែលតែងជំរុញលើកកម្ពស់មិត្តភាពកម្ពុជា-គុយបា ឱ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា៕

ដោយ ប៉ាល់  សុង