បទយកការណ៍៖ ការផ្ទេរមុខងារ និងការផ្តល់សេវាទៅថ្នាក់ក្រោមជាតិ ​នឹងជំរុញឱ្យអនុវត្តន៍ និងដំណើរការឱ្យបានគ្រប់ក្រសួង ស្ថាប័នក្នុងឆ្នាំ២០២០នេះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្ដល់សេវាជូនដល់ប្រជាពល​រដ្ឋ​នៅតាមមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរថែមទៀត រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ​បាន​តម្រូវឱ្យក្រសួង ​ស្ថាប័នថ្នាក់ជាតិទាំងអស់ សម្រេចផ្ទេរមុខងារ និងសេវាចាំបាច់មួយចំនួន​ជូនដល់​ថ្នាក់ក្រោមជាតិ ដែលមានឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ដ ដើម្បី​ដាក់​ឱ្យដំណើរការ និងការអនុវត្ដ ចាប់ពីដើមឆ្នាំ២០២០នេះតទៅ។ មន្រ្ដីជាន់ខ្ពស់ក្រសួង​មហាផ្ទៃ​បានអះអាងថា ដើម្បីប្រគល់មុខងារនិងការផ្តល់សេវាទៅថ្នាក់ក្រោមជាតិ អាចដំណើរ​ការ​បា​ន​កាន់ប្រសើរឡើង ​ទា​ម​ទា​រ​ឱ្យរដ្ឋមន្ត្រីនៃក្រសួងនីមួយៗ ប្តេជ្ញាចិត្តចូលរួមឱ្យបានកាន់តែ​ទូលំទូលាយ។

ឯកឧត្ដម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)បានផ្ដល់សម្ភាសន៍ផ្ដាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា គោលបំណងសំខាន់បំផុតនៃការអនុវត្តវិមជ្ឈការនេះគឺការផ្ទេរនូវ​អំណាច និងកា​រ​ទ​ទួ​ល​ខុ​ស​ត្រូវមួយចំនួន ចាប់ពីក្រសួងនានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានឃុំ សង្កាត់ ក្រុង ស្រុក និង​រា​ជ​ធានី ខេត្ត​ សម្រាប់ជំរុញឱ្យមានការជជែក ការពិភាក្សាគ្នា​។ ឯកឧត្ដមបានលើកឡើងថា គោលនយោបាយផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិនេះមិនមែន​ធ្វើតែ​ត្រឹមឆ្នាំ២០២០ ​ហើ​យ​​ឈប់នោះទេគឺធ្វើបន្តជារៀងរហូត និងបន្ដបង្កើនថវិកាបន្ថែម​ដល់ឃុំ សង្កាត់ជាបន្ដបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅមូលដ្ឋាន។ ឯកឧត្ដមបាន​បញ្ជាក់ថា “ចាប់ពីឆ្នាំ២០២០ទៅ ថវិកាឃុំ សង្កាត់នឹងត្រូវបានបង្កើនមានចំនួនស្ទើរ តែចំនួន​ពីរដងបើប្រៀបធៀបឆ្នាំ២០១៩ កាលពីមុន មូលនិធិឃុំ សង្កាត់នឹងត្រូវបានបង្កើនជាប្រចាំ​ជា​រៀងរាល់ឆ្នាំ។ ​ប៉ុ​ន្តែ​​ដំឡើងម្តង១០​ភាគរយៗប៉ុណ្ណោះ តែដោយសារយល់ពីតម្រូវការរបស់​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដោះ​​ស្រា​យ​​នូវតម្រូវការជាអាទិភាពចំពោះមុខ ដែលប្រជាពលរដ្ឋត្រូវ​ការ​ច្រើន”។

ឯកឧត្ដមក៏បានលើកឡើងពីប្រវត្ដិខ្លះៗដោយដំបូងរៀបចំច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់អនុម័តនៅឆ្នាំ២០០០ ហើយឆ្នាំ២​០​០​១​ចា​ប់​ផ្តើម​បោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់លើក​ដំបូងជាការអនុវត្តតាមបែបវិមជ្ឈការដោយជោគ​ជ័​យ​រហូតដល់ឆ្នាំ២០០៨ ចាប់ផ្តើមអនុវត្តន៍​វិមជ្ឈការ​ពីរថ្នាក់ទៀត​គឺក្រុង​ស្រុក ​និងរាជធានី ខេត្តដោ​យ​ផ្អែក​តាមប​ទពិសោធន៍អនុវត្តន៍​វិមជ្ឈការពី​ថ្នាក់ឃុំ សង្កាត់ ក៏ចាប់ផ្តើ​មចងក្រង​ច្បា​ប់​គ្រ​ប់​គ្រ​ង​រ​ដ្ឋ​បាលក្រុង ​ស្រុក រាជធានីខេត្ត ហើយឆ្នាំ២០០៩ ចាប់ផ្តើមបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ ក្រុ​ង ស្រុក និងរាជធានី ខេត្ត​លើកទី១។

តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្ដមរដ្ឋលេខាធិការបានរម្លឹកដែរថា ដោយផ្លាស់​ប្តូរពីប្រព័ន្ធគ្រប់គ្រងដែលយើងធ្លាប់អនុវត្តន៍កន្ល​ងមកជា​ច្រើន​សតវត្សរ៍មកគឺតាមបែបមជ្ឈការ​គឺអ្វីៗនៅថ្នាក់ជាតិទាំងអស់ ពោលគឺថ្នាក់ក្រោម​ជាតិគ្មាន​មុខងារ​អ្វីធ្វើឡើយ។ ជាមួយគ្នានេះ នៅពេលអនុវត្តន៍តាមបែបវិមជ្ឈការ គឺមានឧបសគ្គ​ជាច្រើនដែលពិបាកជំរុញឱ្យគោលនយោ​បាយ​នេះបោះជំហានទៅមុខ។ ឯកឧត្តមបានថ្លែងថា “អីចឹងទៅមានបញ្ហាប្រឈម ជាធម្មតា​ហើ​យ ប​ញ្ហា​ប្រ​ឈម​នេះ ​ខ្ញុំសុំប​ញ្ជា​ក់​ថា​ ​មិនមែន​មាន​តែសម្រាប់កម្ពុជាទេ គ្រប់ប្រទេស​ទាំ​​ង​អ​ស់​ប​ទ​​ពិ​​សោ​ធ​ន៍​អន្តរជាតិ​ធ្លាប់​ឆ្ល​ង​កា​ត់​នូវប្រព័ន្ធ​គ្រប់​គ្រង​បែបមជ្ឈការ​​យូរឆ្នាំ ពេ​លអនុវត្តន៍​វិមជ្ឈ​ការ​តែ​ង​​មា​​ន​ប​​​ញ្ហា​ប្រឈម អី​ចឹ​ង​បា​ន​ក្នុងបណ្តា​ប្រទេសមួយចំនួន គេយល់បញ្ហា​ប្រឈម”។

ឯកឧត្ដមបានអះអាងដែរថា ក្នុងរយៈពេល៧ឆ្នាំនៃការអនុវត្ត​ប្រព័ន្ធវិមជ្ឈការនេះ​គឺមាន​តែ​ក្រសួង៣ ឬ៤ប៉ុណ្ណោះដែលដំណើរការបានល្អ ដូចជា ក្រសួងសង្គមកិច្ចអតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា និងក្រសួងប​រិ​ស្ថា​​​ន​ជា​ដើ​ម​​។  ឯកឧត្ដម ង៉ាន់ ចំរើន បានបន្ថែមថា កាលពីឆ្នាំ​២០១៩ប្រមុខរាជរដ្ឋាភិបាលបានជំរុញឱ្យគ្រប់ក្រសួងទាំងអស់អនុវត្តន៍ឱ្យខាងតែបាននូវការប្រគល់មុខងារ និងការផ្តល់សេវាទៅថ្នាក់ក្រោមជាតិនេះ ដោយបានដាក់ចេញនូវអនុ​ក្រឹត្យ​ស្តីពី​មុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពី​ការប្រគល់​មុ​ខ​ងា​រ​គ្រប់​គ្រង និងការផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តន៍​អនុក្រឹត្យស្តី​ពី​មុខងារ និងរចនាសម្ព័ន្ធ​រដ្ឋ​បាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិ​បាល​​ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត” កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជាប្រធានគណៈកម្មាធិ​ការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានមាន​ប្រសាសន៍ថា នេះជា​ព្រឹត្តិការណ៍ជា​ប្រវត្តិ​សាស្ត្រ​នៃការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រងរដ្ឋបាល​សាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហ​មជ្ឈការ សំដៅ​ធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន​ឱ្យទៅរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​ដែលនៅ​​កៀកជិត​ប្រជា​ពល​រដ្ឋក្នុងការ​ទទួលខុសត្រូវលើ​ការគ្រប់​គ្រង ការចាត់ចែង និងការ​ប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយ​​ប្រសិទ្ធ​ភាព តម្លាភាព គណនេយ្យ​ភាព បរិយាប័ន្ន និងសមធម៌សង្គម។ សម្ដេចក្រឡាហោមបានបន្ដថា ការរៀបចំ និងដាក់ឱ្យ​អនុវត្តន៍​នូវអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុ​ក្រឹត្យស្តីពី​ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្តទាំងនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយរបស់រាជរដ្ឋាភិបាលដែល​កើតចេញពីកិច្ច​សហការរវាង​កម្មវិធីកំណែទម្រង់ស្នូលទាំង៣រួមមាន កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់​ការរដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងជាមន្ត្រីជំនាញនៃក្រសួង ស្ថាប័នតាមវិស័យ​នានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គម​ស៊ីវិល និងផ្នែក​ឯកជន។ សម្ដេចក្រឡាហោមបានបន្ដទៀតថា ផ្អែកតាមបទពិសោធន៍ក្នុង​បណ្តា​​ប្រទេសជា​ច្រើនទាំងនៅក្នុងតំបន់ និងលើពិភពលោក កំណែទម្រង់វិមជ្ឈការត្រូវបាន​ឱ្យតម្លៃថា ជាមធ្យោ​បាយដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់​គ្រង ការចាត់ចែង និងការប្រើ​ប្រាស់​ធនធាន​សាធារណៈ​ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកប​ដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ជាមួយគ្នានេះដែរ ក្នុងពិធីបិទមហាសន្និបាតសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់  កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សម្ដេច​ក្រឡា​ហោម  ស  ខេង  ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក៏បានស្នើឱ្យក្រុម​ប្រឹក្សា​ឃុំ-សង្កាត់  ត្រូវបន្ត​ផ្តោត​​ការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់​ថវិកា  ឆ្នាំ២០២០  ខាងមុខ  ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ សម្ដេច​ក្រឡា​ហោមបានថ្លែងថា “ខ្ញុំសូមអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបន្តផ្តោតការយកចិត្ត​ទុកដាក់​ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកាទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណ​នេយ្យ​ភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច​របស់ខ្លួន”។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ទៀតថា ការធានានិរន្តរភាពការងាររដ្ឋ​បាល និង​​ការ​ផ្តល់​សេវាជូនប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ  ដើម្បី​ធានាបន្តគ្រប់គ្រង ចាត់ចែងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិប្រកបដោ​យ​និរន្តរភាព​តម្លាភាព និងប្រសិទ្ធភាព ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃបានដាក់ចេញនូវ​សេច​ក្តី​ណែនាំ​ស្តីពីការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាសាធារណៈ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការផ្ទេរធនធានបន្ថែមពី ថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ ដែលក្នុងនោះ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនប្រមាណជាង ៧០.០០០​ដុល្លារ ពោលគឺកើនឡើងទ្វេដង។

លោក វង់ វ៉ាន មេឃុំពារាម ស្រុកបាទី ខេត្ដតាកែវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ឱ្យដឹងដឹងថា ការវិភាជន៍ថវិការបស់រាជរដ្ឋាភិបាលដល់ឃុំ ក្នុងឆ្នាំ២០២០​នេះ​គឺ​ផ្ដល់​នូវអត្ថប្រយោជន៍ច្រើនសម្រាប់ឃុំក្នុងការរៀបចំផែនការអភិវឌ្ឍន៍ឃុំ ការកសាងផ្លូវ ប្រឡាយ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងឃុំ ការធ្វើ​ដំណើរបានស្រួ​ល មិន​ចំណាយពេលវេលាយូរ កាត់បន្ថយការចំណាយ​ថវិការបស់បងប្អូនប្រជាពលរដ្ឋ។ លោក​បានបន្ដថា សម្រាប់ឆ្នាំ២០២០នេះ ​ការទទួលបានថវិកាបន្ថែមពីរាជរដ្ឋាភិបាលឃុំ នឹង​យក​ទៅ​កសាងផ្លូវចាក់បេតុងទាំងអស់ នៅក្នុងឃុំ ដែលជាផែនការអភិវឌ្ឍមុនគេ និង​គម្រោង​អាទិភាព​​ទី១ ដើម្បីតភា្ជប់ផ្លូវពីភូមិមួយទៅភូមិមួយទៀត នៅក្នុងឃុំឱ្យមានផ្លូវចាក់បេតុង​ទាំង​អស់។ ក្រៅ​ពីនេះ ឃុំក៏នឹងបន្ដកៀរគររកថវិកាបន្ថែមពីដៃគូអភិវឌ្ឍន៍ សប្បុរសជន និង​អង្គការ​មិន​មែនរដ្ឋាភិបាល ដើម្បីយកមកកសាងរបងសាលារៀន ជួសជួលសាលារៀន សា្ដរ​ប្រឡាយ កសាងអណ្ដូងទឹក និងជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំ ឱ្យបានកាន់តែប្រសើរ​ថែម​ទៀត។ ជាមួយគ្នានេះ ឃុំក៏រៀបចំផែនការអភិវឌ្ឍន៍ប្រព័ន្ធទឹកស្អាត ដើម្បីឱ្យប្រជាពលរដ្ឋ​ប្រើប្រាស់ ការតភ្ជាប់អគ្គិសនី ដែលបច្ចុប្បន្ននេះ ប្រជាជនមានអគ្គិសនីប្រើប្រាស់នៅ​ទូទាំង​ឃុំ​រួចហើយ។

លោកបានបញ្ជាក់ថា “ថវិកាដែលឃុំទទួលបានកាលពីឆ្នាំ២០១៩កន្លងមក គឺមាន​ប្រមាណ​​ជិត៣ម៉ឺនដុល្លារ ដែលជាថវិកាមួយតិចតួចសម្រាប់ឃុំ។ ប៉ុន្ដែសម្រាប់ឆ្នាំ២០២០នេះ ខ្ញុំរំពឹងថា នឹងទទួលបានថវិកាពីរាជរដ្ឋាភិបាលប្រមាណ៧ម៉ឺនដុល្លារអាម៉េរិក ដើម្បីយកមក​អភិវឌ្ឍន៍ឃុំ”។ លោកបានឱ្យដឹងទៀតថា ការទទួលបានថវិកាបន្ថែមដល់ឃុំក្នុងឆ្នាំ២០២០នេះ នឹងជួយបង្កើន​គម្រោង​អភិវឌ្ឍន៍ដល់ឃុំច្រើនទៀត ក្នុង​ការកសាងផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ដ ការស្ដារប្រឡាយ ព្រែក ការជួសជុលសាលារៀនជាដើម ជាពិសេសការស្ដារប្រឡាយ នឹង​ជួយឱ្យប្រជាពលរដ្ឋអាចធ្វើស្រែបានទាំងស្រូវវស្សា និង​ស្រូវប្រាំង ព្រមទាំងលើកកម្ពស់ជីវ​ភាព​រស់​នៅរបស់ពួកគាត់។ ទន្ទឹមនេះ ពេលមានផ្លូវថ្នល់ល្អ ជួយ​សម្រួលដល់ការដឹកកសិផល​របស់ពួកគាត់កាន់តែឆាប់រហ័ស សម្រាប់យកទៅលក់​នៅ​លើ​ទីផ្សារ។ លើសពីនេះទៀត បើមានផ្លូវល្អ ធ្វើឱ្យបងប្អូនកម្មករ កម្មការិនីដែលចេញទៅធ្វើ​ការនៅ​តាមរោងចក្រនៅក្នុងឃុំ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការគ្រោះថ្នាក់​ចរាចរណ៍ថែមទៀត។

លោក វង់ វ៉ាន ក៏បានស្នើដល់រាជរដ្ឋាភិបាលជួយផ្ដល់នូវមណ្ឌលសុខភាពដល់ឃុំ ដោយ​សារតែបច្ចុប្បន្ននេះ ក្នុងឃុំមិនទាន់មានមណ្ឌលសុខភាពនោះទេ ហើយឃុំគួរតែមាន​មណ្ឌល​សុខភាព១សម្រាប់ឃុំ ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋ ពេលមានជំងឺ ឬឈឺស្កាត់ អាចមកព្យាបាល ​ឬទទួលសេវាសុខភាពនៅក្នុងឃុំកាន់តែកៀក និងទាន់ពេលវេលា។

លោកមេឃុំក៏បានអរគុណដល់រាជរដ្ឋាភិបាលដែលបានវិភាជន៍ថវិកាបន្ថែមដល់ឃុំ សង្កាត់​ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២០នេះ គឺមានការកើនឡើងទ្វេដង ហើយឃុំពារាម ក៏បានកសាងផែនការ៣ឆ្នាំរំកិលរួចហើយ ដោយជ្រើសរើសគម្រោងអាទិភាពក្នុងការជ្រើស​រើសយក​ផ្លូវបេតុង ដើម្បីធ្វើការអភិវឌ្ឍចាប់ពីព្រំប្រទល់ឃុំចំបក់ រហូតដល់ឃុំដូង ដែលមាន​ប្រវែងជិត៦,០០០ម៉ែត្រ៕

ដោយ គង់ សិរីរ័ត្ន និង អ៊ុន រិទ្ធី