ឯកឧត្តម ម៉ុម ជឹមហ៊ុយ ដឹកនាំគណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់ពីកការអនុត្តច្បាប់ និងការអភិវឌ្ឍ នៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធ សភា បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្ម សិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ ការអភិវឌ្ឍរីកចម្រើន និងបញ្ហា​ប្រឈមនានា​ទាក់ទងនឹងវិស័យដែលគណៈកម្មការទី៧ទទួលខុសត្រូវ នៅលើទឹកដីខេត្តកំពង់ឆ្នាំង។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានការទទួលស្វាគមន៍យ៉ាង​កក់ក្តៅពី​សំណាក់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញដែលពាក់ព័ន្ធ ក្នុងវិស័យខាងលើ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរជាច្រើននាក់ទៀត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរបស់ខេត្ត ជូនគណៈប្រតិភូ។ ឯកឧត្តមបានបន្តថា កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានខិតខំប្រឹងប្រែងអនុវត្តន៍ការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំ ស្របតាមការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ រដ្ឋបាលខេត្តនៅមាន​កិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍ និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលនៅខ្វះទីស្នាក់ការសម្រាប់ភ្ញៀវទេសចរបែបទំនើបៗ សេវាម្ហូប អាហារ ដែលមានលក្ខណៈស្ដង់ដារ និងវិស័យអប់រំដែលនៅខ្វះខាតសាលារៀន និងគ្រូបង្រៀន ដែលទាមទារឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមដោះស្រាយឱ្យស្របតាមកម្មវិធីនយោបាយ ​និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍរបស់ខេត្ត ឱ្យបានកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលបាន​យកចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងនាពេលនេះ ដើម្បីឈ្វេងយល់អំពីការវិវត្តរីកចម្រើន និងបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងវិស័យអប់រំ យុវ ជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ​ដែលគណៈកម្មការទី៧ នៃព្រឹទ្ធ សភាទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើន​លើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានកោតសរសើរ ដោយបាន​វាយតម្លៃ​ខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តកំពង់ឆ្នាំងមានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។

ឯកឧត្តម​ក៏បានមានប្រសាសន៍ទៀតថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគឺគណៈកម្មការទី៧ មានបំណង​ចង់ឈ្វេងយល់ ស្ដាប់នូវបញ្ហាប្រឈមនានា នៅមូលដ្ឋាន ដើម្បីពិភាក្សា រកដំណោះស្រាយពីបញ្ហាប្រឈមទាំងនោះ ក្នុងន័យបម្រើប្រជាពល រដ្ឋ និងសង្គមឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយ នូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលកើតមានឡើងនៅតាមមូលដ្ឋានក្រុង-ស្រុកទាំងអស់ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋានមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន ៕

ដោយ បៃ ស៊ីថុន