សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ​ឆ្នាំ២០២០ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យលោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស  (Liurka Rodriguez Barriose) ឯកអគ្គរដ្ឋ​ទូតថ្មី ប្រទេសគុយបាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះ លោកជំទាវដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ​សាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានបានបន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ គឺនៅតែប៉ុន្មាន​ខែ​ទៀតប៉ុណ្ណោះគម្រប់៦០ឆ្នាំហើយ ដែលចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេស​ទាំងពីរបន្តថែរក្សា និងលើកកម្ពស់រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចប្រធានរដ្ឋសភា បាន​លើកឡើងថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុម​ព័ទ្ធសេដ្ឋកិច្ចពីប្រទេសមហាអំណាចមួយចំនួននាទសវត្ស៨០ មិត្តគុយបា បានចាប់ផ្តើម​ទំនាក់​ទំនងការទូតឡើងវិញ។

លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស  បានអរគុណរដ្ឋសភា ដែលតែងជំរុញ​លើកកម្ពស់មិត្តភាពកម្ពុជា-គុយបា ឱ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្ត​ភាពរដ្ឋសភា​កម្ពុជា-គុយបា។ លោកជំទាវបានបន្ដថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០​ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែល​ប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា។ លោកជំទាវឯកអគ្គរដ្ឋទូតលើកឡើងថា លោក​ជំទាវមានកិត្តិយសណាស់ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសន្យាថា នឹងខិតខំជំរុញលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឱ្យ​កាន់តែ​រឹងមាំឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជា​ពេញ​ចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបាននាំមកនូវ​ផល​ប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នា​ទៅវិញ​ទៅមកនៅលើឆាកអន្តរជាតិ។ សម្ដេចប្រធានរដ្ឋសភាបានបន្ថែមថា រដ្ឋសភាកម្ពុជាគាំទ្រ​បេសកកម្មការទូតរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការពេញ​លេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវប្រចាំកម្ពុជាទទួលបានជោគជ័យ៕

ដោយ ប៊ុនរិទ្ធ