អូស្រ្តាលី ប្រកាសផ្តល់ថវិកាចំនួន១០លានដុល្លារបន្ថែមទៀតដល់កម្ពុជា សម្រាប់ការបោស​សម្អាតមីន

AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ​ឆ្នាំ២០២០ — ឯកឧត្តម Pablo Chiho Kang  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេស អូស្រ្តាលី​ប្រចាំកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលី បានសម្រេចផ្តល់ថវិកាចំនួន​១០លាន​ដុល្លារអាម៉េរិកបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ដល់កម្ពុជាសម្រាប់ការបោស​សម្អាត​គ្រាប់មីន ដើម្បីធ្វើយ៉ាងណាឱ្យការ​ដោះមីន សម្រេចបានតាមផែនការរបស់រាជរដ្ឋាភិ​បាល​កម្ពុជា។ ការលើកឡើងរបស់ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូតនេះ ក្នុងឱកាសដែលឯកឧត្តម ឧបនាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ​អនុញ្ញាត​ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ​ទីស្តី​ការក្រសួង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម កុយ គួង អ្នកនាំពាក្សក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន​ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងនៅក្រោយជំនួបនេះថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយចំពោះគ្រោះហន្តរាយ ដែលបានកើតឡើងនៅប្រទេស​អូស្រ្ដាលី ក្នុងពេលកន្លងមកនេះ ហើយ​ជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិ​ការកាន់តែរឹង​មាំបន្ថែមទៀត ជាពិសេសលើវិស័យ សាធារណការ និងដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេស​ទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្តើមចេញពីការបង្កើតទំនាក់ទំនង​ការ​ទូតយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពី កម្ពុជា និងអូស្រ្តាលី ជាយូរឆ្នាំមកនេះ បានធ្វើឱ្យកិច្ច​ទំនាក់ទំនង និងសហប្រតិបត្តិការនេះ ឈានដល់កម្រិតមួយ គឺយោគយល់ ជួយគ្នាទៅវិញ​ទៅមកលើគ្រប់វិស័យ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ហើយក៏បានប្តេជ្ញាបន្តពង្រឹងកិច្ច​សហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត Pablo Chiho Kang   ក៏បានបង្ហាញពីទំហំពាណិជ្ជកម្មរបស់​អូស្រ្តាលីមកកម្ពុជា ដែលគិតមកដល់ពេលនេះ បានកើនឡើងរហូតដល់ទៅជិត៦០០លាន​ដុល្លារ​អាម៉េរិក ខណៈពេលប៉ុន្មានឆ្នាំមុននេះ មានមិនដល់៤០លានដុល្លារផងនោះ។ ក្រៅពី​នេះ លំហូរនៃភ្ញៀវទេសចរអូស្រ្តាលីមកកម្ពុជាគឺបានកើន​ប្រមាណជាង២២ម៉ឺននាក់​ក្នុងឆ្នាំ​កន្លងទៅនេះ។ សម្រាប់សិស្ស និស្សិតកម្ពុជាវិញ បានទៅបន្តការសិក្សានៅអូស្រ្តាលី គិតមក​ដល់​ឆ្នាំនេះ មានប្រមាណជាង៣,០០០នាក់ហើយដែរ។

ឯកឧត្តម កុយ គួង បានបន្ថែមថា រាល់ជំនួយរបស់ប្រទេសអូស្រ្តាលីមកកម្ពុជា តែង​តែផ្តល់​កិច្ចសហការដោយធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុង​ជំនួបនេះដែរ ភាគីទាំងពីក៏បានពិភាក្សាទៅលើកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជា នឹង​ធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០នេះ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានលើកឡើងពី​គម្រោងការផ្លាស់ប្តូរក្រុមយុវជនវ័យក្មេង ចម្រុះបក្សនយោបាយ ដើម្បីទៅទស្សនកិច្ចសិក្សា​ពី​ប្រព័ន្ធនយោបាយដឹកនាំរបស់ប្រទេសអូស្រា្តលីផងដែរ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា