ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកបន្ទាយអំពិល 

AKP ឧត្តរមានជ័យ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០–នៅសាលាស្រុកបន្ទាយអំពិល ឧត្តរមានជ័យ មានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីរដ្ឋបាលស្រុកបន្ទាយអំពិល ក្រោមអធិ បតីភាពឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន  អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងស្រុក និង មន្ត្រីក្រោមឱវាទទាំងអស់ប្រមាណ ២២០នាក់ ។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាន៍ថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច ដែលធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បន្តថា ការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ មកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត គឺការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើនជំរុញ និងធ្វើឱ្យមានចីរភាព តាមការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។

ឯកឧត្តមបន្តទៀតថា ដើម្បីធានាឱ្យដំណើរការចាប់ផ្តើមអនុវត្តន៍រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក ដោយរលូនត្រូវយកចិត្តអនុវត្តន៍ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តន៍តាមនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ការចរចា លិខិតស្នាមនិងការរៀបចំទីកន្លែងបំពេញការងារ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ ការផ្តល់សេវាតាមការិយាល័យច្រកចេញ-ចូលតែមួយ ការគាំទ្រដល់រដ្ឋបាលឃុំ- សង្កាត់ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ។ ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការទាំងនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕

ដោយ ទិត ស្រ៊