អាជ្ញាធរជាតិអប្សរានឹងប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរានៅសប្ដាហ៍ក្រោយ

AKP សៀមរាប ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០–លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខប្រាសាទ​អង្គរវត្ត​កាល​ពី​រសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោក ឡុង កុសល បន្តថា នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះរួមមាន ការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង ស្រុកទាំង៥ នៃរមណីយដ្ឋានអង្គរ ។ ដែលទាំងអស់នេះ បាននិងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ មានការប្រែប្រួល និងរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក ឡុង កុសល បានបញ្ជាក់ថា ដើម្បីរម្លឹក ព្រមទាំងផ្សព្វផ្សាយពីស្នាដៃសម្រេចបានក្នុងរយៈពេល២៥ឆ្នាំនេះ ក៏ដូចជាចក្ខុវិស័យការងារនាពេលអនាគត អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដើម្បីបង្ហាញនិងឆ្លើយសំណួរទូទៅ ការតាំងពិព័រណ៍ស្តីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់រយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរានឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ព្រមទាំងសិស្ស និស្សិត ដើម្បីសិក្សាឈ្វេងយល់ពីការងារស្ថាប័នដោយផ្ទាល់ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រារព្ធខួប២៥ឆ្នាំនេះ កាន់តែពោរពេញដោយការចង់ចាំ និងអធឹកអធមបន្ថែមទៀត។ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីសាសនានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដាក់ចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃចំនួន ២២៥អង្គ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៧ៈ៣០នាទីព្រឹកបន្ថែមទៀត។ ក្នុងន័យនេះអាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ និងពិធីសាសនាដូចមានជម្រាបជូនខាងលើ ឱ្យបានច្រើនកុះករ៕

ដោយឃុត សៅ