ជប៉ុនធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ

AKP សៀមរាប ថ្ងៃទី​​​១២ ខែកុម្ភៈ ឆ្នាំ២០២០ — សវនករស្ថាប័នធានាគុណភាពជប៉ុនដែលហៅកាត់ថា JQA (Japan Quality Assurance) បានចុះធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ។ ការចុះធ្វើសវនកម្មផ្ទៃក្រៅនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០​ ហើយការចុះធ្វើសវនកម្មផ្ទៃក្រៅនេះដែរនឹងធ្វើឡើងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចែកជា ២ផ្នែកធំៗ ពោលគឺចុះពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងចុះត្រួតពិនិត្យនៅតាមរណីយដ្ឋានអង្គរដោយផ្ទាល់។

លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ បានមានប្រសាសន៍ថា គោលបំណងនៃសវនកម្ម គឺដើម្បីតាមដានពិនិត្យភាពអនុលោមជាប្រចាំ នៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព៣ឆ្នាំ ស្ដង់ដារ ISO14001: 2015 បន្តពីសវនកម្មឆ្នាំកន្លងទៅ។

លោក ម៉ាម៉ូរុ យ៉ាម៉ាដា បានបន្តឱ្យដឹងថា ចំណុចយកចិត្តទុកដាក់នៅពេលធ្វើសវនកម្មសាថ្មី រួមមាន៖ ទី១-ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានទាំងមូល ឆ្លើយតបនឹងសភាពការ ណ៍ប្រែប្រួលផ្ទៃក្រៅ និងផ្ទៃក្នុង។ ទី២-ភាពទាក់ទងគ្នាជាប្រចាំ ព្រមទាំងលក្ខណៈអាចអនុវត្តន៍បាននៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ឆ្លើយតបនឹងវិសាលភាពនៃវិញ្ញាបនបត្រ។ ទី៣-ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមជាមួយការចាត់ចែងបន្តការកែលម្អ ដើម្បីបង្កើនការសម្តែងបរិស្ថានទាំងមូល។ ទី៤-អំណោយផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រង ទៅលើការសម្រេចគោលនយោ បាយបរិស្ថាន និងគោលដៅបរិស្ថានរបស់ស្ថាប័ន ដើម្បីកែលម្អជាប្រចាំឈរលើការអនុវត្តជាខ្សែសង្វាក់(មានទំនាក់ទំនងជាមួយគ្នា) ការគោរពច្បាប់។ល។ ទី៥-ពិនិត្យបញ្ជាក់អំពីស្ថានភាពកែលម្អជាប្រចាំតាមរយៈការបង្វិលកង PDCA  (Plan, Do, Check, Act)។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានមានបប្រសាសន៍ឱ្យដឹងដែរថា អាជ្ញាធរជាតិអប្សរាបានធ្វើការជាមួយស្ថាប័ន JQA និងបានអនុវត្តន៍ទៅតាមស្តង់ដារ ISO 4001 ដែលចែកចេញជា២ដំណាក់កាល  ពោលគឺដំណាក់កាលទី១ ចាប់ពីឆ្នាំ២០០៦ ដល់២០១៨ ទទួលបានវិញ្ញាបនបត្រចំនួន៤។ ឆ្នាំ២០១៨យើងបាន អនុវត្តន៍នូវស្តង់ដារថ្មី ISO14001: 2015 ហើយតាមស្តងដារថ្មីនេះទទួលបានវិញ្ញាបនបត្រមួយ ។ ដោយឡែកឆ្នាំទី២នេះ ការពិនិត្យលើការអនុវត្តទៅតាមស្តង់ដារថ្មីរបស់យើងដើម្បីឱ្យប្រាកដថា តើយើងអាចអនុវត្តន៍បានទៅតាមស្តង់ដារដែរឬទេ? ការធ្វើសវនកម្មនៅពេលនេះ សង្ឃឹមថា យើងនឹងទទួលបានល្អប្រសើរ ដោយហេតុថាឆ្នាំក្រោយគ្រប់សុពលភាព៣ឆ្នាំ ឈានទៅទទួលបានសុពលភាពថ្មីទៀត។

ដោយឡែកឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានមានប្រសាសន៍នាឱកាសនោះផងដែរថា ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាតែងតែទទួលបានវិញ្ញាបនបត្រ ISO14001 នេះជាមោទនភាពមួយរបស់អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នមួយគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ហើយ ISO14001 គឺជាឧបករណ៍មួយដ៏សំខាន់ក្នុងការរួមចំណែកលើកគុណតម្លៃរមណីយដ្ឋានអង្គរដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការទទួលបានទាំងអស់នេះ ត្រូវបានឯកឧត្តម យិត ចាន់ដារដ្ឋ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ក្នុងការបំពេញកិច្ចការងារ ឆ្លើយតបទៅនឹងលក្ខណៈវិន្និច្ឆ័យរបស់ស្ថាប័ន JQA ៕

ដោយហង្ស សៀក