ធុងចម្រោះទឹកស្អាតចំនួន១០០ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋ នៅសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត

AKP កំពត ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — ធុងចម្រោះទឹកស្អាតចំនួន១០០ធុង ដែលជាជំនួយរបស់សប្បុរសជនប្រទេសសិង្ហបុរី ផ្ដល់តាមរយៈសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ត្រូវបាននាំយកទៅចែកជូនដល់ ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងភូមិតាដឹប សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កាល ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម ម៉ាត់ សេត  និងឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត បាន ថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន ដែលតែងតែ សហការគាំទ្រដល់គោលនយោបាយរបស់គណបក្សប្រជាជន។ ជាមួយគ្នានេះ អ្នកតំណាង រាស្ត្រក៏បានសម្តែងនូវការកោតសរសើរ ចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់ម្ចាស់ ជំនួយរួមនឹងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ដែលបានសហការគ្នានាំយកនូវ ធុងចម្រោះទឹកស្អាតមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដោយបានចាត់ទុកសកម្មភាព ទាំងនេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលតែងតែយក ចិត្តទុកដាក់នូវសុខុមាលភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្តម សោម ចិន បានលើកឡើងថា បច្ចុប្បន្នប្រទេសជាតិ យើងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព ពេញលេញ ដោយបានអនុវត្តន៍នូវនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាល។ ដោយផ្ដើមចេញពីសមិទ្ធផលនៃសន្តិភាពនេះហើយ ដែលជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិហើយ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត ជាអាទិភាពសំខាន់ៗក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពផ្សេងៗ  ដែលក្នុងនោះវិស័យអនាម័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជនបទផងដែរ ដែលត្រូវបានរាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់។

ឯកឧត្តម សោម ចិន ក៏បានចាត់ទុកការនាំនូវសម្ភារៈធុងចម្រោះទឹកស្អាត ដែលជា របស់សប្បុរសជននាពេលនេះគឺជាកាយវិការប្រពៃក្នុងកិច្ចការសង្គម ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ខ្ពស់នូវសុខភាពអនាម័យជនបទក្នុងគោលដៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អំណោយធុងចម្រោះទឹកស្អាតអំណោយសប្បុរសធម៌របស់ប្រទេស សិង្ហបុរីនាពេលនេះគឺជាលើកទី៩ហើយ ដែលមានធុងសារុបចំនួន១៣០០ធុង បានចែកជូន ប្រជាពលរដ្ឋសរុបចំនួន១៣០០គ្រួសារ នៃស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត និងឃុំមួយចំនួនទៀត ក្នុងខេត្តកែបផងដែរ៕

ដោយ ប្រាក់ លាង