សមាគមរោងចក្រកាត់ដេរនៅកម្ពុជាលើកឡើងថា ក្នុងខែនេះ ឬខែក្រោយរោងចក្រខ្លះ​នឹងបិទជា​បណ្តោះអាសន្នដោយខ្វះវត្ថុធាតុដើមមកផលិត

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា(GMAC)បានលើកឡើងថា ក្នុងរយៈពេល​ខែ​នេះ ឬខែក្រោយរោងចក្រមួយចំនួន ​នឹងផ្អាកបិទជាបណ្ដោះអាសន្នដោយខ្វះវត្ថុ​ធាតុដើមពី​ប្រទេសចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមកាត់ដេរនៅកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២០ នេះបានឱ្យដឹងថា បច្ចុប្បន្ននេះវត្ថុធាតុដើមប្រហែលជា៦០ ភាគរយ សម្រាប់បម្រើឱ្យផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់​និងផលិតស្បែកជើង​ត្រូវបាននាំចូលពីប្រទេសចិន។ ជាមួយគ្នានេះ ដោយសារឧបទ្ទវហេតុការរីករាលដាល​នៃវីរុស​កូរ៉ូណាថ្មីនៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្ដល់សេវាជាច្រើនបាន​បិទដំណើរ​ការជាបណ្ដោះអាសន្ន ហើយប្រហែលជារហូតចុងខែនេះ ទើបអាចចាប់ដំណើរការ​ឡើងវិញដែល បញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់ឱ្យរោងចក្រ​នៅ​កម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់រោងចក្រមួយចំនួនវត្ថុធាតុដើមក្នុងស្រុក​សម្រាប់ផលលិតកម្មអាចនឹងអស់នៅត្រឹមដើមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការ​បិទរោងចក្របណ្ដោះអាសន្ននៅប្រទេសចិនអាចនឹងធ្វើឱ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើមនៅចុងខែនេះ និងក្នុងខែមីនាខាងមុខនេះ។ GMACបានបញ្ជាក់បន្ថែមថា “ប្រឈមនឹ​ង​បញ្ហា​នេះ​រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្ដិការផលិតកម្ម​ជាបណ្ដោះអាសន្នដែលអាច មានរយៈពេលមួយខែពេញ ឬពីខែ”។ ការផ្អាកបណ្ដោះអាសន្នរយៈពេលខ្លីយើងអាច​រំពឹងថា​នឹងកើតឡើងក្នុងពេលខ្លីខាងមុខនេះមិនមានអ្វីពាក់ព័ន្ធនឹងដំណើរការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុបមកលើកម្ពុជានោះទេ។ GMACក៏បានលើកឡើងទៀតថា ការសម្រេចជិតណាមួយរបស់សហភាពអឺរ៉ុបនឹងត្រូវចូលជាធរមានក្នុងរយៈពេលមិនតិចជាង ៦ខែខាងមុខនោះទេ។ ដូច្នេះផ្សារភ្ជាប់បញ្ហាការផ្អាកដំណើរការបណ្ដោះអាសន្នរបស់រោង ចក្រមួយចំនួននៅក្នុងប្រទេស ក្នុងខែមីនាដ៏ខ្លីខាងមុខនេះទៅនឹងបញ្ហាEBA មិនមែនជា​ការត្រឹមត្រូវនោះទេ។ ចំពោះនីតិវិធីនៃការផ្អាកបណ្ដោះអាសន្នគ្រប់​គ្រងចាក់ទាំងឡាយនោះ​នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមានដោយមានការចរចាពិភាគ្សានិងព្រមព្រៀងគ្នារវាងកម្មករ និយោជិត និងថ្នាក់គ្រប់គ្រងរោងចក្រក្រោមការត្រួតពិនិត្យ និងការអនុញ្ញាត​ពីអធិការ​ការងារ។

សូមជម្រាបថា ការលើកឡើងរបស់សមាគមកាត់ដេរនៅកម្ពុជានេះ ​បន្ទាប់ពីសម្ដេច​តេជោនាយករដ្ឋមន្ត្រីបានប្រកាសនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បញ្ហាបិទរោងចក្រ​បណ្ដោះអាសន្នមួយចំនួននេះ ដោយសារខ្វះការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន ខណៈដែល​ប្រទេសចិន បានកំពុងតែផ្ទុះជំងឺកូរ៉ូណាថ្មី៕

ដោយ ប៊ុនរិទ្ធ