ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគំនិតផ្ដួចផ្ដើមឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនដើម្បី​ទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស​គាំ​ទ្រ​ចំពោះគំនិតផ្ដួចផ្ដើមឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរិះរកវិធានការឆ្លើយតប ក្នុង​​ការ​ទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលកំពុងគំរាមកំហែង និងសម្លាប់មនុស្សជាបន្ត​បន្ទាប់​នោះ។

ក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់​ផ្លូវជាតិលេខ២​(ពីរង្វង់​មូល​តា​ខ្មៅ ដល់អូរចំបក់) និងផ្លូវជាតិលេខ២២(ពីអូរចំបក់ ដល់អង្គតាសោម) នាព្រឹ​ក​ថ្ងៃ​ទី​ ១១ ខែ​កុម្ភៈ​ ឆ្នាំ២០២០ នៅក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា “ខ្ញុំគាំទ្រ​ណា​ស់ ក្នុងពេល​ខាង​មុខនេះ មានការប្រជុំឡានឆាង-មេគង្គ ថ្នាក់រដ្ឋម​ន្ត្រី​ការបរទេស ហើយ​នឹ​ង​​ឈានទៅប្រជុំ អា​ស៊ា​ន-ចិន នៅឯទីក្រុងវៀងច័ន្ទ ប្រទេស​ឡាវថ្នា​ក់​រដ្ឋ​មន្ត្រីការបរទេស។ ​ខ្ញុំ​នឹងបន្តគាំទ្រ ប្រសិនបើរដ្ឋមន្ត្រីការបរទេស នៃប្រទេសអាស៊ាន និង​ចិន មានគំនិតផ្ដួច​ផ្ដើម​ស្នើឱ្យ​មានការ​ប្រ​ជុំបន្ទាន់ថ្នាក់កំពូលរវាងអាស៊ាន-ចិន ដើម្បីឆ្លើយ​តប​​នៅក្នុងក្របខ័ណ្ឌ​តំ​ប​ន់ លើបញ្ហាវិរុសកូរ៉ូ​ណា​ថ្មីនេះ ខ្ញុំគាំទ្រ។” សម្ដេចតេជោបានបញ្ជាក់ថា ព្រោះពេលនេះ វិធានការ​ដែល​ប្រកាន់យកដោ​យប្រ​ទេ​សខ្លះ សម្រាប់​បញ្ហា​នេះ វាមានផល​ប៉ះ​ពាល់ជាមួយនឹងបញ្ហា​ ដែ​ល​វានាំទៅដល់​ការរើស​អើ​ង​ និងការភ័យខ្លាច ដែ​ល​មិនគួរ​កើត​មាននោះទេ។ សម្ដេចតេជោបន្តថា ក្នុងឋានៈជាស​មា​ជិក​មួ​យ​នៃអង្គការតំបន់របស់អាស៊ាន សម្ដេចគាំទ្រ​ឱ្យ​មានការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ពិភា​ក្សា​​លើបញ្ហាទប់ស្កាត់​ការរីក​រាល​ដាលនៃ​ជំងឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូរ៉ូណាថ្មី។

សម្ដេចតេជោនឹ​ងបន្តគាំទ្រនូវការ​ប្រជុំកំ​ពូ​ល​អា​​ស៊ាន-ចិន លើ​បញ្ហាទាក់ទងនឹងជំងឺនេះ ហើយប្រសិនបើមាន​វេទិកា​អន្តរជាតិដទៃទៀត សម្ដេចក៏​គាំ​ទ្រ​ដើម្បីរកវិធានការឆ្លើយតប។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា សម្រាប់ប្រទេស​ខា​ង​ក្រៅ បច្ចុប្បន្ននេះនិយា​យឱ្យ​ត្រ​ង់​​តែម្ដងទៅ ជំងឺនៅក្រៅប្រទេសចិនរឿង​កូរ៉ូណាគឺ​មា​​ន​តិ​ច​តួ​ចទេ ក៏ប៉ុន្តែរឿងដែលគួរ​ឱ្យ​ភ័​យ​​ខ្លា​​ចជាងកូរ៉ូណា គឺ ការភ័យខ្លាច និងការរើសអើងតែម្ដង។ នេះ​​ជាបញ្ហាធ្ងន់​ធ្ងរ ហើយ​ឈា​​ន​ដ​ល់​ស​ម្លាប់សេដ្ឋកិច្ចខ្លួនឯងតែម្ដង ព្រោះមិនមែនប្រជាជន​ចិ​ន​​១,៤០០​លា​ននាក់ សុទ្ធតែ​កើ​ត​វីរុ​សកូរ៉ូណា ឯណា។ សម្ដេចតេជោថ្លែងថា ចិនក៏ជាមនុស្ស​ដូ​ច​​គ្នា នៅពេលដែលហាម​ពលរដ្ឋ​ចិ​ន​​ចូលមកលេងប្រទេស បិទទិដ្ឋាការប្រជាជនចិន បិទជើង​ហោះ​​ហើរប្រជាជនចិន ហើយពេល​ទេស​ចរណ៍ចិនមកដល់មិនឱ្យដេកសណ្ឋាគារ មិន​ឱ្យ​ចូល​ហា​ង តាក់ស៊ីមិនព្រមដឹក តើប៉ះ​ទង្គិ​ច​​ផ្លូវ​អារម្មណ៍ប៉ុណ្ណាទៅ វាហាក់ដូចជាទទួលនូវ​ការ​ប្រ​មា​ថ​។

សម្ដេចតេជោប​ន្ថែមទៀតថា ប្រទេសមួយចំ​នួនបានធ្វើការគិតគូររួចស្រេចទៅហើយថា នឹង​មានការមានការខាតបង់ចំនួនប៉ុន្មាននៃវិស័យទេសចរណ៍ ដែលបណ្តាលមកពីការធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរចិន និងការបិទជើងយន្តហោះ។ ប្រទេសខ្លះដែលធ្លាប់នាំទំនិញ​ទៅចិន​តាម​យន្ត​ហោះ​ និងកប៉ាល់ ក៏ត្រូវបានព្យាករណ៍ថា ទំនិញទាំងនោះ នឹងមិនត្រូវឱ្យចូល​ទៅប្រទេស​ចិន​ទៀ​តទេ។ វត្ថុធាតុដើមច្រើនណាស់ចេញពីប្រទេសចិន ទៅប្រទេសមួយចំនួន ឥឡូវបានរងផ​ល​ប៉ះ​ពាល់។ សម្ដេចតេជោបានបន្ថែមថា ទាំងនោះគឺជាបញ្ហាដែលពិភព​លោ​កត្រូវតែរកវិធី​ទប់ស្កាត់ ហើយឥឡូ​វ​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូរ៉ូ​ណា​​មិន​មែនជា​បញ្ហា​ដាច់ដោយឡែក​រប​ស់​​ចិនទៀតទេ គឺជា​បញ្ហាតំបន់ និងសកល​ហើ​យ ត្រូវ​រួម​​គ្នាដោះ​ស្រា​យ​បញ្ហាប្រឈមនេះ ហើ​យ​ក៏​មិនត្រូវយក​ពេល​នេះដើម្បីឯកោរចិន ឬ​ស​​ម្លាប់​ចិន​នោះ​ទេ។ សម្ដេចតេជោបានបន្ថែមទៀតថា​ ចិន​ច្បា​​ស់​ជាមានសមត្ថភាព​ដើម្បី​ដោះស្រាយបញ្ហានេះ៕

ដោយ ជឹម ណារី