សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ប្រាប់ដល់កម្មករ កម្មការិនី សូមកុំមានការភិតភ័យ​ចំពោះការផ្តាច់ EBA

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​គូសបញ្ជាក់ប្រាប់ទៅកាន់កម្មករ កម្មការិនីទាំងអស់ សូមកុំមានការភ័យខ្លាច ឬតក់ស្លុត​ចំពោះការផ្តាច់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ មានប្រ​វែ​ងសរុប ៧​២,១៧គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១​ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សូមកូន ក្មួយកម្មករ កម្មការិនី កុំមាន​ការភិត​ភ័យចំពោះការផ្តាច់ការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបឱ្យសោះ ព្រោះថាមិន ប៉ះពាល់​ដល់​កម្ពុជា​នោះទេ។ សម្តេចតេជោបានបញ្ជាក់ថា “សុំ​កុំមានការតក់ស្លត់ឱ្យ​សោះ យើងត្រូវពឹង​ដោយខ្លួនឯង បើគេឱ្យអុកស៊ីសែនជួយ យើងយក ប៉ុន្តែយើងពឹងខ្លួនគឺជាការល្អ”។ សម្តេច​តេជោ​បានលើកឡើងថា ចំពោះការផ្តាច់EBAនេះ ប្រទេសជាសមាជិកសហភាព អឺរ៉ុប​មួយចំនួនក៏មិនត្រូវគ្នាផងដែរ។ ក្នុងចំនួន២៨ប្រទេស គឺមាន២៣ប្រទេស ដែលកម្ពុជាបាននាំ អង្ករចូលទៅ ហើយប្រមាណ៣០ម៉ឺនតោននាំចូល។ ដូច្នេះទាំងមិនបង់ពន្ធ ក៏នាំចូល  បង់ពន្ធ​ក៏នាំចូល។​ សម្តេចតេជោបានបន្ថែមថា ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ​ក៏ជាសង្គ្រាមចិត្ត​សាស្ត្រ​ដែលកំពុងវាយប្រហារមកកម្ពុជា ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រី សូមក្មួយៗកុំកត់ស្លុត ព្រោះថាបើមានរឿងអ្វីនោះរហូតដល់ខែសីហាខាងមុខឯណោះ។

ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងថា “រឿងដែលប៉ះពាល់មុនគេគឺ​រឿងចំពោះរោងចក្រនៅកម្ពុជាគឺជំងឺកូរ៉ូណា នៅប្រទេសចិន ដែលវត្ថុធាតុដើមអាចនឹងផ្គត់​ផ្គង់មិន​ទាន់(ទី១) និង ទី២ គឺបណ្តាសណ្ឋាគារទាំងអស់អាចនឹងទេសចរណ៍ចិន មិនធ្វើ ដំណើរ​មក។ អីញ្ចឹងភោជនីយដ្ឋានលក់មិនដាច់ អីញ្ចឹង សុំកុំឆ្ងល់”។ សម្ដេចតេជោក៏បានកត់​សម្គាល់​ឃើញថា អ្វីដែលសំខាន់នៅពេលនេះគឺត្រូវរកថ្នាំសម្រាប់ព្យាបាលជំងឺ២ប្រភេទនេះ​គឺមួយ​ប្រភេទរកឆ្នាំព្យាបាលជំងឺកូរ៉ូណាថ្មី ដែលអង្គការសុខភាព ពិភពលោក  និងអ្នកឯកទេសចិន ក៏ដូចជាប្រទេសដ៏ទៀតកំពុងស្វែងរក។ ចំពោះប្រភេទថ្នាំទី២ ដែលត្រូវរក ហើយមានភាព​ងាយស្រួលទេគឺថ្នាំព្យាបាលជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋ៕

ដោយ ប៊ុនរិទ្ធ