សម្ដេចតេជោ ហ៊ុន សែន៖ សូមប្រជាពលរដ្ឋកុំមានការភ័យខ្លាចរឿង EBA បើទោះបីគេ​ដកទាំងស្រុង ឬដកផ្នែកខ្លះក៏នឹងចាប់ផ្ដើមរហូតដល់ខែសីហាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបាន​អំពាវនាវដល់ប្រជាពលរដ្ឋ ​សូមកុំមានការភ័យខ្លាច រឿង EBA បើទោះបីគេដកទាំងស្រុង ឬដកផ្នែកខ្លះ ក៏នឹងចាប់ផ្ដើមរហូតដល់ខែសីហា ឆ្នាំ២០២០ខាងមុខ។

ក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់​ផ្លូវជាតិលេខ២​(ពីរង្វង់​មូល​តាខ្មៅ ដល់អូរចំបក់) និងផ្លូវជាតិលេខ២២(ពីអូរចំបក់ ដល់អង្គតាសោម) នាព្រឹ​ក​ថ្ងៃ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពីធីនេះ បានប្រារព្ធធ្វើនៅក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ សម្ដេច​តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមប្រជាពលរដ្ឋកុំមានការភ័យខ្លាចតាម​ពួកអ្នកដើរ​និយាយ​មួយចំនួន ដោយមានការភ័យខ្លាច និងមិនដឹងថា EBA នេះជាអ្វីផង ដែលនាំគ្នាភ័យ​ខ្លាច។ បញ្ហានេះ បើគេចង់ដកជារឿងគេទៅចុះ ទុកឱ្យគេសម្រេចទៅ ដោយសម្ដេចមិន​និយាយទេអារឿង EBA ហ្នឹងទេ។ សម្ដេចតេជោសូមផ្ញើសារជូនដល់ប្រជាពលរដ្ឋកម្ពុជាថា ប្រសិន​​បើនៅប៉ុន្មានអាទិត្យខាងមុខនេះ មានរោងចក្រខ្លះដែលបាននាំវត្ថុធាតុដើមមកពី​ប្រទេសចិនចូលកម្ពុជា នាំមកមិនរួច មិនមែនដោយសារតែកត្ដាកម្ពុជាបិទការនាំចូលនោះទេ គឺដោយសារតែកត្ដាមកពីប្រទេសចិន ធ្វើការផ្គត់ផ្គង់មិនទាន់មាន។ សម្ដេចតេជោបាន​លើក​ឡើងថា សូមកុំចោទថា រឿងនេះ ជាទណ្ឌកម្មសេដ្ឋកិច្ចមកពីគណៈកម្មការអឺរ៉ុប ហើយប្រសិន​បើដក ឬមិនដក ប្រសិនបើមានដកគឺប្រសិទ្ធភាពរបស់វារហូតដល់ខែសីហា ឆ្នាំ២០២០​ខាងមុខ​ទើបចាប់ផ្ដើម។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំអត់មានចាំបាច់ធ្វើសេចក្ដី​ថ្លែងការណ៍​ណាមួយរឿងថា សុំឱ្យគេទុក សុំឱ្យគេដកអីនោះទេ សិទ្ធិនៅលើដៃរបស់គេ ធ្វើអ្វីក៏ធ្វើចុះ សូមអញ្ជើញ”។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា សម្ដេចមិនយកឯករាជ្យ អធិបតេយ្យ​ជាតិរបស់កម្ពុជាទៅដោះដូរជាមួយជំនួយ និងភាពអនុគ្រោះណាទាំងអស់។ សូមប្រជាពល​រដ្ឋ​កម្ពុជា គិតឱ្យបានច្បាស់ពិតប្រាកដថា ពេលនេះកម្ពុជាត្រូវការអីពិតប្រាកដ កម្ពុជាត្រូវការ​សន្ដិភាព មិនឱ្យអ្នកណាមួយមកបំផ្លាញសន្ដិភាពបាននោះទេ​ បើទោះបីជាបង់ថ្លៃប៉ុណ្ណា​ក៏ដោយចុះ កម្ពុជាជាប្រទេសមានសន្ដិភាព មានឯករាជ្យ និងអធិបតេយ្យជាតិពេញលេញ។ សម្ដេចតេជោបានបន្ថែមថា​ “យើងចង់ធ្វើមិត្ដភក្ដិ​និងដៃគូជាមួយប្រទេសទាំងអស់នៅលើ​ពិភព​លោក ប្រសិនបើគេមិនយល់ពីយើង ហើយចង់ចាប់បង្ខំយើងក៏យើងមិនព្រមតាមដែរ។ យើង​ធ្លាប់ភ្លស់រួចហើយនូវសង្គ្រាម និងសោកនាដកម្មរាប់មិនអស់ តែយើងមិនបានស្លាប់ទេ។”

ជាមួយគ្នានេះ សម្ដេចតេជោក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជានៅទូទាំង​ប្រទេស សូមងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងសន្ដិភាពរបស់​កម្ពុជា៕

ដោយ អ៊ុន រិទ្ធី