មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា មន្ត្រីជំនាញនៃក្រសួងបរិស្ថានស្រាវជ្រាវនិងអភិរក្ស​កេសរកូល ឬផ្កាអ័រគីដេ បានចំនួន ១៦០ ប្រភេទ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា បច្ចុប្បន្ននេះ មន្ត្រីជំនាញនៃ ក្រសួងបរិស្ថាន​បាន​ស្រាវជ្រាវ និងអភិរក្សកេសរកូល (ផ្កាអ័រគីដេ) បានចំនួន ១៦០ ប្រភេទ ខណៈប្រភេទ​កេសរកូល​សរុបនៅក្នុងប្រទេសកម្ពុជាត្រូវគេប៉ានស្មានថាមានប្រមាណជាង ៥០០ប្រភេទ។

នេះជាការអះអាងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងវេទិកា​កេសរកូលលើកទី១ នៅកម្ពុជា និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង​អគ្គ​លេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ​នៃទីក្រុងប៉ារីស​ប្រទេសបារាំងក៏ត្រូវបានធ្វើឡើងដែរដើម្បីសហការរៀបចំបង្កើតមជ្ឈមណ្ឌល​ស្រាវជ្រាវនិង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។ នេះបើយោងតាមក្រសួងបរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា វេទិកានេះគឺជាឱកាសសម្រាប់យើងឈ្វេង​យល់និងដកពិសោធន៍លើការងារទៅវិញទៅមក លើការងារអភិរក្សធនធានពន្ធុ (Plant Genetic)​ ក៏ដូចជាវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលជាការបោះជំហានថ្មីថែម​មួយ​កម្រិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង បន្ថែមពីលើក្របខ័ណ្ឌ​នៃកិច្ច​សហ​ប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនទៀត។

ឯកឧត្តមបានគូស​បញ្ជាក់ថា មជ្ឈមណ្ឌលនេះ​ នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនជាអាទិ៍៖ រក្សា និងស្ដារ​ពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រានិងធ្វើសារពើភ័ណ្ឌ ជា​ កន្លែងសម្រាប់អ្នកសិក្សាស្រាវជ្រាវអនុវត្តន៍ដោយផ្ទាល់ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យា​សាស្រ្ត ពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ ភ្ជាប់ទំនាក់ទំនងមនុស្ស និងធម្មជាតិ ជាគោល ដៅទេសចរណ៍ធម្មជាតិថ្មី បង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ទទួល​ចំណេះដឹង ជំនាញ និងបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្តរជាតិ កៀរគរថវិកា សម្ភារ និងបច្ចេក​ទេស​ក្នុងការគ្រប់គ្រងធនធាន។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា “យើងមាន​បំណងប្រែ​ក្លាយមជ្ឈមណ្ឌលនេះឱ្យក្លាយទៅជាផលិតផលទេសចរណ៍ថ្មីបែបធម្មជាតិ បន្ថែម​លើ​​ផលិតផលទេសចរណ៍ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៅក្នុងរមណីយដ្ឋានអង្គរ នៅខេត្ត​សៀមរាប។ វាក៏​នឹងរួមចំណែកកាត់បន្ថយការពឹងផ្អែករបស់សហគមន៍មូលដ្ឋានដែល​កំពុង​រស់​នៅជុំវិញតំបន់នេះពីការកាប់ឈើ និងការទាញយកធនធានធម្មជាតិ ជីវៈចម្រុះ មកជាអ្នក​រៀបចំ​សេវា​កម្ម​ទេសចរណ៍ និងផលិតផលិតផលទេសចរណ៍នៅពេលដែលមជ្ឈមណ្ឌល​នេះត្រូវបាន​អភិវឌ្ឍន៍​ពេញលេញ និងគ្រប់​ជ្រុងជ្រោយស្របតាមផែនការមេ។”

ឯកឧត្ដមបានបន្ថែមទៀតថា មជ្ឈមណ្ឌលនេះនឹងជួយពង្រឹងតួនាទីនិងការទទួល​ខុស​ត្រូវរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមចំណែកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​ធន​ធាន​ធម្មជាតិ​ដោយនិរន្តរភាព​ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន ការ​បណ្តុះ នូវជំនាញវិជ្ជាជីវៈ និងជំរុញការរស់នៅដោយចីរភាព ដោយធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច តាមសហមគមន៍មូលដ្ឋាននីមួយៗ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចបង្កើត​មជ្ឈ​មណ្ឌល​ស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ពស់​ការសិក្សាស្រាវជ្រាវ​ អភិរក្សកេសរកូល អប់រំផ្សព្វផ្សាយពីតម្លៃនៃ​កេសរកូល និងទាក់ទាញ​ភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត ក៏ដូចជាសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់​ការ​ពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

ក្រៅពីនេះ ដើម្បីជំរុញការអភិវឌ្ឍនិងប្រតិបត្តិការនៃមជ្ឈមណ្ឌល​ស្រាវជ្រាវនិង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ឱ្យបានកាន់តែល្អប្រសើរក្នុងដំណាក់ថ្មីនេះ ក្នុងនាមក្រសួង​បរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជាពិសេសនាយកដ្ឋាន​អភិរក្ស​ជីវៈចម្រុះ បន្ត​រៀបចំ​ផែនការមេ និងផែនការគ្រប់​គ្រង​សារមន្ទីរប្រវត្តិសាស្រ្ត​ធម្មជាតិ​ភ្នំពេញ ព្រមទាំង​ពន្លឿន​ការអភិវឌ្ឍ «មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន»។ លើសពីនេះទៀត ឯកឧត្ដមរដ្ឋលេខាធិការក៏បានបន្តឱ្យរៀបចំបង្កើត​តិណា​ល័យធម្មជាតិ និងគួរខិតខំកៀរគរការចូលរួមសហការពីដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុង​ដំណើរប្រតិបត្តិការនៃមជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ដើម្បី​ធានាបាននូវប្រសិទ្ធភាពនិងនិរន្តរភាព នៃមជ្ឈមណ្ឌល​ដ៏មានសារៈសំខាន់នេះ៕

ដោយ រិទ្ធី