បុរសជនជាតិចិន ដែលមានជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — នៅព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ចាង ជិនហូ ជនជាតិចិន មកពីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ ពិសេសក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានយកចិត្តទុកដាក់ពិនិត្យ ព្យាបាល និងថែទាំសុខភាពរបស់លោកបានជាសះស្បើយ។

ដោយឡែកកូនស្រីលោក ចាង ជិនហូ ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយពិនិត្យព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់ឪពុកនាងរហូតបានជាសះស្បើយ និងអគុណសណ្ឋាគារ Queenco ផ្តល់អាហារ និងកាស្នាក់នៅ សម្រាប់ក្រុមគ្រួសាររបស់នាងបានល្អផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ជនជាតិចិនដែលមានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) បានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យ បន្ទាប់ពីការធ្វើតេស្តជាលើកទី៣ បង្ហាញនូវលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងបានចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ រីឯក្រុមគ្រួសាររបស់គាត់ ០៣នាក់ទៀត ក៏ត្រូវបានរួចផុតពី ការសង្កេតសុភាពផងដែរ ពួកគាត់ជួបជុំគ្នាវិញជាធម្មតា  ព្រមទាំងធ្វើការណែនាំឱ្យមាន ការប្រុងប្រយ័ត្នការពារខ្លួនដោយគិតគូរថែទាំសុខភាព សំខាន់បំផុតត្រូវអនាម័យដៃ លាងសាប៊ូ ឬទឹកស្អាត ក្នុងនោះចំណីអាហារត្រូវតែឆ្អិនល្អ ប្រសិនបើបងប្អូនណា មានជំងឺផ្តាសសាយត្រូវពាក់ម៉ាស់កុំឱ្យឆ្លងមកក្រុមគ្រួសារ។ ក្រៅពីវីរុស កូរ៉ូណា ក៏នៅមានមេរោគផ្សេងៗទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រក្រសួងសុខាភិបាល ក៏បានសំណូមពរកុំឱ្យមានការរើសអើង អ្នកជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី(2019-nCoV) ប្រសិនបើយើងមានសុខភាពមិនល្អ យើងមកទទួលសេវាពីមន្ទីរពេទ្យរដ្ឋនៅតាមរាជធានី ខេត្ត ចៀសវាងទៅពេទ្យឯកជន ដែលមិនមានការអប់រំបានល្អអំពីការឆ្លងវីរុសកូរ៉ូណាថ្មីនេះ។ ក្រសួងសុខាភិបាលបាន ធ្វើការបណ្តុះបណ្តាលអ្នកឆ្លើយតបបន្ទាន់មានជាង២.០០០នាក់។ ម្យ៉ាងទៀតការទៅ រកសេវាខុសធ្វើឱ្យខាតបង់ពេលវេលា និងថវិកា ដូច្នេះយើងទៅមន្ទីរពេទ្យសូវៀត ឬពេទ្យរាជធានី ខេត្ត ដើម្បីគេយកសំណាកទៅពិនិត្យនូវវិទ្យាស្ថានប៉ាស្ទ័រ។ ថ្វីត្បិតតែប្រព័ន្ធ សុខាភិបាលយើងមិនមានលុយច្រើនដូចប្រទេសគេជឿនលឿន ក៏ប៉ុន្តែយើងមានបុគ្គលិក ធ្វើការងារបានល្អ យើងក៏មានសម្ភារ:បរិក្ខារសមស្របអាចធ្វើការងារនេះ ព្រោះគ្រូពេទ្យ យើងមានជំនាញ និងបទពិសោធន៍ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ។

សូមរម្លឹកថា ជនបរទេសជនជាតិចិនដែលមានវីរុសកូរ៉ូណាថ្មី(2019-nCoV) បានចូល មកខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ និងត្រូវបានរកឃើញមានវីរុសកូរ៉ូណាថ្មី(2019-nCoV) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងបានជម្លៀសគាត់មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យា បាលបានជាសះស្បើយ និងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យជួបជុំជាមួយក្រុមគ្រួសារគាត់ វិញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

ដោយ ងូ សុមុនី