រដ្ឋ​លេខាធិ​ការដ្ឋាន​អាកាសចរណ៍ស៊ីវិលស្នើសុំសហគមន៍អឺរ៉ុប ជួយ​បណ្តុះបណ្តាល​ធន​ធានមនុស្ស និងជំនាញនាំផ្លូវហោះហើរដល់មន្រ្ដីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋ​លេខាធិ​ការដ្ឋាន​អាកាសចរណ៍ស៊ីវិលបានស្នើសុំដល់គណៈកម្មាធិការដឹកជញ្ជូនសហ​គម៍​អឺរ៉ុបរៀបចំ​កិច្ចសហ​ប្រតិបត្តិការទ្វេភាគី លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបណ្តុះ​បណ្តាល​លើជំនាញ​អធិការលទ្ធ​ភាពហោះហើរ និងជំនាញនាំផ្លូវហោះហើរដល់មន្រ្ដីកម្ពុជា។ នេះបើ​យោងតាមរដ្ឋ​លេខាធិ​ការដ្ឋាន​អាកាសចរណ៍ស៊ីវិល។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋ​លេខាធិ​ការដ្ឋាន​អាកាសចរណ៍ស៊ីវិលនេះ ក្នុងឱកាសអនុញ្ញាតិឱ្យគណៈប្រតិភូគណៈកម្មាធិការដឹកជញ្ជូនសហ​គមន៍​អឺរ៉ុប (Mobility and Transport of European Commission )ដឹកនាំដោយ ឯកឧត្ដម Henrik Hololei អគ្គនាយក​គណៈកម្មាធិការដឹកជញ្ជូនសហ​គមន៍​អឺរ៉ុប ជួបសម្ដែងការគួរសម ប្រជុំ និង​ពិភាក្សាការងារ​នៅព្រឹកថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅប្រទេសសិង្ហបុរី។

ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិ​ការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងអំណរគុណចំពោះគណៈប្រតិភូគណៈកម្មាធិ​ការ​ដឹក​ជញ្ជូនសហគម៍អឺរ៉ុប (Mobility and Transport of European Commission) ដែលបាន​ជួប​ប្រជុំពិភាក្សាគ្នាជាមួយអាកាសចរណ៍ស៊ីវិល។ ឯកឧត្ដមបណ្ឌិតបានលើកឡើងពីគោល​បំណង​នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប និងប្រទេស​កម្ពុជា​ក្នុងវិស័យសុវត្ថិភាពអាកាសចរណ៍ស៊ីវីល។ កិច្ចប្រជុំនេះក៏បានផ្លាស់ប្តូរទស្សនៈ​អំពី​ទិដ្ឋភាព ការ​ពង្រឹង សុវត្ថិភាព និងសន្តិសុខអាកាសចរណ៍នៅកម្ពុជាជាពិសេស ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​វឌ្ឍនភាពនៃដំណើរការចរចា កិច្ចព្រមព្រៀងទូលំទូលាយ ដឹកជញ្ជូនផ្លូវអាកាស រវាង​សហ​គមន៍អឺរ៉ុប-អាស៊ាន។

ឯកឧត្ដម Henrik Hololei អគ្គនាយកគណៈកម្មាធិការដឹកជញ្ជូនសហ​គមន៍អឺរ៉ុប​បាន​វាយ​តម្លៃ​ខ្ពស់អំពីការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងការធ្វើឱ្យប្រសើរនូវសុវត្ថិភាព​នៃវិស័យ​អាកាសចរណ៍​ស៊ីវិល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមបានសម្ដែង​នូវ​ការ​អរគុណចំពោះប្រទេសកម្ពុជា សម្រាប់តួ​នាទី និងគាំទ្រ ក្នុង​អំឡុងពេល​ដំណើរការចរចា​កិច្ចព្រមព្រៀងទូលំទូលាយ ដឹកជញ្ជូនផ្លូវអាកាស រវាងសហ​គមន៍អឺរ៉ុប-អាស៊ាន ដោយ​វឌ្ឍន​ភាពល្អប្រសើរ មកដល់បច្ចប្បន្ន៕

ដោយ ឡុង ស៊ីវ៉ាន់