គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា-ថៃ ​បើកកិច្ចប្រជុំលើកទី១៥ នៅទីក្រុងបាងកក ប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០  — កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែន​​ទូទៅ​កម្ពុជា-ថៃ(GBC)​លើក​ទី​១៥ ​ត្រូវ​បាន ប្រារព្ធធ្វើនៅទីក្រុង​បាងកក​ ចាប់ពី​ថ្ងៃទី០៤​ ដល់​ថ្ងៃ​ទី០៦ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ ដែលកិច្ចប្រជុំនេះ​បានប្រព្រឹត្តទៅក្រោម​អធិប​តី​ភាព ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ភិរ៉ូត វិល័យឡាក់ នាយក​ទីចាត់​ការ​ការ​ងារ​ព្រំដែន​កងទ័ពភូមិន្ទ​ថៃ​ និង​ជា​ប្រធាន​ក្រុមលេខា​ធិការ​ដ្ឋាន​ នៃ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា-ថៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខា​ធិការ​​ប្រចាំការ​ ក្រសួង​ការ​ពា​រជាតិ​ និង​ជា​សហប្រធាន​ក្រុម​លេខា​ធិការដ្ឋាន​ នៃគណៈ​កម្មា​ធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា​-​ថៃ​។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុម​លេខាធិ ការគណៈកម្មា​ធិការ​ព្រំដែន​​ទូទៅ​ កម្ពុជា-ថៃ ជី ប៊ី ស៊ី (GBC)​ លើកទី១៥នេះ បាន​ប្រព្រឹត្ត ទៅដោយឈរលើស្មារតីនៃការអនុវត្តលទ្ធផល​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​ កម្ពុជា-ថៃ ​ជី ប៊ី ស៊ី (GBC)​ ក្នុង​ពេល​កន្លង​មក​ ក្នុង​គោល​បំណង​រក្សា​សន្តិភាព ​ស្ថិរភាព​ សម្ព័ន្ធ​មេត្រី​ភាព​ និង​កិច្ច​សហការ​ទំនាក់​ទំនង​តាម​បណ្តោយ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​បានល្អប្រសើរ ព្រមទាំង បានខិតខំជំរុញការអនុវត្តការងារ ជី ប៊ី ស៊ី (GBC)​ ឱ្យកាន់​តែប្រពៃ​ឡើង​ថែម​ទៀត​។​ កិច្ច​ប្រជុំ​ក្រុម​លេខាធិការ​គណៈ​កម្មាធិការ​ ព្រំ​ដែន​​ទូទៅ​កម្ពុជា​-​ថៃ​ លើក​ទី​១៥ ​បាន​ប្រព្រឹត្ត​ទៅ​តាម​របៀប​វារៈ​របស់​ខ្លួន ​ដោយបាន​ធ្វើការពិភាក្សា​លើ​បញ្ហា​សន្តិសុខ​ និង​ថែ​រក្សា​សន្តិភាព​ សណ្តាប់​ធ្នាប់​តាម​តំបន់​ព្រំ​ដែន​ រួម​មាន​៖​ ច្រក​ព្រំ​ដែន​ និង​ការ​ឆ្លងកាត់ព្រំដែន កិច្ចសហការលើ វិស័យ​ពលករ កិច្ចសហការបង្ការ និង ​បង្ក្រា​បការ​ជួញ​ដូរ​គ្រឿង​ញៀន ​កិច្ច​សហការ​ការ​បង្ក្រាប​បទល្មើសឧក្រិដ្ឋកម្ម តំបន់ក្នុងតំបន់ព្រំដែន ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ កិច្ចសហការ​លើការដោះមីន ការពង្រឹងសន្តិសុខលើផ្ទៃសមុទ្រ និង​កិច្ច​សហការរវាងកងទ័ពកម្ពុជា នគរបាល ជាមួយសន្តិសុខថៃក្នុងតំបន់ព្រំដែន។ កិច្ចប្រជុំក៏បានធ្វើការពិភាក្សាលើវិស័យ ផ្សេងៗទៀត រួមមាន៖ កិច្ចសហការលើវិស័យពាណិជ្ជកម្ម ព្រំដែន កសិកម្ម សុខភាព​សាធារណៈ ទេសចរណ៍ ថែ​រក្សា​បរិស្ថាន​ ការអភិវឌ្ឍជាភាពរស់នៅ​ការអប់រំ ​សាសនា ​វប្បធម៌ និង​កិច្ចសហការខណ្ឌសីមាព្រំដែនគោក។ បន្ទាប់ពីបានដំណើរការកិច្ចប្រជុំអស់រយៈ ពេលពីរ ថ្ងៃរួចមក កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការ ព្រំដែន​​ទូទៅ​ កម្ពុជា-ថៃ លើកទី១៥ ត្រូវ​បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី០​​៥ ​ខែ​កុម្ហៈ​ ឆ្នាំ២០២០ ដែល​នៅ​ក្នុង​សន្ទរកថា​បិទ​កិច្ច​ប្រជុំ​សហប្រធានទាំងពីរ បានវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំក្រុមលេខាធិការ គណៈកម្មាធិការ ព្រំ​ដែន​​ទូ​ទៅ​ កម្ពុជា-ថៃ លើកទី១៥ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព ភាតរភាព និង​ការយោគ​យល់​គ្នា​ ក្នុងភាព​ជា​ដៃគូ ការងារ​ដែលបានវិវត្តន៍ទៅប្រកបដោយវិជ្ជមាន នាំមកនូវ​ការរឹតចំណងមិត្តភាព រវាង​ប្រទេសទាំង​ពី​រ កង​ទ័ព​ទាំ​ងពីរ​ ក្នុង​ការ​សម្រេច​បាន​នូវ​ពង្រាងខ្លឹម​សារលើ​ឯក​សារ​សំខាន់ៗ​ សម្រាប់ដាក់ជូនកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៦ នាពេលខាងមុខ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ នាង ផាត ក៏បានសម្ដែងនូវជំនឿជឿជាក់ថា លទ្ធផល​នៃ​កិច្ច​ប្រជុំលេខាធិការដ្ឋាន ជី ប៊ី ស៊ី (GBC)​ កម្ពុជា-ថៃលើកទី១៥ នេះពិតជាបានរួមចំណែកដល់​ការ​ថែរក្សាព្រំ​ដែនសន្តិភាព សន្តិសុខ និង​ស្ថិរភាព ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការល្អរវាង​កង​ទ័ព​ នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងមួយកម្រិត​ថែម​ទៀត៕

ដោយ សំ សាម៉ន