មន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជានៅខ្វះមន្រ្តី​ជំនាញជាច្រើន​ផ្នែកគ្រប់គ្រង​ស្តង់ដារ

AKP សៀមរាប ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ថ្លែង​នៅ​ក្នុង​ពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញ​ ផ្នែកប្រព័ន្ធគ្រប់គ្រងស្តង់ដារ គុណភាព នៅខេត្តសៀមរាប​ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ចាន់ សូផា អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួង​ឧស្សហកម្ម និងសប្បិកម្ម បានមាន​ប្រ​សាសន៍ថា បច្ចុប្បន្ន ការ​ធ្វើ​ពាណិជ្ជកម្មទាំង​នៅ​ក្នុង​ស្រុក និង​នៅ​លើ​ឆាក​អន្តរជាតិ​ គេទាមទាឱ្យផលិតផលទាំង​នោះមាន​ការគ្រប់គ្រងគុណភាពមួយដ៍ត្រឹមត្រូវ​ ដែលមាន​ការវាយតម្លៃពីមន្រ្តី​ជំនាញ​​ផ្នែកប្រព័ន្ធគ្រប់គ្រងស្តង់ដារគុណភាព។

បច្ចុប្បន្ន មាន​ក្រុ​មហ៊ុនមួយចំនួននាំចេញ​ទៅ​ដោយ​មិន​ទាន់​មាន​លក្ខណៈគ្រប់គ្រាន់ នោះទេ។ ដោយសារតែប្រព័ន្ធគ្រប់គ្រងស្តង់ដារគុណភាពនៅកម្ពុជា មិនបាន​ដំណើរការល្អ នៅខ្វះមន្រ្តីជំនាញ​ផ្នែកនេះជាច្រើន ដូច្នេះហើយមាន​បាន​​ជា​ថ្ងៃនេះ​មាន​ការ​បណ្តុះ​បណ្តាល​មន្រ្តី​ជំនាញ​ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់សម្រាប់ធ្វើការងារ​នេះ ជា​ពិសេស ជួយដល់ក្រុម​ហ៊ុននានាឱ្យ​មាន​លក្ខណៈគ្រប់គ្រាន់ក្នុង​ការ​នាំចេញ ព្រោះកន្លងមក​ក្រុមហ៊ុនដែលមាន​លក្ខណៈគ្រប់គ្រាន់ក្នុង​ការនាំចេញ​ផលិតផលទៅក្រៅប្រទេស គឺបាន​ជួលអ្នកជំនាញពី ប្រទេសផ្សេងមកជួយវាយតម្លៃ និង​កំណត់ស្តង់ដារឱ្យ។

ឯក​ឧត្តម​បាន​បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះទៅ ហើយសិក្ខាកាមដែលមកចូលរួម មាន​ចំនួន២០នាក់មកពីប្រទេសឡាវ ភូមា និងកម្ពុជា។ ឯក​ឧត្តម​រំពឹងថា បន្ទាប់ពីវគ្គ បណ្តុះបណ្តាលនេះ​បាន​បញ្ចប់ កម្ពុជានឹងទទួលបាន​មន្រ្តី​ជំនាញ​មួយចំនួនទៀត​សម្រាប់ធ្វើការងារនេះ ដើម្បី​ធ្វើឱ្យការងារប្រព័ន្ធគ្រប់គ្រងស្តង់ដារគុណភាពនៅកម្ពុជា បានដំណើរការទៅមុខដោយរលូន៕

ដោយ ឃុត សៅ