អ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើសុំបណ្តាញសារព័ត៌មានកុំ ធ្វើការបកស្រាយហួសជុំវិញផលប៉ះ ពាល់វីរុសកូរ៉ូណា មកលើវិស័យឧស្សាហកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យបណ្តាញសារព័ត៌មាន ទាំងអស់ សុំកុំធ្វើអត្ថាធិប្បាយហួសជុំវិញផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាមកលើវិស័យឧស្សាហកម្មនៅកម្ពុជា ដោយសារតែបញ្ហាការខ្វះវត្ថុធាតុដើមពីប្រទេសចិន ដើម្បីមកបំពេញតម្រូវការ សង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០​នៅទីស្តីការ​គណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ថា “នៅលើពិភពលោកបានជួបនឹងវិបត្តិ​ខ្វះខាតវត្ថុធាតុដើមដើម្បីផលិតនៅតាមរោងចក្ររបស់គេ”។ ឯកឧត្តមបានបន្ដថា ត្រង់បញ្ហា​នេះប្រហែលជាមានផលប៉ះពាល់ដល់កម្ពុជាផងដែរចំពោះរោងចក្រកមួយចំនួន ដែលទទួល វត្ថុធាតុដើមនៅប្រទេសចិន ហើយអាស្រ័យដោយប្រទេសចិនបានបិទទ្វាររោងចក្រទាំងអស់។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមបានស្នើដល់បណ្តាញសារព័ត៌មានកុំឱ្យធ្វើព័ត៌មាន​ណា​មួយហួសពីព្រំដែនដែលឯកឧត្ដមបានផ្តល់ឱ្យ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា យ៉ាងហោចណាស់មានរោងចក្រចន្លោះពី១០ ទៅ១៥រោងចក្រ កំពុងពិចារណាសុំព្យួរកិច្ច​សន្យា​ការងារ​មួយរយៈដោយសារតែខ្វះវត្ថុធាតុដើមដើម្បីដំណើរការសង្វាក់ផលិតកម្ម​របស់​ខ្លួន។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នរោងចក្រទាំងនោះបានជូនដំណឹងទៅក្រសួងការងា​ររួច​រាល់ហើយ ដែលកំពុងពិភាក្សាជាមួយក្រសួងរកដំណោះស្រាយស្វែករកវត្ថុធាតុដើម ដើម្បី​បំពេញសង្វាក់ផលិតកម្ម។ ឯកឧត្តមបានបន្ថែមថា ប្រសិនបើរោងចក្រទាំងអស់នោះ​ត្រូវបិទ​ទ្វារ​វានឹងប៉ះពាល់ដល់កម្មករ កម្មការិនីរោងចកក្រប្រមាណពី៦ពាន់ទៅ៨ពាន់នាក់៕

ដោយ ចាន់ សុធីវង្ស