បុរសជនជាតិចិន ដែលជាសះស្បើយពីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី បានចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្តល់ព័ត៌មានដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមរយៈបណ្តាញតេឡេក្រាមថា បុរសជនជាតិចិនឈ្មោះ ចា ជិនហួរ អាយុ៦០ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយនៅព្រឹកមិញនេះ បន្ទាប់ពីទទួលបានការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា និងក្រោយពីការធ្វើតេស្តចំនួន៣ដងនៅវិទ្យាស្ថានប៉ាស្ទ័របង្ហាញនូវលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV) ។

បុរសជនជាតិចិនរូបនេះ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយបន្ទាប់ពីមកដល់ខេត្តព្រះសីហនុបានរយៈពេល២ថ្ងៃ បុរសរូបនេះចាប់មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល ពិនិត្យឃើញថា គាត់មានជំងឺរលាកសួត ដោយវីរុសកូរ៉ូណាប្រភេទថ្មី ចំណែកឯក្រុមគ្រួសាររបស់គាត់គឺពុំមាននោះទេ។

ក្នុងឱកាសនៃការចាកចេញពីមន្ទីរពេទ្យនៅព្រឹកនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ព្រមទាំងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពរបស់គាត់ និងសម្តែងការអបអរសាទរផងដែរ។

ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាគឺរក្សាតួលេខករណីវីរុសកូរ៉ូណានេះតែ១គត់គិតត្រឹមថ្ងៃនេះ ហើយដែលបានព្យាបាលបានជាសះស្បើយដោយជោគជ័យ។

ដោយ ផែន រតនៈ