អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលព័ត៌មានដែលថា បុរសម្នាក់ដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលមកពីមានវីរុសកូរ៉ូណា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងសុខាភិបាល ឯកឧត្តម លី សូវ៉ាន់ បានច្រានចោលព័ត៌មានដែលថា បុរសម្នាក់ដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលមកពីមានវីរុសកូរ៉ូណា។

ថ្លែងប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមរយៈបណ្តាញតេឡេក្រាម ឯកឧត្តម លី សូវ៉ាន់ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនបរទេសម្នាក់ បានដួលសន្លប់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលធ្វើឱ្យសាធារណជនជាច្រើនថតទៅបង្ហោះលើបណ្តាញសង្គម Facebook ដោយថាបណ្តាលមកពីវីរុសកូរ៉ូណា។

ឯកឧត្តមបានបន្តថា ជនបរទេសនោះខ្វះអុកស៊ីសែនក្នុងខ្លួនទើបបណ្តាលឱ្យដួលសន្លប់មួយរយៈពេលខ្លី ដោយកម្តៅនៅក្នុងខ្លួនគាត់ធម្មតា ហើយបន្ទាប់ពីព្យាបាលរួច ជនបរទេសនោះបានត្រលប់មកព្រលានយន្តហោះវិញ ប៉ុន្តែយន្តហោះបានចាកចេញចោល។

ចំណែកករណីបុរសជនជាតិចិន អាយុ៦០ឆ្នាំ ដែលមានវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុវិញ ឯកឧត្តម លី សូវ៉ាន់ បានបញ្ជាក់ថា « បុរសជនជាតិចិននោះបានជាសះស្បើយហើយ ប៉ុន្តែយើងនៅបន្តពិនិត្យតាមដានបន្តិចទៀតសិន ដូចជាសម្លៀកបំពាក់ ប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ តើនៅមានមេរោគឬទេ? មុននឹងអនុញ្ញាតឱ្យគាត់ចាកចេញពីមន្ទីរពេទ្យ ហើយបើពុំមានអ្វីប្រែប្រួលនោះទេ យើងនឹងអនុញ្ញាតឱ្យគាត់ចាកចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ»។

ដោយ ផែន រតនៈ