រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា៖ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ប្រចាំឆ្នាំនៅ​កម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ថៃ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ប្រចាំ​ឆ្នាំជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយ នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដែល​ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានរួមសហការពង្រឹង និងពង្រីកទំនាក់ទំនងគ្នាយ៉ាង​ជិតស្និទ្ធ ក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អផង និងក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេ​ភាគីផង។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ​កម្មនៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជូរីន ឡាសានាវិស៊ិត (Jurin Lakasawisit) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃ ក្នុង​ឱកាសអញ្ជើញមកចូលរួមពិធីសម្ពោធពិព័រណ៍ «ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើ​នៅមជ្ឈ​​មណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ​កម្មកកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា និងថៃបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជ​កម្មឱ្យ​រឹតតែរឹងមាំបន្ថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែន​នៃប្រទេស​ទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បាន​តាំងចិត្តរួមសហការគ្នាឱ្យកាន់តែស៊ីជម្រៅ និងសកម្មទ្វេឡើង តាមរយៈការផ្លាស់ប្តូរការរៀបចំ​សកម្មភាពជំរុញពាណិជ្ជកម្មទៅវិញទៅមក ក្នុងនោះក្រសួងពាណិជ្ជកម្មថៃ តាមរយៈស្ថាន​ទូតថៃប្រចាំនៅកម្ពុជា បានរៀបចំពិព័រណ៍​ពាណិជ្ជកម្មថៃ នៅក្នុងប្រទេសកម្ពុជា ដូចជា ពិព័រណ៍ Thai Mini Week, Top Thai Brand, Thailand Trade Fair, Thai Products Expo ជាដើម។ ដោយឡែកក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជូនវិស័យឯកជន និងក្រុមហ៊ុន​ក្នុង​ស្រុក ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជ​កម្ម​នៅប្រទេសថៃ រួមទាំងការសហការគ្នា​បង្កើត​ឱ្យមានកិច្ចប្រជុំ សិក្ខាសាលា ស្តីពីសកម្មភាព​ពាណិជ្ជ​​កម្ម ជាប្រចាំទៅវិញទៅមកជាច្រើន​ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែលកើត​ចេញកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី​៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយ​សម្តេចអគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយនោះដែរ ការសម្រេចបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់ និងការរីកចម្រើន​នានា អាចកើតឡើងដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ ប្រជាជនកម្ពុជា​មានសេចក្តីសប្បាយរីករាយក្នុងការបង្កបង្កើនផល មានសិទ្ធិសេរីភាពក្នុងការធ្វើធុរកិច្ច និង​វិនិយោគ តាមអ្វីដែលពួកគេចង់ធ្វើ។

ឯកឧត្តម ជូរីន ឡាសានាវិស៊ិត (Jurin Lakasawisit) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​​ពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃបានគូសបញ្ជាក់ថា ពិព័រណ៍ «ថប់ថៃប្រេន ២០២០» ដែល​បានប្រារព្ធធ្វើនាពេលនេះ មានស្តង់ពាណិជ្ជកម្មចំនួន ៣០០ ស្តង់ ដែលបានដាក់តាំងនូវគ្រឿង​​ឧបភោគបរិភោគ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធ​សឹងតែជាផលិតផលថៃដែលមានគុណភាពខ្ពស់ និងមានប្រជាប្រិយភាព។ ឯកឧត្ដមឧប​នាយក​រដ្ឋមន្រ្ដីថៃបានបន្ដថា ការរៀបចំពិព័រណ៍ក្នុងឆ្នាំ២០២០នេះ ជាវេលាមួយដ៏ល្អ គាប់ជួន​ជាមួយនឹងខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។ តាមរយៈការជួបពិភាក្សា​រវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដើម្បីជា​ប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕

ដោយ រិទ្ធី