ឯកអគ្គរដ្ឋទូតចិនវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការគាំទ្រដល់ភាគីចិន និងបង្ហាញការរួមចិត្តរួមកម្លាំងគ្នា ពុះពារការលំបាកជាមួយគ្នា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចេញ​សំណេរអត្ថបទក្នុង​សារព័ត៌​មាន​ប្រជាជនចិន ដែលមានខ្លឹមសារថា រួមចិត្តរួមកម្លាំងគ្នា ពុះពារការលំបាកជាមួយគ្នា និង​បាន​វាយតម្លៃខ្ពស់ទៅកាន់កម្ពុជាដែលបានគាំទ្រយ៉ាងមុះមុតជូនដល់ភាគីចិន ខណៈពេល​ដែលជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីកំពុងតែកើតមានឡើង។ នេះបើយោង​តាម​ការ​ផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានជូនពរប្រទេសចិន និងប្រជាជនចិនដែលស្ថិតនៅក្រោម​ការ​ដឹកនាំដ៏មុតមាំនៃបក្សកុម្មុយនីស្តចិន និងស្ថិតនៅក្រោមការលើកទឹកចិត្តពីបណ្តា​ប្រទេសលើ​ពិភពលោក នឹងអាចយកជម្នះបានជំងឺនេះយ៉ាងឆាប់រហ័ស។ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនបាន​បន្ដថា ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីក្នុងប្រទេសចិន​ដែលខណៈពេលនេះបានអង្រួនចិត្ត​ប្រជា​ជនកម្ពុជាដែលជាមិត្តដែកថែប។ ជាមួយគ្នានេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ទ្រង់សព្វរាជហឫទ័យប្រោសព្រះរាជទានព្រះរាជ​សារជូនដល់​ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping  ដែលនេះបានបង្ហាញឃើញពីព្រះអង្គ​ទ្រង់គាំទ្រយ៉ាង​មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះនៃរដ្ឋាភិបាល និងប្រជាជនចិន ហើយព្រះ​អង្គ និងសម្តេចម៉ែបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ផងដែរ ប្រជាជនចិននឹងចងចាំមនោសញ្ចេតនាមួយនេះក្នុងក្រអៅបេះដូងជារៀងរហូត។

ប្រឈមនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ជាច្រើនដង​ច្រើនសារ​ថា កម្ពុជាមិនជម្លៀសប្រជាជន មិនបញ្ឈប់ជើងហោះហើរ មិនរើសអើងប្រជាពលរដ្ឋចិន ព្រម​រួម​សុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន។ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០​សម្តេចតេជោបានសម្រេចបំពេញទស្សនកិច្ចភ្លាមៗក្នុងប្រទេសចិន យកសកម្មភាពជាក់​ស្តែង​មកបង្ហាញពី “មិត្តដែកថែប” និង“សហគមន៍ជោគវាសនារួម”ដ៏ពិតប្រាកដរវាងចិន និងកម្ពុជា។ ព្រិលក្នុងរដ្ឋធានីប៉េកាំងកំពុងតែធ្លាក់ សម្តេចតេជោ បានឱបគ្នាយ៉ាងស្និតជាមួយនឹងឯកឧត្តម ក្រុមប្រឹក្សារដ្ឋចិន Wang Yi ដែលបានមកទទួលស្វាគមន៍សម្តេចតេជោនៅក្នុងអាកាស​យាន​ដ្ឋាន ដែលធ្វើឱ្យយើងមានអារម្មណ៍យ៉ាងជ្រាលជ្រៅ នូវភាពកក់ក្តៅដែលបានផ្តល់ដោយ​មិត្តកម្ពុជា។

ទន្ទឹមនេះ អង្គការស៊ីវិលប្រជាជន និងប្រជាពលរដ្ឋទូទៅកម្ពុជា បានផ្តល់ថវិកា និង​សម្ភារ​សប្បុរសធម៌ជាបន្តបន្ទាប់ បានបញ្ជាក់ពីមិត្តភាពដ៏សែនជ្រាលជ្រៅនៃ​ប្រជាជនទាំងពីរ​ប្រទេស។ ​គ្រួសារមានជី​វភាពក្រីក្រចំនួន៨៦គ្រួសារ​ដែលធ្លាប់ទទួលបានការព្យាបាល​ជំងឺ​បេះដូងដោយឥតគិតថ្លៃក្នុងប្រទេសចិន បានយកប្រាក់សន្សំដ៏ស្តួចស្តើងក្នុងការទិញម៉ាស​វេជ្ជសាស្រ្ត​លើសពី៥,០០០ម៉ាសជូនដល់ប្រទេសចិន កម្លាំងដ៏ទន់ខ្សោយបានផ្តល់ភាពកក់ក្តៅ​ក្នុងក្រអៅបេះដូងប្រជាពលរដ្ឋ។ ដើម្បីប្រទេសចិនតស៊ូឡើង ដើម្បីអ៊ូហាន់ផ្តល់ជាកម្លាំង ទាំង​នេះបានក្លាយជាពាក្យពេចន៍ដ៏ពេញនិយមក្នុងសារព័ត៌មាន និងបណ្តាញសង្គមក្នុង​​ប្រទេស​កម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានលើកឡើងបន្តទៀតថា “ផ្លូវឆ្ងាយដឹងពីកម្លាំងសេះ រយៈពេលយូរដឹងពីចិត្តមនុស្ស”។ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីប្រៀបដូចជាកញ្ចក់មួយផ្ទាំង ដែល​​អាចឱ្យយើងដឹងយ៉ាងច្បាស់លាស់ពីនរណាដែលយើងត្រូវជឿ មិត្តរួមទុក្ខលំបាកជាមួយ​គ្នាជាដើម។ ជាមួយគ្នានេះ ក៏មានការលើកទឹកចិត្ត និងការជួយពីបណ្តាប្រទេសលើពិភព​លោកដែលរួមបញ្ចូលទាំងកម្ពុជា ហើយស្ថិតនៅក្រោមការដឹកនាំដ៏មុតមាំនៃបក្សកុម្មុយនីស្ត​ចិនដែលមានឯកឧត្តម Xi Jinpingជាស្នូល ប្រាកដជាអាចយកជម្នះលើការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​វីរុសនេះយ៉ាងជោគជ័យ និងឆាប់រហ័សជាមិនខាន៕

ដោយ រិទ្ធី