រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំបន្ទាន់ ស្តីពីវិធានការត្រៀមបង្ការទប់ស្កាត់ Corona Virus

AKP ខេត្តព្រះសីហនុ ថ្ងៃទី៨ ខែកុម្ភៈ  ឆ្នាំ២០២០ — ឯកឧត្តម គួច ចំរើន អភិបាល ខេត្ត​ព្រះ​​សីហនុ ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីមានវិធានការទប់ស្កាត់ Corona Virus នៅ​ខេ​ត្ត​ព្រះ​សី​ហ​នុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ពន្ធក្នុងខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែ​មា​ឃឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភះឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីម្សិលមិញមាន បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា មានជនជាតិចិនមានជំងឺCorona Virus និងមាន អ្នកស្លាប់ថែមទៀត ក៏ប៉ុន្តែរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាមន្ត្រីជំនាញបានចុះសិក្សាស្រាវ ជ្រាវរកមិនឃើញមានដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ គឺយើងបាន​រក​ឃើញ​ជ​ន​ជា​​តិចិនចំនួន២នាក់ដែលចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុមកធ្វើ​កា​រ​នៅ​​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីយើងក៏បានអញ្ជើញគាត់មកកាន់មន្ទីរពេទ្យ ដើម្បី​ធ្វើ​​តេស្តរកមេរោគ Corona Virus ហើយក្រុ​មគ្រូ​ពេទ្យ​ក៍​បា​ន​យ​ក​សំ​ណា​ក​ទៅ​ពិ​សោ​ធ​ន៍​នៅ​រា​ជ​ធា​នីភ្នំពេញ ប្រសិនបើឆ្លើយថា អវិជ្ជមាន គ្មានវីរុស កូរ៉ូណា យើងនឹងឱ្យគាត់ទៅធ្វើការវិញ។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យ ទី១.​ត្រូ​វ​ធ្វើ​កា​របណ្តុះបណ្តាលមន្ត្រីជំនាញក្នុងការចូលរួមពិនិត្យព្យាបាលអ្នកជំងឺតាមវេជ្ជសាស្ត្រ។​២.ត្រូវ​ត្រៀ​ម​លក្ខណ:សម្បត្តិ និងកន្លែងឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមបង្ការ ប្រសិន​បើ​មា​ន​ក​រ​ណី​នេះ​​កើតឡើងយើងបានត្រៀមក្រុមគ្រូពេទ្យនិងកន្លែងទទួលអ្នកជំងឺរួចរាល់ជាមុន។

ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរក្រុមគ្រូពេទ្យដែលបានយកចិត្តទុក​ដាក់​ព្យា​បា​ល​អ្ន​ក​ជំងឺ Corona Virus លើជនជាតិចិន បានជាសះស្បើយ ការធ្វើតេស្តលើកទី២ទទួល បានអវិជ្ជមាន ហើយបើការធ្វើតេស្តលើកទី៣ បញ្ជាក់ឱ្យប្រាកដថា អ្នកជំងឺបានជាសះស្បើយ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ យើងនឹងឱ្យគាត់ចេញពីមន្ទីរពេទ្យបានហើយ ៕

ដោយ ងូ សុមុនី