ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងពុទ្ធបរិស័ទ រៀបចំរាប់បាតព្រះសង្ឃ​ ៥​២០អង្គ ក្នុងថ្ងៃមាឃបូជា នៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ អមដំណើរដោយ​ក្រុម​ការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន បានដឹកនាំពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យ​មាឃបូជា នៅប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ១៤ និង១៥កើតខែមាឃ​ឆ្នាំកុរ​ឯកស័ក​ព.ស២៥៦៣​ត្រូវនឹងថ្ងៃទី០៧ និងថ្ងៃទី០៨​ខែកុម្ភៈ ឆ្នាំ២០២០ ។

មាឃបូជាជាពិធីបុណ្យមួយដែលមានសារសំខាន់នៅក្នុងពុទ្ធសាសនាត្រូវបានប្រារព្ធឡើង ដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុង​លោក​ នាប្រទេសឥណ្ឌា ​កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ​ក្រោយ​ពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យ​បងប្អូនប្រជាពលរដ្ឋបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់សុខសន្តិភាពស្ថិរភាពសង្គមការអភិវឌ្ឍលើគ្រប់វិស័យនិងថែរក្សាការពារអត្តសញ្ញាណជាតិ​ទៀតផង។

​ក្នុងឱកាសនោះ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក​ជំទាវ ព្រមទាំងពុទ្ធ​​បរិស័ទ មកពីទីជិតឆ្ងាយវេរចង្ហាន់ ទេយ្យវត្ថុ និងរាប់បាត្រព្រះសង្ឃចំនួន ៥២០អង្គ ដើម្បី​ឧទ្ទិស​កុសលដល់វិញ្ញាណក្ខន្ធ មហាបុព្វបុរសខ្មែរយុទ្ធជន យុទ្ធនារី ដ៏អង្គអាចក្លាហាន ដែល​ហ៊ានបូជាជិវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសកុសលដល់បុព្វការីជនញាតិការទាំងប្រាំពីរ សណ្តានដែលបានចែកឋានរំលាយក្ខន្ធ ទៅកាន់លោកខាងមុខ សូមដួងវិញ្ញាណក្ខន្ធលោក​ទាំងនោះ បានទៅកាន់​បរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែកចំពោះប្រាសាទបន្ទាយឆ្មាររួមទាំងប្រាសាទរណបនានាទៀតក្នុងតំបន់នៃ​ប្រាសាទបន្ទាយឆ្មារនេះ ទទួលបានការចូលចំណែកដឹកនាំជួសជុលឡើងវិញដោយឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក​ជំទាវដើម្បីថែរក្សាប្រាសាទបុរាណកេរ្តិ៍​ដូនតា​មួយនេះ ឱ្យបន្តនៅគង់វង្សសម្រាប់កូនចៅគ្រប់ជំនាន់ក្រោយហើយបច្ចុប្បន្ន​រមណីដ្ឋានវប្បធម៌​ប្រវត្តិសាស្ត្រនេះកំពុងក្លាយជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិចូលទស្ស​​នា​កម្សាន្តមានការកើនឡើងជាលំដាប់នោះ៕

ដោយ ឈុន សារ៉ាត