អណ្តូងស្នប់ចំនួន១៦ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់​ក្នុងស្រុកចំនួន៣របស់ខេត្តតាកែវ

AKP តាកែវ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — កាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ដតាកែវ បានប្រគល់អណ្តូងស្នប់ចំនួន១៦អណ្តូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពល​រដ្ឋ​ដែលខ្វះខាតទឺកស្អាតប្រើប្រាស់ក្នុងស្រុកចំនួន៣ របស់ខេត្តតាកែវ។ ពិធីនេះ បានធ្វើឡើង​កាល​ពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៦​ខែកុម្ភៈឆ្នាំ២០២០ នៅភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជាបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជានិច្ជកាលសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតតែងតែនឹកនានិងគិតរគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាពិសេសសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដូចជានៅក្នុងខេត្តតាកែវ​ដែល​សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិតបានចំណាយថវិកាយ៉ាងច្រើនក្នុងការជួយកសាងអណ្តូងស្នប់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ ឯកឧត្តមវេជ្ជបណ្ឌិតបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមាន​សម្តេចកិតិ្ត​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធានកន្លងមកបានធ្វើសកម្មភាពជាច្រើន​ក្នុង ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសជួយបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាកតែងតែលេចមុខមន្រ្តីកាកបាទក្រហមចុះទៅជួយជានិច្ចដោយមិនប្រកាន់ពណ៌សំបុរជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីទាំងអស់។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហម​កម្ពុជាខេត្តតាកែវមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាមានសម្តេចកិតិ្ត​ព្រឹទ្ធបណ្ឌិត​ប៊ុន​រ៉ានី ហ៊ុនសែនជាប្រធានបានរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋលើផ្នែកយ៉ាងច្រើន។ ជាមួយគ្នានេះ មានផ្នែកអនាម័យ​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ជាពិសេសប្រភពទឹកស្អាតជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមអភិបាលខេត្ដ បានបន្ដថា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានផ្តល់ថវិកាជិត៣ម៉ឺនដុល្លារអាម៉េរិក​សម្រាប់សាងសង់​អណ្តូងស្នប់ចំនួន១៦អណ្តូងនៅក្នុងស្រុក៣របស់ខេត្តតាកែវ រួមមានស្រុកត្រាំកក់ ស្រុកបាទី និងស្រុកសំរោង សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ប្រើប្រាស់។

ឯកឧត្តមបានបន្តថា ការចំណាយថវិកាជួយកសាងអណ្តូងស្នប់នៅពេលនេះ បាន បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដើម្បីចូលរួមលើកកម្ពស់អនាម័យសុខភាពនៅក្នុងសហគមន៍ដាច់ស្រយាល និងការកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារកម្ពុជាដែលឆ្លងតាមរយៈទឹកដូចជាជំងឺរាគរុះ ឬ អាសន្នរោគជាដើមពិសេសដើម្បីធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា៕

ដោយ អ៊ុច សៀង