សម្តេចប្រធានព្រឹទ្ធសភា ស្នើឱ្យអូស្រ្តាលី ជួយលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរ​អូស្រ្តាលី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់​ឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរ​អូស្រ្តាលី មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែ​ច្រើន​បន្ថែមទៀត។ ការលើកឡើងរបស់សម្ដេចប្រធានព្រឹទ្ធសភានេះ ក្នុងឱកាសទទួលជួប​សវនា​ការជាមួយនឹងឯកឧត្ដម ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំកម្ពុជា  កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ព្រឹទ្ធសភាត្រៀមខ្លួន នឹងធ្វើ កិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរដ្ឋទូត និងស្ថានទូតអូស្រ្តាលី ដើម្បីរួម​ចំណែក​ដល់​ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស​ទាំងពីរ ទាំង​ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្ដម ប៉ាប្លូ ជីហូ កាង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំព្រះ រាជា​ណាចក្រកម្ពុជា ហើយបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជា នឹងរួមចំណែកលើក កម្ពស់​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី ដែលមានតាំងពីយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្ដម Pablo Chiho Kang បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមរដ្ឋាភិបាល និងប្រជា​ជនអូស្ត្រាលី ឯកឧត្ដមបានចូលរួមសោកស្តាយចំពោះការបាក់រលំអគារនៅខេត្តកែប ដែល​ធ្វើឱ្យ​មនុស្សមួយចំនួនបានមរណភាពនិងរងរបួស។ ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត​ ក៏​បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែក​ទុក្ខពាក់ព័ន្ធនឹងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់​ថា រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមស្វាគមន៍រាល់សកម្មភាពនានាដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមទាំងវិស័យទេសចរណ៍ និង​វិស័យពាណិជ្ជកម្ម។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ចាប់តាំង​ពី​ទស្សវត្សរ៍៩០មក ស្ថានទូតអូស្ត្រាលីមានសកម្មភាពជាច្រើនទាក់ទងនឹងគម្រោង​អភិវឌ្ឍន៍នៅ​ប្រទេសកម្ពុជា ក្នុងនោះប្រទេស អូស្ត្រាលី នៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជាដូចជា៖ ការបោសសម្អាតមីន វិស័យសុខាភិបាល វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម និងវិស័យ​ផ្សេងៗទៀត។ ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានក្លាយ​ជាប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប និងឈានទៅសម្រេចចក្ខុវិស័យប្រែ​ក្លាយ​​ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ចំពោះរាល់សកម្ម​ភាពនានាពាក់ព័ន្ធនឹងការអភិវឌ្ឍ និងជំនួយរបស់ប្រទេសអូស្ត្រាលី ត្រូវបានធ្វើឡើងដើម្បី​ឆ្លើយ​តបទៅនឹងអាទិភាពថ្មីៗរបស់ប្រទេសកម្ពុជា ដូចជាបញ្ហាយេនឌ័រ និងពិការភាព។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលធ្វើ​ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០នេះ។ ក្នុងអាណត្តិបេសកកម្ម​ការទូត​របស់​ឯកឧត្ដមនៅកម្ពុជា នឹងខិតខំបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ​លើវិស័យវិនិយោគទុន ពាណិជ្ជកម្ម ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យ​​ផ្សេងៗទៀតឱ្យកាន់តែសកម្មថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពជាមួយនឹងប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត​អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរ​លង់មកហើយ ដែលបាននឹងកំពុងមានការរីកចម្រើន តាមរយៈនៃការផ្លាស់ប្តូរដំណើរ​ទស្សន​កិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេសទាំងពីរ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញ ទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិ។ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរសភាអូស្រ្តាលី ដែលបានធ្វើជាម្ចាស់​ផ្ទះរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយជោគជ័យ និងសម្រេចបាននូវលទ្ធផល​ជាផ្លែផ្កា។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង​ប្រជាជនអូស្ត្រាលី ដែលតែងតែផ្តល់ជំនួយឥតសំណង ជំនួយសង្រ្គោះបន្ទាន់ ក៏ដូចជា ជំនួយអភិវឌ្ឍន៍ផ្លូវការដល់ប្រទេសកម្ពុជា ដែលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាមានការរីក ចម្រើនគួរជាទីមោទនភាពដូចពេលបច្ចុប្បន្ននេះ។ លើសពីនេះទៀត ប្រទេសអូស្រ្តាលី ក៏បាន​ផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា ទៅសិក្សានៅប្រទេសអូស្រ្តាលី ក៏ដូច​ជាជំនួយសម្រាប់សាលាក្តីខ្មែរក្រហម និងការដោះមីននៅប្រទេសកម្ពុជា។ សម្តេចប្រធាន​ព្រឹទ្ធសភា បានបញ្ជាក់បន្ថែមថា ដូចអ្វីដែលលោកឯកអគ្គរដ្ឋទូតបានលើកឡើងអំពី ចក្ខុវិស័យ​របស់ប្រទេសកម្ពុជា នឹងខិតខំកសាង​ប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុង ឆ្នាំ២០៥០។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះគ្រប់អតីតឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កគ្រប់លក្ខណៈ ដើម្បីឱ្យអង្គការ​នីតិប្ប​ញ្ញតិ្ដនៃប្រទេសទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ប្រពៃជាមួយគ្នា៕

ដោយ ប៉ាល់ សុង