​​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​ ជំនាន់​ទី​ ៨ ចំនួន ២២៧នាក់ ធ្វើសច្ចា​ប្រណិ​ធាន នៅ​វិមាន​ឈ្នះ​ ឈ្នះ​

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី ៨ ចំនួន ២២៧នាក់ ក្នុងនោះមាននិស្សិតជានារី ចំនួន៣៨នាក់​ផង​នោះ ​បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺននូវក្បួនច្បាប់យោធា និងចំណេះដឹង​ទូទៅ នៅឯវិទ្យាស្ថាន​ទ័ព​ជើងគោ​ក​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ នៅ​ខេត្ត​កំពង់​ស្ពឺ​ រួម​ទាំង​បាន​ចុះ​អនុវត្តន៍ជាក់ស្ដែង​នៅ​លើ​ទីលាន​នៃ​តំបន់​វាល​រាប​ តំបន់​ភ្នំ​ និង​ការចុះដកពិសោធន៍​ការងារ​តាមបណ្ដាកងឯកភាព របស់កងយោធពលខេមរ​ភូមិន្ទ​ នៅតាមតំបន់ព្រំ​ដែន ​អស់​រយៈពេល ៤ ឆ្នាំមកនោះ និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៨ ទាំង២២៧​នាក់​ ក៏​ត្រូវ​បាន​គណៈកម្មាធិការ​ហ្វឹក​ហ្វឺ​ន នៃកងយោធពលខេមរ​ភូមិន្ទ​ និង​គណៈ​គ្រប់​គ្រងវិទ្យាស្ថាន​ទ័ពជើងគោក​ នៃកងយោធ​ពលខេមរ​ភូមិន្ទ រៀបចំឱ្យនិស្សិតនាយទាហានទ័ពជើង​គោក​ជំនាន់ទី ៨ទាំងអស់ បាន​ធ្វើ​សច្ចា​ប្រណិធាន ​នៅ​មុខ​ដួង​ព្រលឹង​ នៃវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ និងវីរៈយុទ្ធជន យុទ្ធនារី នៃកងយោធ​ពល​ខេមរ​ភូមិន្ទ​ នៅវិមានឈ្នះ ឈ្នះ ដើម្បីជាសាក្ខីភាព​បញ្ជាក់ពីភាពស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះ​មហា​ក្សត្រ​ រាជរដ្ឋាភិបាល ប្រជាជន និងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខវិមានឈ្នះ ឈ្នះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម នាយឧត្តម​សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃកងយោធពល​ខេមរ​ភូមិន្ទ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជំនួស​មុខ​ឱ្យ​សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គ​មេ​បញ្ជាការ​ នៃកងយោធពល​ខេមរ​ភូមិន្ទ​បានកោតសរសើរ​ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងបង្ហាត់​បង្រៀនពីសំណាក់​យោធាចារ្យ សាស្ត្រាចារ្យ ក្នុងវិទ្យាស្ថាន និងការចូលរួមពីគ្រឹះស្ថាននានា ដល់នាយទាហាន​វ័យ​ក្មេង​ជំនាន់​ក្រោយ​ ប្រកបដោយសមត្ថភាព គុណភាព ដែលអាចឱ្យនាយទា​ហានរបស់​យើង​ ពេល​ចេញ​ទៅ​បំពេញការងារតាមបណ្ដាកង​ឯកភាព​ កងយោធពលខេមរភូមិន្ទ នៅទូ​ទាំងប្រទេស និងតំបន់ព្រំ​ដែន​ អាចស្នងជំនួសនាយទាហានដែលមានវ័យចំណាស់ៗ អាច​សម្រាកចូលនិវត្តន៍ពីការងារដែលហត់នឿយជាយូរ​មក​ហើយ​នោះ​បាន​ ប្រកបដោយប្រសិទ្ធ ភាព។ ឯកឧត្ដម នាយឧត្តមសេនីយ៍ក៏បានក្រើនរម្លឹកផងដែរដល់​និស្សិតនាយទាហាន​ទ័ពជើង​គោកជំនាន់ទី ៨ ទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ នឹងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ អស់មួយជីវិត។ ជា​មួយ​គ្នា​នេះ​ដែរ​ និស្សិតទាំងអស់ ក៍ត្រូវយកអស់ពីកម្លាំងកាយចិត្តគោរព និងការពារច្បាប់រដ្ឋ​ធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អរគុណសន្តិភាព អរគុណ​គោលនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិ​ក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានណែនាំ​និស្សិតនាយទាហានទ័ព​ជើងគោកជំនាន់ទី ៨ ទាំងអស់ឱ្យខិតខំថែរក្សានូវគំរូវីរភាពដ៏អង់អាចក្លាហាន របស់​វីរៈយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក និងសូមគាំទ្រជានិច្ច ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេ​ច​អគ្គមហា​សេនា​បតីតេជោ ​ហ៊ុន សែន ជាប្រមុខ និងការពារឱ្យខានតែបាននូវសុខសន្តិភាព ជារៀងរហូត។ លើសពីនេះទៀត នាយ​ទាហានទាំងអស់ត្រូវចេះគោរពស្រឡាញ់ ​និងបម្រើប្រជាពលរដ្ឋ សាមគ្គីឯកភាពផ្ទៃក្នុង ជាមួយមិត្តរួមជំនាន់ និងមិត្តរួមអាជីព រួមសុខ រួមទុក្ខ ជា​មួយគ្នាគ្រប់កាលៈទេសៈ​ទោះស្ថិត​ក្នុងស្ថានភាពណាក៏ដោយ និងខិតខំបំពេញភារកិច្ចដែលថ្នាក់លើ និងប្រទេសជាតិប្រគល់ឱ្យ ដើម្បីសម្រេចបានជោគជ័យគ្រប់ពេលវេលា ៕

ដោយ សំ សាម៉ន