មន្រ្តី​ជាន់ខ្ពស់នគរបាលជាតិស្នើឱ្យម្ចាស់លំនៅឋានគ្រប់ប្រភេទ ដែលមាន​អន្តោប្រវេសន៍ ស្នាក់នៅត្រូវជូនដំណឹងក្នុងរយៈពេល២៤ម៉ោងមកនគរបាលតាមប្រព័ន្ធApp

AKPសៀមរាប ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់នគរបាលជាតិបានស្នើឱ្យម្ចាស់លំនៅឋានគ្រប់ប្រភេទរួមជាមួយសណ្ឋាគារដែលមាន​អន្តោប្រវេសន៍ ឬមិនមែនអន្តោប្រវេសន៍ស្នាក់នៅ ត្រូវជូនដំណឹងក្នុងរយៈ ពេល​​២៤ម៉ោង មកនគរបាលតាមប្រព័ន្ធAppនៃប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរា​ជាណាចក្រកម្ពុជា(FPCS)នេះ។

ថ្លែង​នៅ​ក្នុង​ពិធីផ្សព្វផ្សាយការអនុវត្ត​ច្បាប់អន្តោប្រវេសន៍នៅស្នងការនគរបាលខេត្ត​សៀមរាប កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍ថា ដើម្បី​គ្រប់​គ្រងវត្តមានជនបរទេដែលចូលមកស្នាក់នៅ និងធ្វើទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមាន​ប្រសិទ្ធភាព​ កម្ពុជា​បាន​ដាក់​ឱ្យប្រើប្រាស់ប្រព័ន្ធ​គ្រប់គ្រងវត្តមានអន្តោប្រវេសន៍ ឬមិនមែន​អន្តោ​ប្រវេសន៍តាមរយៈប្រព័ន្ធអេឡិចត្រូនិកឈ្មោះថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុង​ព្រះ​រាជាណាចក្រកម្ពុជា FPCS (Foreigner Presence in Cambodia)។​ ឯកឧត្តម នាយឧត្តម​សេនីយ៍បានបញ្ជាក់ថា ក្រោយពីម្ចាស់លំនៅឋានជូនដំណឹងពីវត្តមានស្នាក់នៅរបស់ជន​បរ​ទេស​ចូលទៅក្នុងប្រព័ន្ធនេះហើយនោះ មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់ ឃុំ សង្កាត់ អាចមើលឃើញ​នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំពាក់ព័ន្ធអាចមើលឃើញ​និងដឹង​ពីចំនួនជនបរទេសដែលបាន​ចូលមកស្នាក់នៅកម្សាន្ត ធ្វើការងារទាំងអស់នៅកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា ចំពោះម្ចាស់លំនៅឋានណាមិនជូនដំណឹង​ពី​ការស្នាក់នៅរបស់ជនបរទេស ហើយត្រូវបានសមត្ថកិច្ចរកឃើញ នឹងត្រូវធ្វើការផាកពិន័យ ជាពិសេសជនបរទេសដែលមានជាប់ពាក់ព័ន្ធបទល្មើសម្ចាស់លំនៅឋាន និងប្រឈមចំពោះ មុខច្បាប់។ ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងថា គោលបំណងនៃការ​ដាក់​ឱ្យប្រើ​ប្រាស់ប្រព័ន្ធ​គ្រប់គ្រងវត្តមានអន្តោប្រវេសន៍ ឬមិនមែនអន្តោប្រវេសន៍តាមរយៈប្រព័ន្ធ អេឡិចត្រូនិកឈ្មោះថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រ​កម្ពុជា​(FPCS)​នេះ គឺដើម្បី​ងាយគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយបានបន្ដទៀតថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្ត​មានជនបរទេស​នេះ ដោយសារកន្លងមក មាន​ខេត្ត​មួយចំនួនគ្រប់គ្រងជនបរទេសមិនបានល្អ ហើយជនបរ​ទេស​ទាំងនោះបាន​បង្កបទល្មើសយ៉ាងច្រើន ដោយពួកគេបានមកលាក់ខ្លួននៅក្នុងសណ្ឋាគារ កាស៊ីណូធ្វើសកម្មភាពចាប់ជំរិត ហើយជនបរទេសខ្លះទៀត ជាមុខសញ្ញាឃាតកម្ម និងជាប់​ពាក់ព័ន្ធបទល្មើសផ្សេងៗ ហើយនៅពេលអាជ្ញាធរបរទេសស្នើសុំរកមុខសញ្ញាដែលចូល​មក​ប្រទេសយើងគឺពិបាករកណាស់។ ប៉ុន្តែនៅពេលយើងប្រើប្រព័ន្ធនេះ អត្តសញ្ញាណជនបរទេស​ទាំងអស់ នឹងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ច ហើយក៏ងាយស្រួលក្នុងការគ្រប់​គ្រង​ជនបរទេសជាពិសេសបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ។

លោក ជា គឹមសាន្ត ស្នងការរងនគរបាលខេត្តសៀមរាប បាន​ឱ្យដឹងថា នៅក្នុង​ខេត្ត​សៀមរាបមាន​ជនបរទេសស្នាក់នៅរយៈពេលវែងចំនួន៣,៣៥៩នាក់ មាន៥៣សញ្ជាតិ ជន​បរទេសស្នាក់នៅរយៈពេលខ្លីមាន១៧៥,៩៤១នាក់ មាន៣៥សញ្ជាតិ៕

ដោយ ឃុត សៅ