មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអំពាវនាវឱ្យក្រុមហ៊ុនប៊ុលហ្គារីមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអំពាវនាវឱ្យក្រុមហ៊ុនប៊ុលហ្គារី មកធ្វើធុរកិច្ចនិងវិនិយោគនៅ​កម្ពុជា​បន្ថែមទៀត ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅ​មានកម្រិតតិច​តួច​នៅឡើយ។ នេះជាការលើកឡើងរបស់លោកជំទាវ​ តឹករ៉េត ​កំរង  រដ្ឋលេខាធិការក្រសួង​ពាណិជ្ជ​កម្ម ក្នុងឱកាសទទួលជួបសម្តែងការគួរសម​និងពិភាក្សាការងារជាមួយលោកជំទាវ​ម៉ារីនណេឡា​​ ផេតកូវ៉ា(Marinela Petkova) ឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងថ្មីនៃ​សាធារ​ណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ អមដោយលោកអូលេក ម៉ារីណូវ(Oleg Marinov) ប្រធានការិយាល័យពាណិជ្ជកម្ម​និងសេដ្ឋ​កិច្ចនៃស្ថានទូតសាធារណរដ្ឋប៊ុលហា្គរីនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី០៦​ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកជំទាវ​ តឹករ៉េត ​កំរង   បានទទួលស្វាគមន៍​និងអបអរសាទរចំពោះលោកជំទាវឯក​អគ្គរដ្ឋទូតប៊ុលហា្គរីដែលត្រូវបានតែងតាំងថ្មី ហើយប្រទេសទាំងពីរ នឹងប្តេជ្ញាបន្តពង្រឹងកិច្ច​សហការយ៉ាងជិតស្និទ្ធដែលមានកន្លងមករវាងកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី និងរួមគ្នា ពង្រឹងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចវិនិយោគវិស័យទេសចរណ៍និងវិស័យផ្សេងៗទៀត។ លោកជំទាវរដ្ឋលេខាធិការបានអំពាវនាវឱ្យក្រុមហ៊ុនប៊ុលហ្គារីមកធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជាដោយសារតែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិត។ លោកជំទាវរដ្ឋលេខាធិការ ក៏បានស្នើសុំជំរុញឱ្យបានកាន់តែច្រើនថែមទៀតក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងវិស័យឯកជននៃភាគីទាំងពីរតាមរយៈជំនួបធុរកិច្ច ឬពិព័រណ៍អន្តរជាតិនានា និងបានអញ្ជើញ​ភាគីប៊ុលហ្គារីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដែលរៀបចំឡើងដោយភាគីកម្ពុជាជារៀងរាល់ខែធ្នូ។

ជាកិច្ចឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតក៏បានឯកភាពលើកិច្ចការនេះ  និងបានជម្រាបជូនអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃសាធារណរដ្ឋប៊ុលហ្គារីក្នុងវិស័យមួយចំនួនដែលរួមមានវិស័យកសិកម្ម បច្ចេកវិទ្យាព័ត៌មានឌីជីថល និងសេវាកម្មសុខភាព និងបានអញ្ជើញឱ្យ​រាជរដ្ឋាភិ​បាលកម្ពុជាពិចារណាក្នុងការសហការជាមួយគ្នាលើវិស័យទាំងនេះ។

ស្របគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញបង្កើតគណៈកម្មការសេដ្ឋកិច្ចរួមរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារដ្ឋប៊ុលហ្គារី ដូចដែលមាន ចែងក្នុងកិច្ចព្រមព្រៀងស្តីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវិទ្យាសាស្រ្តនិងបច្ចេកទេសរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប៊ុលហ្គារីដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានិងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប៊ុលហ្គារីក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប៊ុលហ្គារី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩៕

ដោយ ម៉ៅ ចរិយា