វិនិយោគិនមកពីប្រទេសអាល្លឺម៉ង់សិក្សាពីលទ្ធភាពដាំឫស្សីនៅកម្ពុជាសម្រាប់កែច្នៃនាំចេញ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២០–ក្រុមអ្នកវិនិយោគិនមកពីប្រទេសអាល្លឺម៉ង់បានធ្វើការសិក្សាពីលទ្ធភាពដាំឫស្សីនៅកម្ពុជា សម្រាប់កែច្នៃផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីប្រមូលផលក្រោយការដាំដុះក្នុងរយៈពេល៤ឆ្នាំ ខណៈក្រុមហ៊ុននេះមានបទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តន៍បច្ចេកវិទ្យារបស់ប្រទេសអាល្លឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។

លោក THUREING AUNG នាយកក្រុមហ៊ុន LIPP Engineering Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលការគាំទ្រពីឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការបោះទុនវិនិយោគ លើការដាំដុះឫស្សីដោយប្រើពូជពីបរទេស សម្រាប់ប្រើប្រាស់លើវិស័យថាមពល និងកែច្នៃទៅជាផលិតផលសម្រាប់នាំចេញផ្សេងទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក THUREING AUNG បានបញ្ជាក់ថា ក្រុមហ៊ុនបានបម្រុងទុនប្រមាណ ៧៥០លានដុល្លារអាម៉េរិក លើគម្រោងដាំដើមឫស្សី និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជាក្នុងដំណាក់កាលទី១ លើផ្ទៃដីសរុបជាង ២៥.០០០ហិកតា។

លោកបន្តថា គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះមានតម្លៃបន្ថែមទ្វេឡើង និងអាចទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី បង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ៥ម៉ឺននាក់ ជាមួយការបណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល ខណៈក្នុងគម្រោងមានការអភិវឌ្ឍអគារស្នាក់នៅ សាលារៀន មន្ទីរពេទ្យ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

សូមបញ្ជាក់ថា គម្រោងវិនិយោគនេះ ត្រូវបានឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ និងគាំទ្រ ដោយសារថា កម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយលក្ខណ:អំណោយផលក្នុងការដាំដុះក៏ល្អប្រសើរ ខណៈនៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលរបស់វា។ ឯកឧត្តម រដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយរដ្ឋបាលព្រៃឈើ  ដើម្បីជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ ដោយក្រសួងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕

ដោយ ងិន សុផល