កិច្ចពិភាក្សាការងារស្តីពីវិស័យកសិកម្មរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — នៅឯទីស្តីការក្រសួងនារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗ ផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗទាក់ទងវិស័យកសិកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគោលបំណងនៃជំនួបនេះថា ទី១-ចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២ ស្តីពី ” ឱកាសនៃការធ្វើកសិ-ពាណិជ្ជកម្មកម្ពុជា ២០២០ (Business Opportunities in Cambodia’s Agriculture Sector 2020)” ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយស្ថានទូតសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៦-០៧ ខែកុម្ភ: នៅ Ross Wood Hotel។ ទី២- ធ្វើការសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅបន្ថែមអំពីគោលនយោបាយ និងលក្ខខណ្ឌវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ក្រសួងកសិកម្ម។ ទី៣- ពិនិត្យលើសក្តានុពលវិស័យកសិកម្ម ដើម្បីពិនិត្យលទ្ធភាពវិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយ:អង្គការ USAID ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់អនុវត្តន៍គម្រោងទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម ហើយដែលសមិទ្ធផលនៃការអនុវត្តគម្រោងនេះ បាននឹងកំពុងផ្តល់ប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ កំណើនប្រាក់ចំណូល កំណើនទិន្នផល តម្លៃបន្ថែម និងស្ថិរភាពទីផ្សារ។ ក្រៅពីគម្រោងនេះ អង្គការUSAID តាមរយ:ស្ថានទូតបានខិតខំរៀបចំព្រឹត្តិការណ៍ស្តីពី ” ឱកាសនែការធ្វើកសិ-ពាណិជ្ជកម្មកម្ពុជា ២០២០ (Business Opportunities in Cambodia’s Agriculture Sector 2020)” រៀងរាល់ឆ្នាំដែលព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឱ្យក្រុមហ៊ុននាំមុខធំៗ ផ្នែកវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក បានឈ្វេង យល់ស៊ីជម្រៅ អំពីគោលនយោបាយ និងលក្ខខណ្ឌអំណោយផលសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ជារបស់ក្រសួងកសិកម្ម។ ម៉្យាងវិញទៀត វាក៏ជាឱកាសសម្រាប់ក្រុមហ៊ុន ឬអាជីវ ករក្នុងស្រុកធ្វើការពង្រីកទំនាក់ទំនង ចែករំលែកព័ត៌មាន ស្តីពីវិស័យកសិកម្ម កសិ-ឧស្សាហ កម្ម និងការវិនិយោគនាពេលអនាគត។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនដោយសង្ខេបអំពីវឌ្ឍនភាពវិស័យ កសិកម្ម ការចូលរួមរក្សាកំណើនសេដ្ឋកិច្ច គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ រួមទាំងគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណ:ប្រតិភូ ជាពិសេសបានសម្តែងនូវឆន្ទ:គាំទ្រ និងសហការពេញទំហឹងជាមួយក្រុមហ៊ុន ដែលបាននឹងកំពុងធ្វើការវិនិយោគ និងកំពុងមានគម្រោងវិនិយោគ លើវិស័យកសិកម្មនាពេលអនាគត។

កិច្ចពិភាក្សាបានដំណើរការទៅ ដោយតំណាងក្រុមហ៊ុននីមួយៗបានចោទជាសំណួរជាច្រើនទាក់ទងនឹងអនុវិស័យកសិកម្ម (ដំឡូងបារាំង) ផលិតកម្មសត្វ (គោទឹកដោះ) ចំណីសត្វ ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ មូលដ្ឋានគ្រឹះនៃការជួយកសិករ ដើម្បីបង្កើនផលិត ភាព ផលិតកម្ម បច្ចេកវិទ្យា និងទីផ្សារ គុណភាព និងសុវត្ថិភាពកសិផល។ល។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្នុងនាមគណ:ប្រតិ ភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីដែលបានចំណាយពេល ដើម្បីជួបពិភាក្សាលើប្រធានបទសំខាន់ៗនាពេលនេះ ហើយចម្លើយដែលទទួលបាន ពិតជាជួយដោះស្រាយបញ្ហាចម្បងៗមួយចំនួន ដែលក្រុមហ៊ុនបានជួបប្រទះ និងបានបង្ហាញពីឆន្ទ:ជួយគាំទ្រ និងសហការធ្វើយ៉ាងណាឱ្យធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុនរបស់អាម៉េរិកនៅកម្ពុជា ដំណើរការប្រកបដោយនិរន្តរភាព និងទទួលបានជោគជ័យ៕

ដោយ សេង សុវណ្ណនី(ប្រពភពីក្រសួងកសិកម្ម)