កិច្ចប្រជុំគណៈកម្មការទី៦នៃរដ្ឋសភាជាតិ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ

AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៉ែន បញ្ញាប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាព និងការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការឈ្វេងយល់ពីការអនុវត្តច្បាប់ ការលំបាក ឬបញ្ហាប្រឈម ដែលអាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានជួបប្រទះនាពេលកន្លងមក ដើម្បីបន្តដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ដោយបានការទទួលស្វាគមន៍ពីឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជាច្រើននាក់ទៀត។

ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៉ែន បញ្ញា  បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលកើតមានឡើងនៅតាមមូលដ្ឋានក្រុង-ស្រុក ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន។

ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៉ែន បញ្ញា  ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយធ្វើយ៉ាងណាសម្រេចលទ្ធផលឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានលើកបញ្ហាមួយចំនួនជូនគណៈប្រតិភូ អំពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ និងពិនិត្យ ពិភាក្សា និងឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួន ដែលអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់ ។

ឯឧត្តមអភិបាលខេត្ត បានបន្តថា រាល់បញ្ហាដីធ្លីត្រូវបានដោះស្រាយ និងបានជំរុញដំណើរការបង្កើតសហគមន៍សិប្បកម្មកែច្នៃផ្សេងៗ ដើម្បីផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនទើបគ្រប់អាយុ ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ ក្នុងការធ្វើបែបបទ ឯកសារគតិយុត្តផ្សេងៗ គឺសំដៅលើកស្ទួយក្នុងការប្រើប្រាស់បំពេញការងារផ្សេង។ ជមួយគ្នានេះជំរុញពិនិត្យ និងដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹងការបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃតាមតំបន់អភិរក្សជាដើម។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានឱ្យដឹងទៀតថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ​ សង្កាត់ បាន​បំពេញ​ការងារ​ទៅ​តាម​វិស័យ​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​មោះមុត សហការ សាមគ្គី​រឹងមាំ រក្សា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម ​បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​​រស់នៅ ក្នុងភាពសុខសាន្ត ជីវភាពរស់នៅមានការផ្លាស់ប្តូរល្អប្រសើរ ៕

ដោយ បៃ ស៊ីថុន