មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ រាជរដ្ឋាភិ​បាលកម្ពុជា ដាក់តំបន់ដីសើមចំនួន ៥កន្លែង ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់​ជាអន្តរ​ជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា រាជរដ្ឋាភិ​បាលកម្ពុជា បានដាក់តំបន់ដីសើម ៥កន្លែង ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់​ជាអន្តរ​ជាតិ ដើម្បីចូលរួមការពារ អភិរក្ស​ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមប្រកបដោយនិរន្ដរភាព។ នេះជាការលើកឡើង​របស់​​​ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងការប្រារព្ធពិធីអបអរសាទរទិវា​តំបន់ដីសើមពិភពលោក ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។ ការ​ប្រារព្ធ​ទិវាតំបន់ដីសើមពិភពលោកឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ  “តំបន់ដីសើម និងជីវៈ​ចម្រុះ” ដែលបង្ហាញដល់សាធារណជនពីទំនាក់ទំនង និងភាពសម្បូរបែបនៃជីវៈចម្រុះ​នៅតាម​តំបន់ដីសើម ហើយទាំងនេះជាមុខងារមួយនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី​តំបន់ដី​សើម។

ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការដាក់​តំបន់​ដីសើម ៥កន្លែង ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់​ជាអន្តរ​ជាតិនេះគឺមានឈ្មោះ​ថាតំបន់រ៉ាមសារ គឺតំបន់រ៉ាមសារស្ទឹងត្រែង នៅខេត្តស្តឹងត្រែង តំបន់​រ៉ាមសារកោះកាពិ នៅ​ខេត្ត​កោះកុង និងតំបន់រ៉ាមសារបឹងឆ្មារ ព្រែកទាល់ និងស្ទឹងសែន ស្ថិត​ក្នុងប្រព័ន្ធ​អេកូឡូស៊ី​តំបន់បឹងទន្លេសាប។ ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាយើង ក៏បានកំណត់តំបន់ដី​សើមសំខាន់ៗមួយចំនួន ទៅជាតំបន់ការពារធម្មជាតិ ដែលក្នុងនោះមាន តំបន់ប្រើប្រាស់ច្រើន​យ៉ាងចំនួន ៥កន្លែង គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដងពែង ពញាក្រែកព្រែក​ទឹកសាប ក្បាលឆាយ និងបឹងយក្សឡោម  ព្រមទាំងតំបន់ការពារទេសភាព​ចំនួន ៦កន្លែង ទៀតគឺតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប អន្លង់ព្រីង អាងត្រពាំង​ថ្ម បឹងព្រែក ទប់ បឹងលំកុដ និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ក្រសួងបរិស្ថាន​មានផែនការដាក់បញ្ចូលតំបន់ដី​សើម​​សំខាន់ៗមួយចំនួនទៀត ទៅជាតំបន់រ៉ាមសារ ដែលរួមទាំងតំបន់ការពារទេសភាពអាង​ត្រពាំងថ្មយើងនេះផងដែរ  ដែលតំបន់នេះត្រូវបានគេរកឃើញថា ជាតំបន់ដីសើមដែលមាន​តួនាទីយ៉ាងសំខាន់ ជួយកាត់បន្ថយទឹកជំនន់ កាត់បន្ថយគ្រោះរាំងស្ងួត ទ្រទ្រង់ដល់ជីវភាពរស់​នៅរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាប្រភពចំណីដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសសត្វរមាំង ក្រៀល ខ្សឹប ទុងប្រផេះ រនាលពណ៍ រនាលស ត្រដក់តូច ត្រដក់ធំ ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ និងប្រភេទសត្វស្លាបសំខាន់មួយចំនួនទៀត  ដែលជា​ប្រភេទទទួលរងនូវការគំរាមកំហែង និងជិតផុតពូជលើពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងទៀតថា តំបន់ដីសើមមួយចំនួនធំនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរបាននិងកំពុងបាត់បង់ និងមួយចំនួនទៀតកំពុងរងការគំរាមកំហែង ដូចជាការកែប្រែប្រើប្រាស់ដីក្នុងតំបន់ដីសើម ការបង្វែរចរន្តទឹកហូរ ការសាងសង់លំនៅឋាន ការទន្ទ្រានដី ការដុតព្រៃចាប់សត្វក្នុងតំបន់ដីសើមជាដើម។ល។ ឯកឧត្តម បានលើកទឹកចិត្ត​ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ សហការចូល​រួម​ការ​ពារ និងអភិរក្សនៅតាមតំបន់ការពារធម្មជាតិ។

លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា បានឱ្យដឹងថា ពិភពលោកបានបាត់បង់ដីសើមអស់១ភាគ៣ នៃតំបន់ដីសើមទាំងអស់តាំងពីឆ្នាំ១៩៧០​មក​ម្ល៉េះ ហើយមនុស្សជាង១ពាន់លាននាក់ នឹងជួបបញ្ហាខ្វះទឹកនិងចំណីអាហារ ក្នុងនោះ ៤០​ភាគរយ នៃសត្វព្រៃគ្រប់ប្រភេទត្រូវរងគ្រោះ។ លោកបានបញ្ជាក់ថា​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម កំពុងត្រូវបានអភិរក្ស ហើយក្លាយជាតំបន់ទេសសចរណ៍ផ្នែក​ស្រាវជ្រាវនិងផ្នែក​ទស្សនាសត្វស្លាបយ៉ាងសំខាន់នាពេលបច្ចុប្បន្ន។ លោកប្រធានអង្គការបានបន្ដថា តាមរយៈ​ការចូលអភិរក្សសត្វស្លាបកន្លងមកគឺទទួលបានជោគជ័យក្នុងនេះគេឃើញសត្វស្លាបបានកើនចំនួនជាបន្តបន្ទាប់។ ទន្ទឹមជាមួយគ្នានេះ ក៏មានបញ្ហាប្រឈមមួយចំនួនដែរ ដូចជាការប្រឈម​ទៅនឹងទីជម្រកសត្វស្លាប ដោយសារតែការរីកចម្រើនក្នុងតំបន់នេះ​ដែលធ្វើឱ្យពលរដ្ឋកាប់​ស្ការ​ព្រៃ ការសង់លំនៅឋាននិងការធ្វើដំណាំកសិកម្មដែលប្រើសារជាតិគីមីជាដើម។

ឯកឧត្តម អោម ចន្ថា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើក​ឡើង​ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ដីសើមជាច្រើន​កន្លែង ហើយការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យគង់វង្ស សម្រាប់កូនចៅជំនាន់​ក្រោយ ក៏ដូចជាការអភិវឌ្ឍវិស័យទេសចរណ៍ទៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ទិវាតំបន់ដីសើមពិភពលោក ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ​នៅថ្ងៃ ទី០២ ខែកុម្ភៈ ដើម្បីអបអរការអនុម័តអនុសញ្ញាស្តីពីតំបន់ដីសើម (អនុសញ្ញារ៉ាមសារ) នៅថ្ងៃ​ទី០២ ខែកុម្ភៈ ឆ្នាំ១៩៧១។ សម្រាប់កម្ពុជា ជាប្រទេសចុះហត្ថលេខីមួយក្នុង​ចំណោម​ប្រទេស​១៧១ លើពិភពលោក ដែលមានកាតព្វកិច្ចគ្រប់គ្រង អភិរក្សនិងការពារតំបន់ដីសើម​ដែលមាន​ សារៈសំខាន់ជាអន្តរជាតិ៕

ដោយ រិទ្ធី