មន្រ្តីបុរាណវិទ្យា និងបុរេប្រវត្តិបើកកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់កំណត់ ដែនរក្សាការពារបុរាណដ្ឋាននៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រត្តិ នៃក្រសួងវប្បធម៌ និងវិចិត្រសិ ល្បៈ និងក្រុមការងារ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរ ដែនដីដើម្បីផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារបុរាណដ្ឋាននៅខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

ទីទួលបុរាណដ្ឋានចំនួន ១២៦កន្លែង ត្រូវបានរកឃើញក្នុងខេត្តក្រចេះ និងបានធ្វើការផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីដាក់បញ្ចូលក្នុងកិច្ចគាំពារឱ្យដល់អាជ្ញាធរដែនដីជួយថែរក្សា គ្រប់គ្រង និងធ្វើផែនទីកំណត់ទំហំដែនរក្សាការពារស្ថានីយបុរាណ និងបញ្ជូនទិន្ន័យដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញ   ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញខឿនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ ។

លោក វឿន វុទ្ធី បានបញ្ជាក់ឱ្យដឹងថា មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានបានធ្វើការផ្ទៀង ផ្ទាត់កំណត់ដែនរក្សាការពារបុរាណដ្ឋាននៅខេត្តក្រចេះ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងស្ថានីយបុរាណវិទ្យា ដែលមាននៅទូទាំងខេត្តក្រចេះឱ្យមានប្រសិទ្ធភាព ។ លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ទិសដៅការងារគ្រប់គ្រងស្ថានីយបុរាណឱ្យបានគត់មត់ ដោយប្រើនីតិវិធីពិនិត្យផ្ទៀងផ្ទាត់ និងធ្វើផែនទីកំណត់ ទំហំដែនរក្សាការពារស្ថានីយបុរាណ ដើម្បីដាក់បញ្ចូលក្នុងកិច្ចគាំពារឱ្យដល់អាជ្ញាធរដែនដី ជួយថែរក្សានិងគ្រប់គ្រង ដោយយោងលើវិសាលភាព នៃការងារត្រូវការរយៈពេលយូរ ដូច្នេះក្រុមការងារជ្រើសរើសគោលដៅជាអាទិភាព ដែលកំពុងប្រឈមខ្លាំងមកអនុវត្តន៍ ។

លោកប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រត្តិ បានបញ្ជាក់ទៀតថា សម្រាប់ទីទួលបុរាណដ្ឋាន ដែលបានរកឃើញថ្មីចំនួន ១២៦កន្លែងនៅខេតក្រចេះនោះ នឹងធ្វើការផ្ទៀងផ្ទាត់ត្រឹមត្រូវហើយចេញប្លង់កម្មសិទ្ធិកំណត់ និងថែរក្សាដីនោះ គឺប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ មិនត្រូវបានចេញប្លង់កម្មសិទ្ធិដីធ្លី( ប្លងរឹង )ឱ្យពួកគាត់ទេ ហើយត្រូវបានហាមឃាត់មិនឱ្យធ្វើសំណង់រឹង មិនឱ្យកប់សាកសពនៅលើផ្ទៃដីបុរាណដ្ឋាន មិនឱ្យជីកកកាយរកវត្ថុ បុរាណ ឬលក់ដូរឱ្យឈ្មួញទុច្ចរិតដើម្បីយកផលប្រយោជន៍ផ្សេងៗ ពីតំបន់ការពារបុរាណដ្ឋាននិងបុរេប្រវត្តិនោះឡើយ ៕

ដោយជួន សុជាតិ