រដ្ឋមន្រ្ដីក្រសួងកសិកម្មជំរុញឱ្យអគ្គនាយកដ្ឋានកៅស៊ូ ត្រូវគិតគូរស្វែងរកវិធីសាស្រ្តថ្មីៗ បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យកៅស៊ូឱ្យមានការរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់​លំដាប់​ថ្នាក់នៃអគ្គនាយកដ្ឋានកៅស៊ូ ត្រូវគិតគូរ ស្វែងរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត​ដើម្បី​អភិវឌ្ឍន៍វិស័យកៅស៊ូឱ្យមានការរីកចម្រើនសមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច សាកល​ភាវូបនីយកម្ម ការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ និងការប្រកួតប្រជែងទីផ្សារ។ នេះជាការលើក​ឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធី​បិទ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់អគ្គនាយក​ដ្ឋាន​កៅស៊ូ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានកៅស៊ូត្រូវតែបំពេញ​កាតព្វកិច្ច​របស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព គឹត្រូវខិតខំរិះរកគ្រប់មធ្យោបាយ និងវិធានការសមស្របដើម្បីចូលរួមដោះស្រាយបញ្ហា តាមរយ:ធ្វើការសហការជា​មួយអន្តរ​ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករកៅស៊ូ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បី​ឈានទៅកែលម្អបរិយាកាសវិនិយោគ និងការបញ្ចូលបច្ចេកវិទ្យាថ្មីក្នុងខ្សែចង្វាក់ផលិកម្ម រួមជា​មួយនឹងការបន្តអនុវត្តន៍អភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ជាមួយ​បណ្តា​សមាគមដាំដុះកៅស៊ូ ប្រកបដោយភាពម្ចាស់ការ និងប្រសិទ្ធផលខ្ពស់។ ក្រៅពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូដែលបានកំណត់ អគ្គនាយកដ្ឋានកៅស៊ូអនុវត្តន៍ដើម្បីធ្វើការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍វិស័យកៅស៊ូប្រកប​ដោយនិរន្តរភាព។ ឯកឧត្ដមក៏បានណែនាំដល់អគ្គនាយកដ្ឋានកៅស៊ូ ត្រូវធ្វើបច្ចុប្បន្នភាពផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាំកៅស៊ូ បន្តពង្រឹងនិងពង្រីកកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុន ប្រតិបត្តិករ ដៃគូអភិវឌ្ឍន៍ ធនាគារ និងសមាគមកៅស៊ូ និងក្រុមហ៊ុនសម្បទានដី​សេដ្ឋកិច្ចដាំ​កៅស៊ូ ជាពិសេសជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តា ផ្សព្វផ្សាយទាំងការអនុវត្តច្បាប់ និងបច្ចេកទេសឱ្យបានសមស្របតាមនិន្នាការ​នៃកំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន ពង្រឹងការងារគ្រប់គ្រង និង​អភិវឌ្ឍន៍​សមាគមកៅស៊ូគ្រួសារ បន្តកៀរគរប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូ​អភិវឌ្ឍន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឧស្សាហកម្មកៅស៊ូធម្មជាតិជាវិស័យមួយ​ដ៏​សំខាន់ក្នុងវិស័យកសិកម្ម ដែលកន្លងមកក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជ​រដ្ឋាភិបាលកម្ពុជា​ក៏បាន​ជំរុញការអភិវឌ្ឍកៅស៊ូឱ្យសម្រេចបានជោគជ័យតាមផែនការអភិវឌ្ឍន៍​ឧស្សាហកម្មកៅ​ស៊ូ​ធម្មជាតិនៅកម្ពុជាឆ្នាំ២០១១-២០២០ផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា កៅស៊ូធម្ម​ជាតិគឺជាដំណាំយុទ្ធសាស្រ្តមួយប្រភេទដែលបានផ្តល់ប្រយោជន៍ជាច្រើន ព្រមទាំងបានចូល​រួម​លើក​​កម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ បង្កើតការងារ កាត់បន្ថយ​ការ​ធ្វើចំណាកស្រុក ផ្តល់ឈើសម្រាប់ប្រើប្រាស់ជាឈើឥន្ធនៈ ចូលរួមចំណែកជួយកាត់​បន្ថយ​ការ​កាប់បំផ្លាញព្រៃឈើ ការពារការហូរច្រោះដី និងជាគម្របព្រៃឈើ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រសួងដែលមានអគ្គនាយកដ្ឋានកៅស៊ូជាសេនាការបាន​យកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង និង​មានភាពប្រកួតប្រជែង តាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ​ធម្មជាតិ​ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​២០១៩-២០២៣ និងបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិ​ឆ្ពោះទៅ​ឆ្នាំ២០៣០ ឱ្យបានជោគជ័យតាមគោលដៅគ្រោងទុក។

ឯកឧត្តម ប៊ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គ​នាយក​ដ្ឋានកៅស៊ូ បានបង្ហាញអំពីលទ្ធផលសម្រេចបាននាឆ្នាំកន្លងមក ទាក់ទងនឹងការងារ​គ្រប់គ្រង ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការរៀបចំ និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ការ​ងារ​បណ្តុះបណ្តាល ការអភិវឌ្ឍកៅស៊ូគ្រួសារ កៅស៊ូក្រុមហ៊ុន សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ទីផ្សារកៅស៊ូ ការនាំចេញ តម្លៃ ផ្ទៃដីដាំដុះ កិច្ចសហប្រតិបត្តិការ អន្តរជាតិ បញ្ហាប្រឈម ទិសដៅនិងផែនការអនុវត្តន៍បន្ត៕

ដោយ រិទ្ធី