វិនិយោគិនអាល្លឺម៉ង់ សិក្សាពីលទ្ធភាពដាំឫស្សីនៅកម្ពុជាសម្រាប់កែច្នៃនាំចេញ

AKP ភ្នំពេញ​ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ — អ្នកវិនិយោគិនមកពីប្រទេសអាល្លឺម៉ង់ បានធ្វើការសិក្សាពីលទ្ធភាពដាំឫស្សី នៅកម្ពុជា សម្រាប់កែច្នៃផលិតផល នាំចេញទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីប្រមូលផល ក្រោយការ ដាំដុះក្នុងរយៈពេល៤ឆ្នាំ ខណៈក្រុមហ៊ុននេះ មានបទពិសោធន៍ គ្រប់គ្រាន់ ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តន៍បច្ចេកវិទ្យារបស់ប្រទេសអាល្លឺម៉ង់ រួមទាំងទទួលបានការ គាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។

លោក THUREING AUNG នាយកក្រុមហ៊ុន LIPP Engineering Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលការគាំទ្រពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការបោះទុនវិនិយោគ លើការដាំដុះឫស្សីដោយប្រើពូជពីបរទេស សម្រាប់ប្រើប្រាស់លើវិស័យថាមពល និងកែច្នៃទៅជាផលិតផលសម្រាប់នាំចេញផ្សេងទៀត។

លោកបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី០៦ ខែកុម្ភៈនេះថា ក្រុម ហ៊ុនបានបម្រុងទុនប្រមាណ ៧៥០លានដុល្លារអាម៉េរិក លើគម្រោងដាំដើមឫស្សី និងបង្កើត រោងចក្រកែច្នៃនៅ កម្ពុជាក្នុងដំណាក់កាលទី១ លើផ្ទៃដីសរុបជាង២ម៉ឺន ៥ពាន់ហិកតា។

លោកបន្តថា គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះមាន តម្លៃបន្ថែមទ្វេឡើង និងអាចទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី បង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ៥ម៉ឺននាក់ ជាមួយបណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល ខណៈក្នុងគម្រោងមានការអភិវឌ្ឍអគារ ស្នាក់នៅ សាលារៀន មន្ទីរពេទ្យ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

សូមបញ្ជាក់ថា គម្រោងវិនិយោគនេះ ត្រូវបានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ និងគាំទ្រ ដោយសារថា កម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយលក្ខណ:អំណោយផលក្នុង ការដាំដុះក៏ល្អប្រសើរ ខណៈនៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលរបស់វា។ ឯកឧត្តម រដ្ឋមន្ត្រីបាន ណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយរដ្ឋបាលព្រៃឈើ  ដើម្បីជ្រើសរើស សហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នា វិនិយោគលើ ផលិតកម្មឫស្សីនេះ ដោយក្រសួងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕

ដោយ ងិន សុផល