រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើទូតកូរ៉េ បន្តជួយសម្របសម្រួល​ ដើម្បីទាក់ទាញ​អ្នកវិនិយោ​គទុ​ន​ឱ្យ​​មកកម្ពុជាច្រើន​បន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឯកឧត្តមបណ្ឌិត Park Heung-Kyeong ​​ដែលទើបត្រូវបាន​តែងតាំង​ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ នៃសា​ធារ​ណរ​ដ្ឋកូរ៉េ ប្រចាំ​ព្រះរាជា​ណា​​ចក្រកម្ពុ​ជា ​ប​ន្ត​ជួយ​សម្រ​ប​សម្រួល​ដើម្បីទាក់ទាញ​អ្នកវិ​និយោ​គ​ទុ​ន​ឱ្យមកកម្ពុជា​បាន​ច្រើន​បន្ថែមទៀត។

ការស្នើនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត Park Heung-Kyeong ចូលជួប​ស​ម្តែ​ង​កា​រគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីកា​រក្រសួង​សេ​ដ្ឋ​​កិ​ច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែង​នូ​វ​ក្តី​សោ​ម​នស្សរីករាយ និង​ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តមបណ្ឌិត Park Heung-Kyeong ដែលទើប​ទទួលបាន​ភារកិច្ច​​បំពេញបេសកកម្មការ​ទូតនៅ​កម្ពុជា និង​វាយតម្លៃ​ខ្ពស់​ចំពោះសមិទ្ធ​ផ​​ល​​​ផ្លែផ្កា​ជាច្រើននេះ ដោយកម្ពុជាមាន សុខសន្តិភាព ជាមួយនឹងស្ថិរភាពនយោបាយ និង​ស្ថិ​រ​ភា​​​​​ពនៃម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តដ៏​ម៉ឺងម៉ាត់នូវគោល​នយោបាយ​កំណែទម្រ​ង់នា​នានៃ​ព្រះ​រា​ជា​​​ណាចក្រកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយក​រដ្ឋ​មន្រ្តី ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រា​ល​ជ្រៅ​ចំ​ពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលកន្លងមក​ បានសម្រេច​ប​ង្កើន​​កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌឥណទាន​សម្បទានបន្ថែមទៀត តាមរយៈ មូលនិធិសម្រាប់​ការ​អ​ភិ​វឌ្ឍ​​សេដ្ឋកិច្ច (Economic Development Cooperation Fund-EDCF) ដោយបាន​បង្កើនកញ្ចប់​ឥ​ណទា​ន​សម្បទានក្នុងកិច្ចសម្របសម្រួល  (Framework Arrangement) សម្រាប់ឆ្នាំ ២០១៦-២០១​៨ ពីទឹកប្រាក់​ចំនួន ៣៥០ លាន​ដុល្លារ​អាម៉េរិក ទៅ ៧០០ លានដុល្លារ​អាម៉េរិក សម្រាប់ ឆ្នាំ២០១​៩-២០២៣។

​សកម្មភាពទាំងនេះ បានឆ្លូះបញ្ចាំងយ៉ាងច្បាស់ថា សាធារណរដ្ឋកូរ៉េជា​ដៃ​​​គូ​អ​ភិ​វ​ឌ្ឍ​ន៍​​​ដ៏សំខាន់ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯ​កឧ​ត្ត​ម​អ​គ្គ​ប​ណ្ឌិ​​តសភាចារ្យ ឧបនាយក​រដ្ឋ​មន្រ្តី ក៏បាន​សម្តែង​នូវការកោត​សសើរ ​និងថ្លែងអំណរគុណ ចំពោះ​លំហូរទុន និងទំហំ​នៃការ​វិនិយោគ​ឯកជន​ពីប្រទេសកូរ៉េខាងត្បូង ដែលមានចំនួន​កើតឡើង​ជា​បន្ត​បន្ទាប់ ដែលបានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច​កម្ពុជា។

ឯកឧត្តមបណ្ឌិត Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេ​ញបេស​កកម្ម​កា​រ ទូត​នៅព្រះរាជាណាចក្រកម្ពុជា និងសូមសម្តែងនូវ​ការ​កោតសរសើរដ​ល់កិ​ច្ច​ខិតខំប្រឹង​ប្រែង​រប​ស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេច​បាន​នូវសមិទ្ធផល​​ផ្លែផ្កា​ជាច្រើន​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុង​រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ជាមួ​យ​គ្នានេះ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈកិច្ចសហប្រតិបត្តិការ នានាកន្លងមក កិច្ចស​ហ​ប្រតិ​ប​ត្តិ​កា​រប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ​បានសម្រេចនូវសមិទ្ធផល ផ្លែផ្កាជាច្រើន ដូចជា កិច្ច​ព្រម ព្រៀ​ង​ស្ដី​ពី​​ការមិនយកពន្ធ​ត្រួតគ្នារវាង​ប្រទេសទាំងពីរ​ដែលទើបបានចុះហត្ថលេខាថ្មីៗ​ នៅ​អំ​​ឡុង​ពេ​ល​ដែ​ល សម្តេច​តេជោ នាយករដ្ឋមន្រ្តី ​អញ្ជើញចូល​រួម​កិច្ច​ប្រជុំ​កំពូ​លរម្លឹក​ខួ​ប​អ​នុ​ស្សា​វ​រី​យ៍​ទំនា​ក់​ទំនង​អា​ស៊ា​ន-សាធារណរដ្ឋ​កូរ៉េ និងកិច្ចប្រជុំ​កំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ នៅសា​ធា​រ​ណ​រដ្ឋ​កូ​រ៉េ​ កា​ល​ពី​ចុងខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក។

​ឯកឧត្តមបណ្ឌិត Park Heung-Kyeong ក៏បានគូសបញ្ជាក់ជូនថា ក្នុង​អា​ណ​ត្តិ​បំ​ពេ​ញ​ភា​រ​កិ​ច្ច​ការទូតនេះ ឯកឧត្តម​នឹងបន្ត​ខិតខំ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការ​លើគ្រប់វិ​ស័យអា​ទិភា​ព​រ​​ប​ស់រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​បន្ត​ការគាំទ្រ​នូវការផ្ត​ល់ហិ​រញ្ញ​ប្បទានស​ម្រាប់កិច្ចសហប្រ​តិ​ប​​​ត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុង​ក្រប​ខ័ណ្ឌ​​​​ហិរញ្ញប្ប​ទាន​​ឥតសំណង ឥណទានសម្បទាន ជំ​នួយបច្ចេកទេស និងកម្មវិធី​ចែករំលែក​ចំណេះ​ដឹង ​​ជាពិសេស ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯ​កជ​ន​នា​

នា​ឱ្យ​​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណចំពោះ​ ឯកឧត្តម​អគ្គ​ប​ណ្ឌិ​​តសភាចារ្យ ឧបនាយក​រដ្ឋ​មន្រ្តី និងស្ថាប័នពាក់ព័ន្ធ ដែល​តែង​តែ​​បានផ្តល់​នូវ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការដ៏ល្អប្រសើរ រវាង​ប្រទេសកម្ពុជា-សាធារណរដ្ឋកូរ៉េ នាពេលកន្លងមក​៕

ដោយ គង់​ សិរីរ័ត្ន