អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា ករណីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គ្រាន់តែ​ជាព្រឹត្តិការណ៍នយោបាយ និងជាចិត្តសាស្រ្តនយោបាយ​ប៉ុណ្ណោះ 

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធហៅថា EBA របស់សហភាពអឺរ៉ុបគ្រាន់តែជាព្រឹត្តិការណ៍នយោបាយ និងជាចិត្តសាស្រ្តនយោបាយ​ប៉ុណ្ណោះ ហើយបញ្ហានេះគឺរាជរដ្ឋាភិបាលត្រៀមទប់ទល់ជាកញ្ចប់រួចរាល់ហើយដែរ។ ការអះ​អាង​​របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ គឺធ្វើឡើងស្របពេលដែល​គណៈកម្មការអឺរ៉ុប​នឹងធ្វើ​ការសម្រេចចិត្តនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា​ជា​បណ្តោះអាសន្ន ឬយ៉ាងណា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាទីស្តីការគណៈរដ្ឋ​មន្រ្តី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា រាជរដ្ឋាភិបាលបានរៀបចំជាកញ្ចប់រួចរាល់ហើយ​ដើម្បីឆ្លើយតបជាមួយការដក ឬការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ។ ឯកឧត្តមបានពន្យល់ថា ការកាត់បន្ថយការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ គ្រាន់តែជា​ការ​បង្កើនឱ្យកម្ពុជា ឬអ្នកនាំចេញទំនិញពីកម្ពុជាបង្កើនការបង់ពន្ធតែប៉ុណ្ណោះ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា មិនមែនជាការបិទទីផ្សារនៅអឺរ៉ុបនោះទេ ហើយប្រព័ន្ធអនុគ្រោះពន្ធនេះ​ក៏មិន​មែន​ជាមូលដ្ឋានគ្រឹះ និងជាចំណុចសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈចំពោះការបាត់បង់ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះទៅហើយ ពីព្រោះដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ហើយទោះចង់មិនចង់​ក៏កម្ពុជានឹងបាត់រួចជាស្រេចទៅហើយនៅពេលណាមួយដោយសារតែចំណូលរបស់កម្ពុជា មានការកើនខ្ពស់។ ឯកឧត្តម ផៃ ស៊ីផាន ក៏បានបន្តថា សម្រាប់កម្ពុជាមើលឃើញថា ការបាត់​បង់​ប្រព័ន្ធអនុគ្រោះនេះបើបាត់បង់ភាគណាមួយ ឬបាត់បង់ទាំងអស់ គឺជាឱកាសសម្រាប់​កម្ពុជា​ដើម្បីបង្ហាញពីសមត្ថភាពកម្ពុជាក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ ជាក់ស្តែង មាន​ប្រទេសតែបីប៉ុណ្ណោះដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ក្នុងនោះរួមមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

សូមជម្រាបជូនថា កម្មវិធីអនុគ្រោះពន្ធលើ«ទំនិញគ្រប់មុខ លើកលែងតែគ្រឿង​សព្វាវុធ» ហៅកាត់ថា EBA នេះជាផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុប ដែលផ្ដល់ឱ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។ គោលបំណងនៃការអនុគ្រោះពន្ធនេះ គឺចង់ឱ្យ​ប្រទេស​ក្រីក្រទាំងនោះ មានឱកាសកាត់បន្ថយភាពក្រីក្រតាមរយៈការរីកលូតលាស់ ផ្នែក​សេដ្ឋកិច្ច ប្រកបដោយចីរភាព។ បច្ចុប្បន្ននេះ មានប្រទេសក្រីក្រចំនួន ៤៨ នៅទូទាំងពិភព​លោក រួមទាំងកម្ពុជាផង ដែលកំពុងទទួល​បានផលប្រយោជន៍ពីការអនុ​គ្រោះពន្ធនេះ។ ចំពោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ក្នុងចំណោម​ប្រទេសសមាជិកអាស៊ានទាំង ១០ មានប្រទេសតែបីប៉ុណ្ណោះ ដែលចាត់ទុកថា ជាប្រទេស​ក្រីក្រនោះ រួមមានកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលសុទ្ធតែទទួលបានការអនុគ្រោះពន្ធនេះ៕

ដោយ ចាន់ សុធីវង្ស