ឯកអគ្គរដ្ឋទូតគុយបា អរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ — លោកជំទាវ  លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ដែលតែងតែគាំទ្រប្រទេសគុយបាជានិច្ចក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក ជំទាវ​សន្យាថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា នឹងខិតខំ ប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យមានសភាពកាន់តែសកម្ម បន្ថែមទៀត។

នៅក្នុងជំនួបសម្តែងការគួរសម និងសវនាការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា លោកជំទាវ  លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសម្តេច ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវចូលជួប សម្តែងការគួរសមនាពេលនេះ។

លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំខួបលើកទី៦០ នៃទំនាក់ ទំនងការទូតប្រទេ​សទាំងពីរ។ ខួបលើកទី៦០នៃទំនាក់ទំនងនេះលោកជំទាវថា នឹងរៀបចំ សកម្មភាពសំខាន់ៗ ឱ្យបានច្រើន ដើម្បីអបអរសាទរឱ្យបានអធិកអធម្ម។ ជាមួយនេះលោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីជំនួបរវាងលោកជំទាវជាមួយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពី កម្មវិធីនិងសកម្មភាពសំខាន់ៗមួយចំនួន ដើ​ម្បី​​ប្រារព្ធខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការ ទូតរវាងប្រទេសទាំងពីរផងដែរ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានសម្តែងការ អបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវ លីយ៉ូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការ ទូតរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចស​ហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរដែលមានតាំងពីយូរលង់ណាស់ មកហើយឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងថា ប្រទេសទាំងពីរ កម្ពុជា និងគុយបា បានបង្កើតទំនាក់ ទំនងការទូតតាំងពីឆ្នាំ១៩៦០​ ដោយស្នាប្រហស្តព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំគុយបាជំនាន់មុន។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ស្តែងឡើងតាមរយៈនៃការផ្លា​ស់​ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ប្រទេ​ស​​ទាំងពីរ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធ​សភា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលគុយបា ដែលតែងតែ បានជួយឧបត្ថម្ភគាំទ្រ និងផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ តាំងពី សម័យតស៊ូរំដោះជាតិរហូតមកដល់ពេលបច្ចុប្ប​ន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះប្រទេសគុយបាផងដែរអំពី ការផ្តល់ជំនួយខាងវិស័យសុខាភិបាល កសិកម្ម អប់រំ ក៏ដូចជាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅ​ប្រទេសគុយបា និងការគាំទ្រប្រទេសកម្ពុជា ជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃអង្គការសហប្រជាជាតិ (ECOSOC) ហើយប្រទេសកម្ពុជា ក៏បានគាំទ្រប្រទេសគុយបាជា សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។ អ្វីដែលលោកជំទាវឯកអគ្គរដ្ឋទូតបានលើកហើយថា ឆ្នាំនេះគឺជាខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទំាងពីរ បានឯកភាពគ្នាធ្វើសកម្ម​ភា​ព​មួយចំនួន ដើម្បីអបអរសាទរខួបជាប្រវត្តិសាស្រ្តនេះ។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធ​សភា បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រ ទាំងស្រុងនូវគ្រប់សកម្មភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នានេះ៕

ដោយ ប៉ាល់ សុង