ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ 

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៨ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រចាំខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

កិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀបវារ:ចំនួន៨ ក្នុងនោះ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ, ២-ពិនិត្យកូរ៉ុម , ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត, ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត, ៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០), ៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០, ៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈកម្មការរៀបចំគម្រោងរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២០, ៨- ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី -គណៈកម្មាធិការលទ្ធកម្ម -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត -គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត -ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ និង បញ្ហាផ្សេងៗ ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ វាយតម្លៃ នៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សមត្ថកិច្ចធ្វើប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងការអនុវត្តបានល្អ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលគ្រប់មន្ទីរ អង្គភាព ស្ថាប័នមួយចំនួនពុំទាន់អនុវត្តន៍តាមតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តនាពេលបច្ចុប្បន្ន ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបន្តថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងមក ខេត្តព្រះសីហនុទទួលបានកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។ ដូច្នេះយើងត្រូវបន្តពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ៕

ដោយ ងូ សុមុនី