វីរុសកូរូណាបង្កការប៉ះពាល់ដល់សេវានាវាកម្សាន្ត, ក្រុមហ៊ុនផលិតរថយន្តនិង ក្រុមហ៊ុនអាកាសចរណ៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.០២.២០)

បរទេស៖ កាលពីថ្ងៃពុធនេះអ្នកដំណើរនិងនាវិករាប់ពាន់នាក់នៅលើនាវាទេសចរណ៍ពីរក្នុងដែនទឹកអាស៊ីត្រូវបានគេដាក់ឲ្យនៅដោយឡែក   ដើម្បីស្រាវជ្រាវរកមើលវីរុសកូរូណា ខណៈក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនផលិតរថយន្តនិងជើងហោះហើរផ្សេងទៀតទទូលការខាតបង់ជាច្រើនបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺនេះ  ។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាអ្នកជំនាញរាប់រយនាក់នឹងប្រមូលផ្តុំគ្នានៅទីក្រុងហ្សឺណែវក្នុងសប្តាហ៍ក្រោយពីថ្ងៃទី ១១ដល់១២ ខែកុម្ភៈក្នុងគោលបំណងដើម្បីស្វែងរកវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនេះដោយបង្កើនការស្រាវជ្រាវរកថ្នាំព្យាបាលនិងវ៉ាក់សាំង។ អង្គការនេះបានបន្ថែមទៀតថាក្រុមអ្នកជំនាញដែលដឹកនាំដោយអង្គការសុខភាពពិភពលោកនឹងទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗនេះ ។

សូមបញ្ជាក់ផងដែរថាគ្មានការព្យាបាលដែលមានប្រសិទ្ធិភាពណាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនោះទេ   ហើយអង្គការសុខភាពពិភពលោក បានច្រានចោលរបាយការណ៍ផ្សេងៗ​ដែលនិយាយថា  មានការ​រកឃើញហើយនូវឱសថដែលថាអាចព្យាបាលបាន ។