កិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស

AKP ពោធិ៍សាត់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៉ែន បញ្ញាប្រធានគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាព និងការអនុវត្ត នូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាការឈ្វេងយល់ពីការអនុវត្តច្បាប់ ការលំបាក ឬបញ្ហាប្រឈម ដែលអាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានជួបប្រទះនាពេលកន្លងមក

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់កាលពីថ្ងៃពុធ ១២កើត ខែមាឃឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានការទទួលស្វាគមន៍ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ម៉ៅ សាន សមា   ជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សា, អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជាច្រើននាក់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់  បានរាយការណ៍ពីលទ្ធផល នៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើង ពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ និងពិនិត្យ ពិភាក្សា និងឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួន ដែលអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាទាំង ឡាយដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ។

ឯកឧត្តមអភិបាលបានបន្តថា រាល់បញ្ហាដីធ្លីត្រូវបានដោះស្រាយ ជំរុញដំណើរការបង្កើតសហគមន៍សិប្បកម្មកែច្នៃរូបចម្លាក់ផ្សេងៗ ដើម្បីផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនទើបគ្រប់អាយុ ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ សំដៅលើកស្ទួយក្នុងការប្រើប្រាស់បំពេញការងារផ្សេង។ ការជំរុញពិនិត្យ និងដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹងការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃតាមតំបន់អភិរក្សជាដើម។

ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៉ែន បញ្ញា  បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលកើតមានឡើងនៅតាមមូលដ្ឋានក្រុង-ស្រុក ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋានមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន។

ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ធ្វើយ៉ាងណាសម្រេចលទ្ធផលឱ្យមានប្រសិទ្ធភាព៕

ដោយ បៃ ស៊ីថុ