ប្រធានាធិបតីចិន អរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែនដែលជួយប្រទេសចិនក្នុងគ្រាលំបាក

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងនូវ​កា​រ​អរ​គុណ​ចំពោះទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដីនៃព្រះ​រាជា​ណា​ចក្រកម្ពុជា ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំង​ចំ​ពោះ​ប្រទេសចិនក្នុងគ្រាលំបាក ពិសេសដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយក​រដ្ឋម​ន្ត្រី​ គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់​ចំពោះ​ប្រទេសចិន មិនតែប៉ុណ្ណោះសម្តេចតេជោ និងរាជរដ្ឋាភិ​បា​ល​កម្ពុជា បន្តគាំទ្រ​និងជឿទុកចិត្តប្រទេសចិន។

នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅគឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប​ន្ទា​ប់​ពីជំនួបពិភាក្សា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​ព្រះ​រាជា​​ណាចក្រ និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នា​រសៀ​​​ល​​ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត​ចិន ក្នុង​ខណៈដែលសម្ដេចតេជោ​ដឹ​ក​នាំ​​​គណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅទីនោះ។

ឯកឧត្ដមប្រធានាធិបតីចិនមា​នប្រ​សា​ស​​ន៍ថា ​ ឯកឧត្ដម​ពិតជារីករាយក្នុងការជួប​សម្តេច​ជាថ្មីម្តងទៀតនៅទីក្រុងប៉េកាំង។ ឯកឧត្ដម​បន្ត​ថា ប្រជាពលរដ្ឋចិនក៏ដូចជារដ្ឋាភិ​បាល​ចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺ​ផ្លូវ​ដ​ង្ហើ​​ម​បង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយ​ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកំពុង​រស់​​នៅក្នុង​ប្រទេសចិន រដ្ឋាភិបាលចិន​កំពុងយកចិត្តទុកដាក់។ ឯកឧត្ដមប្រធានាធិបតីបាន​គូ​ស​​បញ្ជាក់ថា សម្តេចតេជោនាយករដ្ឋ​មន្ត្រីបានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជាបា​ន​ចូល​រួម ក្នុងការរួមសុខ រួមទុក្ខជា​មួយប្រទេសចិន ហើយឯកឧត្ដម​ពិតជាអរគុណចំពោះទឹកចិត្តរបស់​កម្ពុ​ជា​។ ឯកឧត្ដមបាន​​បញ្ជាក់ទៀតថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់​ផ្តើម​​ក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់​​ទំនា​ក់ទំនងរវាង​ប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រី  បានឆ្លើយតបថា សម្តេចពិតជាអរគុណឯកឧត្ដមប្រធានា​ធិ​ប​តី ដែ​​លបានទទួលសម្តេចក្នុងពេលវេលាដ៏ខ្លី ហើយសម្តេចបានគូសបញ្ជាក់ថា គោលបំ​ណ​ង​​នៃការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនមាន៣ចំណុច គឺ ទី១. បង្ហាញនូវសាមគ្គី​ភាព​ជា​​មួយ​រដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ។ ទី២. ដើម្បី​​ពង្រឹងនូវស្មា​រ​តី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជារស់នៅ និងសិក្សានៅ​ប្រទេសចិន ឱ្យ​បន្ត​ស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន។ និងទី៣. បញ្ជូន​សារទៅប្រជាពល​រដ្ឋ​​កម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺ​ជំ​ងឺ​ភ័​​​យខ្លាច ហើយមកដល់ពេលនេះ​មិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់​​កើតជំងឺនេះទេ។ សម្តេចតេ​ជោ​បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើ​សង្គ្រាម​ចិត្តសាស្ត្រធ្វើ​ឱ្យមានការភ័យ​ខ្លា​​ចដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ទៀតថា មុននេះ​សម្តេ​ច​​បាន​ចាប់ដៃឯកឧត្ដម លី ខឺឈាង បើទោះបីឯកឧត្ដម​ទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។ សម្តេច​តេជោ គូសបញ្ជាក់ថា សម្តេចមិន​ពាក់​ម៉ាស់ទេ បើពាក់ម៉ាស់មិនបាច់មកទស្សនកិច្ច​​នៅ​ប្រ​ទេសចិនទេ ទោះបីមិត្តចិនបានត្រៀមម៉ាស់​សម្រា​ប់​សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បាន​ចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយ​ជាមួយប្រជា​​ពល​រដ្ឋ​រង​គ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។ សម្តេចតេជោបន្ថែម​ថា​ សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែល​បានធ្វើនាពេលកន្លងមកនេះ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីឆ្នាំទៅ​ប្រទេស​ទាំងពីរ​បានចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀ​ង​យោ​បាយជោគវាសនារួមគ្នា។ សម្តេចតេជោបានបន្ថែមទៀ​ថា មិនមាននរណាអាចបំបែក​បំ​​​​បាក់​មិត្តភាព​រវាងចិន និង​កម្ពុជា​ឡើយ ហើយវត្តមាន​រប​ស់​ស​ម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាព​ជាមួយ​ប្រទេសចិន ហើយរួមសុខ​រួម​ទុក្ខជាមួយប្រជាជនចិន។ សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ទៅឯកឧត្ដម​ប្រធានា​ធិ​ប​តី​ចិនថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយ​ចុះបន្តិច ដោយសារការប្រែ​​ប្រួលនៃសភាពការណ៍នានាលើពិភពលោក។ សម្តេចតេជោ បាន​ស្នើរដ្ឋាភិបាលចិន បន្តគាំទ្រ​ដល់​ការវិនិយោគនៅកម្ពុជា ជាពិសេសរោងចក្ររបស់ចិន​នៅ​​កម្ពុជា ឱ្យបន្តដំណើរការ ដោយ​កម្ពុ​ជានឹងកែលម្អបរិយាកាសនានា ដើម្បីធានាដល់ដំណើរ​ការរោងចក្រទាំងនេះ។ សម្តេចតេ​ជោ​បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យ​មានការទាក់ទាញ​អ្នកវិនិយោគមកកាន់​កម្ពុ​ជា​​បន្ថែម​ទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឯកឧត្ដមប្រធានាធិបតីចិន ពង្រីក​ទីផ្សារ​ស​ម្រាប់ផលិតផលកម្ពុជានៅក្នុង​ប្រទេស​ចិន ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និង ស្នើ​ឱ្យប​ង្កើន​ល្បឿ​នចរចាទៅលើការធ្វើពាណិជ្ជ​កម្មសេរីរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចិន តែងចាត់ទុក​កម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ។ ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេស​ទា​ក់​ទង​ការវិនិយោគ និងពាណិជ្ជ​កម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿន​យ៉ា​ង​ល្អ។ ជាមួយគ្នានេះ នៅខែមីនា ខាងមុខនេះ សម្តេចតេជោនឹងសម្ពោធផ្លូ​វ​ដែ​ល​មានប្រវែងជាង ៣០០គីឡូម៉ែត្រ ដែលជាផ្លូវ​កសាងឡើងក្រោមកម្ចីរបស់ចិន។ ពាក់ព័ន្ធ​​កិច្ច​សហប្រតិបត្តិការលើវិស័យច្បាប់វិញ សម្តេច​បានគូសបញ្ជាក់ដែរថា កន្លងមកនេះ គឺកម្ពុជា​​បានបិទជាស្ថាពរនូវល្បែងភ្នាល់តាមអនឡាញ ក្នុងគោលដៅពង្រឹងសន្តិសុខ លុបបំបាត់​ឧ​ក្រិ​​ដ្ឋកម្ម​មួយចំនួននៅកម្ពុជា ហើយក៏អាចជួយដល់​ប្រទេសចិនផងដែរ។ ជាថ្មីម្តងទៀតសម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ឯកឧត្ដមប្រធានាធិបតីចិន និងប្រជាពលរដ្ឋចិន ដែល​តែ​ង​តែគាំទ្រប្រទេសកម្ពុជា។ ទន្ទឹមនេះ កម្ពុជា គឺជាមិត្តដ៏ស្មោះត្រង់​របស់​​ប្រជាជនចិន ហើយនឹងបន្តជោគវាសនាតែមួយជាមួយគ្នា។

ឯកឧត្ដមប្រធានាធិបតីចិន បានឆ្លើយតបថា ឯកឧត្ដម​ថ្លែងអំណរគុណសម្តេចតេ​ជោនា​យ​​ករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេ​ជោ​​នាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។ ឯកឧត្ដមប្រធានាធិបតីបានលើកឡើងថា ក្នុង​ប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំនេះ ពលរដ្ឋចិនតែងតែជួបនូវឧបសគ្គជាច្រើន ហើយចុងក្រោយ​នេះ​ពលរដ្ឋចិនមានភាពក្លាហានប្រឈមមុខជាមួយគ្រោះថ្នាក់ ដែលមិនអាចចៀសវាងបាន តែក៏អាចដោះស្រាយបញ្ហានោះបាន។ ឯកឧត្ដមបន្តថា  ក្រោយពេលមេរោគបានផ្ទុះឡើង គ​ណ​​បក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំ ហើយក៏បានដាក់ចេញចំណាត់ការខ្ពស់ និងហ្មត់ចត់​បំ​ផុត​លើបញ្ហានេះ និងបានឯកភាពគ្នាដាក់ផលប្រយោជន៍ប្រជាជនចិន ជាអាទិភាពខ្ពស់។ ឯក​ឧត្ដម​ប្រធានាធិបតី បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និង​ច្បាស់​លា​ស់ទេ ជំងឺនេះអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។ ឯកឧត្ដមប្រធានាធិបតី​បន្តថា កន្ល​ង​​មកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ធ្វើការប្រយុទ្ធប្រឆាំង​ជា​មួយ​ជំងឺ​នេះ​ ហើយរដ្ឋាភិបាលចិន បានទទួលការគាំទ្រ និង​អ​ប​​អរសាទរពីអង្គការ​សុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ​។ ឯកឧត្ដម បានឱ្យ​ដឹងថា ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅ​ខេ​ត្ត​ហូប៉ី មានប្រជា​ពល​រដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។ ដោយសារតែមានចំណាត់​ការ​ច្បា​ស់លាស់និងមាន​ប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ។ ឯកឧត្ដ​ម​ប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា ការភ័យខ្លាច គឺជាបញ្ហាដ៏ធំ តាមពិតអត្រាឆ្លងជំងឺ​នេះ​ មានកម្រិត​ទាប​បំផុត ធៀបជាមួយជំងឺផ្សេងៗទៀត។ ឯកឧត្ដមប្រធានាធិបតី បានលើក​ឡើ​​ងថា តាមការ​ស្រាវជ្រាវជំងឺនេះ អាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួន​បានព្យាបាល​​ឱ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។ ឯកឧត្ដម ប្រធា​នា​ធិបតី បានគូសបញ្ជាក់ដែរថា មាននិស្សិតកម្ពុជាកំពុងនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន នឹង​យកចិត្តទុកដាក់លើពលរដ្ឋ និងនិស្សិតកម្ពុជា ដូចជាប្រជាពលរដ្ឋ និងកូនចៅ​របស់ប្រជា​ព​ល​​រដ្ឋចិន។ ឯកឧត្ដមប្រធានាធិបតី បានឱ្យដឹងទៀតថា កម្ពុជា ជាមិត្តស្មោះត្រង់របស់ចិន ហើយឯកឧត្ដម  បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះ​បា​ទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ​ខ្មែរ ន​រោ​ត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខ​លំបាកជាមួយរដ្ឋាភិបាល​​ចិន។ ឯកឧត្ដមប្រធានាធិបតី ក៏បានអរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតា​​ជាតិខ្មែរ ដែលបានសព្វព្រះរាជហឫទ័យ ឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយ​ដល់​​​ការលំបាករបស់ចិន។ ឯកឧត្ដមប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែ​ន​ អាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ពេលណាក៏បាន ហើយ​ឯកឧត្ដម​ប្រធា​នា​ធិបតី អាចជួបសម្តេចតេជោច្រើនដង និងញឹកញាប់ ដើម្បីពង្រឹងកិច្ចសហ​ប្រតិបត្តិការ​​រវា​ង​ប្រទេសទាំងពីរ។ ឯកឧត្ដមក៏បានលើកឡើងថា ឯកឧត្ដម​គាំទ្រចំពោះកិច្ច​ចរចា​ពាណិជ្ជកម្ម​សេ​​រី​រ​វាង​ប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារ​ ឈានទៅការចុះ​​ហត្ថ​លេខាឱ្យបានឆាប់បំផុត។ ជាមួយគ្នានេះ ចិននឹងផ្តល់ជំនួយ​សម្រាប់​កម្ពុជា និងខេត្តព្រះសីហនុ ទៅតា​ម​ត​ម្រូ​វការនៃភាពចាំបាច់របស់កម្ពុជា។ ឯកឧត្ដមប្រធានា​ធិបតីបានលើកឡើងថា រដ្ឋាភិបាល​ចិ​ន​​នឹង​​លើកទឹកចិត្តឱ្យអ្នកវិនិយោគចិន​មកបណ្តាក់ទុននៅ​កម្ពុជា និងនាំចូលផលិតផលពី​កម្ពុ​ជា​ចូល​ប្រ​ទេសចិន៕

ដោយ ជឹម ណារី