ឯកឧត្តម ឥត​ សារ៉ាត់​ ចូលរួមក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ ​ហ្វឹក​ហ្វឺ​ន​ក​ងយោធពល​ខេមរ​ភូមិន្ទ​ ឆ្នាំ​២០១៩​ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ​២០២០​ 

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការ ចម្រុះ នៃកងយោធ​ពល​ខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូល រួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺន ឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ  នៅអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមប្រភពពីក្រសួងការពារជាតិ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ សុភក្ត្រា នាយរងសេនា​ធិការ​ចម្រុះ ​និង​ជា​នាយក​ទីចាត់ការហ្វឹកហ្វឺន​អគ្គបញ្ជាការ​ បានថ្លែងថា កិច្ចប្រជុំនេះ គឺ​ដើម្បីវាយតម្លៃអំពីចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ នៃការអនុវត្តការងារ​ហ្វឹក​ហ្វឺន​នា​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ ​និង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ដក​ពិសោធន៍ ​កែ​លម្អ​ចំណុច​ខ្វះ​ខាត​ បញ្ហា​ប្រឈម​នានា ​ដែល​មាន​ព្រម​ទាំងដាក់ចេញនូវទិសដៅភារកិច្ច​ឱ្យ​កាន់តែសុក្រឹត សម្រាប់ពេលខាងមុខ ស្របពេលដែល កងយោធពលខេមរភូមិន្ទបានបន្តភារកិច្ចដោយ​ម៉ឺងម៉ាត់ ក្នុងការការពារខឿនឯករាជ្យជាតិ យ៉ាងរឹងមាំ រក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម រួមចំណែក យ៉ាងសកម្មជា មួយរាជរដ្ឋាភិបាលក្នុងការកសាងជាតិ និងលើកកិត្យានុភាពរបស់ កម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តម ចាន់ សុភក្ត្រា បានបន្តថា ឆ្នាំ២០១៩កន្លងមកនេះ ទីចាត់ការហ្វឹកហ្វឺនកង យោធពលខេមរភូមិន្ទ បានរួមសហការជាមួយ គ្រប់បណ្តាកងឯកភាពកងទ័ពទាំងបីប្រភេទ និងស្ថាបន្តទ័ពជំនាញ បណ្តាសាលាហ្វឹកហ្វឺនកងទ័ព ក្នុងការពង្រឹងពង្រីកការងារហ្វឹកហ្វឺននៅ គ្រប់ជំនាញឱ្យដល់នាយ ពលទាហាន គ្រប់កងឯកភាពចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ ក្រោម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់​ក្នុងការបំពេញភារកិច្ចការពារជាតិ នឹងធ្វើជាកម្លាំងស្នូល ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។

ឯកឧត្តម ឥត សារ៉ាត់ បានមានប្រសាសន៍ថា នាយទាហាន នាយទាហានរង និងពលទាហាន​ទាំ​ងអស់ នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការដឹងគុណ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងអបអរសាទរយ៉ាងក្លៀវក្លា ចំពោះសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ​ឱ្យមានសន្តិភាព និងអភិវឌ្ឍន៍។

នាឱកាសនោះ ឯកឧត្តម ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំទីចាត់ការហ្វឹកហ្វឺន នាយទាហាន នាយទាហានរង និងពលទាហានទាំង អស់​ទូទាំងកងយោធពលខេមរភូមិន្ទ ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំប្រឹង ប្រែងសម្រេចបានរាល់នូវភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។

ឯកឧត្តមបានបញ្ជាក់ថា យើងទាំងអស់គ្នា ជាកងយោធពលខេមរភូមិន្ទ មានភារកិច្ច ដ៏ថ្លៃថ្លាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងប្រឆាំងដាច់ខាតពួកអមិត្តទាំងឡាយ ដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ ឯកឧត្តម ឥត សារ៉ាត់ ក៏បានស្នើសុំឱ្យសមាជិកសមាជិកា ចូលរួមពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងារហ្វឹកហ្វឺនឆ្នាំ២០១៩ ឱ្យបានលម្អិត ដើម្បីទទួលបាននៅចំណុចខ្លាំង និងបទពិសោធន៍ល្អៗសម្រាប់ដាក់ចេញនូវទិសដៅ និងផែនការហ្វឹកហ្វឺនបន្តសម្រាប់ឆ្នាំ២០២០ ឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសត្រូវផ្តោត ការយកចិត្តទុកដាក់ធ្វើការសន្និដ្ឋានអំពីសភាពការណ៍ទូទៅ ក្នុងកង យោធពលខេមរភូមិន្ទ ក្នុងបរិការណ៍នៃការប្រែប្រួលសភាពការណ៍នៅក្នុងតំបន់ និងពិភពលោកនាឆ្នាំ២០២០នេះ ឱ្យបានពិស្ដារ ដើម្បីរិះរកនៅចំណុចល្អៗ និងបទពិសោធន៍ទាំងឡាយក្នុងការ បន្តអនុវត្តន៍ ការងារក្នុងឆ្នាំ២០២០ នេះឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យសម្រាប់ ប្រទេសជាតិ និងប្រជាជនយើង។

ឯកឧត្តមបានជំរុញឱ្យដល់បណ្តាអង្គភាពកងទ័ពទាំងបីប្រភេទ ពិសេសបណ្តាសាលា ហ្វឹកហ្វឺន វិទ្យាស្ថាន និងគ្រឹះស្ថាន ក្នុងកងទ័ពទាំងអស់ត្រូវពង្រឹងឱ្យកាន់ តែមានប្រសិទ្ធ ភាពលើការងារហ្វឹកហ្វឺនឱ្យកាន់តែមានគុណភាព ទាំងចំណេះដឹង ចំណេះធ្វើ ដើម្បីរួម ចំណែកជួយដល់រាជរដ្ឋាភិ បាលក្នុងការពង្រឹងខឿនការពារជាតិ របស់កម្ពុជាឱ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ​មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពទាំងបីប្រភេទ មេបញ្ជាការ មេបញ្ជាការរង គ្រប់យោធភូមិភាគ កងពលតូច កងពលធំ ព្រមទាំងនាយទាហាន បណ្តាល​ស្ថាប័នទ័ព ជំនាញ ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការផងដែរ៕

ដោយ សាយ សុន (រូបថត៖ ក្រសួងការពារជាតិ)