រដ្ឋមន្រ្ដីក្រសួងកសិកម្ម៖ រដ្ឋបាលព្រៃឈើ ត្រូវរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទន្រ្ទាន​យកដី​កាន់កាប់​ខុសច្បាប់ និងការធ្វើអាជីវកម្មឈើ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យរដ្ឋបាលព្រៃឈើ ត្រូវខិតខំប្រឹង​ប្រែង​រួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ទន្រ្ទានយកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវ​កម្ម​​ឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ ដើម្បី​គ្រប់គ្រងធនធានធម្មជាតិឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព។ នេះជាការលើកឡើងរបស់​ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសការអញ្ជើញ​ចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ កាលពីព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងកសិកម្ម។ នេះបើយោងតាមក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម វេង សាខុន បានលើកឡើងពីសារ:ប្រយោជន៍នៃធនធានព្រៃឈើដែល​ជាប្រភព​ធនធានធម្មជាតិដ៏មានតម្លៃ ហើយបាននិងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ជាប្រព័ន្ធ​ការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រកនិងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។ល។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធាន​ធម្មជាតិ​ទាំង​អស់នេះឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព ត្រូវខិតខំប្រឹងប្រែងរួបរួមគ្នាទប់​ស្កាត់ការកាប់បំផ្លាញព្រៃឈើទន្រ្ទានយកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វ​ព្រៃ​ខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ ភាពឆកល្វែងនៃការ​អនុវត្ត​ច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ឯកឧត្ដមបានលើកឡើងថា នេះគឺជាកម្មវត្ថុដ៏សំខាន់ដែលយើងត្រូវលើកកម្ពស់ស្មារតីទទួល ខុសត្រូវអនុវត្តន៍​ឱ្យបានខ្ជាប់​ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដោយឡែក ការយកចិត្តទុកដាក់ការស្តារ​ព្រៃ​ឈើឡើងវិញតាមគ្រប់រូបភាពគឺជាឆន្ទ:ដ៏ចម្បងរបស់រដ្ឋបាលព្រៃឈើដើម្បីធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍គម្របព្រៃឈើបៃតងដោយនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ឈើ​ក្នុង​ស្រុកដែលចេះតែកើនឡើងជាលំដាប់ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជា​សហ​គមន៍ព្រៃឈើ និងកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំដល់រដ្ឋបាលព្រៃឈើ ត្រូវបង្កើនការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវខ្ពស់លើការបំពេញតួនាទី និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបាន​ជោគជ័យថ្មីៗបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរម្លឹកឱ្យថ្នាកដឹកនាំ និងមន្រ្តីក្រោម​ឱវាទរដ្ឋបាលព្រៃឈើត្រូវពិនិត្យឡើងវិញលើចំណុចសំខាន់ៗដែលបានផ្តល់ជូនកាលពីឆ្នាំ២០១៩ រួមទាំងអនុសាសន៍មួយចំនួនទៀតសម្រាប់ឆ្នាំនេះ ដើម្បីយកទៅទុកជា​មូលដ្ឋានគ្រឹះ ត្រី​វិស័យ​បង្ហាញផ្លូវ និងជាយន្តការ ឬយុទ្ធសាស្រ្តក្នុងការអនុវត្តការងារ និងដោះ​ស្រាយបញ្ហា​ឱ្យទទួលបានជោគជ័យបន្ថែមទៀតសម្រាប់ឆ្នាំ២០២០៕

ដោយ ឡុង ស៊ីវ៉ាន់